Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងពាណិជ្ជកម្មជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ នៅខេត្តក្រចេះ

Media LNN | Mar 15, 2023
ក្រសួងពាណិជ្ជកម្មជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ នៅខេត្តក្រចេះ
Clinic narith

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតី​ក្នុង​ពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥នៅខេត្តក្រចេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មគឺជា​លេខាធិការដ្ឋាន នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តគោលនយោបាយ​ជាតិ​ស្តីពីដំឡូងមី ២០២០-២០២៥។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ​យន្តការអនុវត្តប្រកបដោយភាពប្រទាក់ក្រឡា និងកិច្ចសហការស៊ីជម្រៅជាកត្តាដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ដោយឆ្លុះបញ្ចាំងតាមរយៈការកំណត់នូវក្របខណ្ឌស្ថាប័នដែលបានកំណត់ក្នុងគោលនយោបាយនេះ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនដែរថា ក្នុងពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំចូលរួមចរចា និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដែលបានចូលជាធរមានក្នុងឆ្នាំ២០២២ រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ក្នុងរយៈពេល ១០ខែ ចុងក្រោយក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជានាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ថៃ និងវៀតណាម។ តម្លៃដំឡូងមីក្នុងដើមឆ្នាំ២០២៣៖ ដំឡូងមីស្រស់ ចន្លោះពី ៣០០-៥០០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៨០០-៩០០ រៀល/គីឡូ។ តម្លៃនេះមានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ។

ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ក៏បានជម្រាបជូនផងដែរពីលទ្ធផលការងាររបស់ខេត្តដែលបានអនុវត្តកន្លងមកលើកិច្ចការងារអនុវត្តគោលនយោបាយនេះ រួមមាន ១)ការចុះចងក្រងក្រុមផលិតដំឡូងមីបានចំនួន ៤០ក្រុម មានសមាជិក ២.៥២២គ្រួសារ ដើម្បីរួមសហការអនុវត្តខ្សែច្រវាក់ផលិតកម្មដំឡូងមី ឲ្យមានភាពល្អប្រសើរឡើង ២)បានផ្សព្វផ្សាយបច្ចេកទេសពីការទុកដាក់ពូជ ការប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ និងកាចុះត្រួតពិនិត្យកត្តាចង្រៃលើដំណាំពូជដំឡូងមីតាមរដូវ ៣) បើកវគ្គផ្សព្វផ្សាយបច្ចេកទេសដំណាំដំឡូងមីបានចំនួន១៤វគ្គ និងបានសម្របសម្រួលចុះកិច្ចសន្យាទិញលក់ដំឡូងមី រវាងក្រុមកសិករផលិត និងឈ្មួញប្រមូលទិញបានចំនួន៣៤កិច្ចសន្យា៕