ប្រទេសកាណាដាហាមឃាត់ការនាំចូលអាលុយមីញ៉ូម និងដែកពីរុស្ស៊ី
ប្រទេសកាណាដា បានហាមឃាត់ការនាំចូលផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់រុស្ស៊ីទាំងអស់ នៅក្នុងបំណង់ចង់កាត់ផ្តាច់ចំណូលរុស្ស៊ីដាក់ទណ្ឌកម្មរឿងឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Chrystia Freeland កាលពីថ្ងៃសុក្រទី ១០ ខែមីនាសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា “អ៊ុយក្រែនអាច និងត្រូវតែឈ្នះសង្រ្គាមនេះ។ យើងបន្តធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីកាត់ផ្តាច់ ឬកំណត់ប្រាក់ចំណូលដែលប្រើសម្រាប់ផ្តល់មូលនិធិដល់ការឈ្លានពានអ៊ុយក្រែនដោយខុសច្បាប់ និងព្រៃផ្សៃរបស់ពូទីន” ។ ការហាមប្រាមនេះគ្របដណ្តប់ទាំងផលិតផលសម្រេច និងមិនទាន់សម្រេចរបស់រុស្ស៊ី ហើយនឹងប៉ះពាល់ដល់ការនាំចូលផលិតផលដូចជា បន្ទះអាលុយមីញ៉ូម ប្រអប់អាលុយមីញ៉ូម ព្រមទាំងដែកមូលបំពង់។
ប្រទេសកាណាដា រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់លោកខាងលិច បានចាត់វិធានការសម្របសម្រួលប្រឆាំងនឹងរុស្ស៊ីជុំវិញការឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងមក ទីក្រុង Ottawa បានធ្វើការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ១៦០០ ជុំវិញការលុកលុយនេះ ហើយបានគាំទ្រដល់ទីក្រុង Kyiv ជាមួយនឹងទឹកប្រាក់ជាង ៥ពាន់លានដុល្លារកាណដា ស្មើនឹង(៣.៦ពាន់លានដុល្លារ) ក្នុងផ្នែកហិរញ្ញវត្ថុ យោធា និងជំនួយផ្សេងទៀត។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសកាណាដាបាននាំចូលអាលុយមីញ៉ូមចំនួន ៤៥លានដុល្លារកាណដា និងផលិតផលដែកចំនួន ២១៣ លានដុល្លារកាណាដាដែលស្មើនឹងជាង ១៥៣លានដុល្លារអាមេរិកពីប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២១៕