បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយកាលពីថ្ងៃទី ១៤ ខែមិនា ឆ្នាំ ២០២៣ បានបង្ហាញអោយដឹងថា នៅរយៈពេល២ខែ ដើមឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករ ជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន២,១៨៣.៨៩ ប៊ីលានរៀល (ប្រមាណជា ៥៣៩.២៣ លានដុល្លារ) ស្មើនឹងជាង១៥% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។
នៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ
ឯកឧត្តម គង់ វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា លើសពីនេះ សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤.៧៩%, អាករលើតម្លៃបន្ថែម ៨.៩៣%, និងពន្ធលើប្រាក់បៀវត្ស ១១.០១%។
ឯកឧត្តម គង់ វិបុល បានឲ្យដឹងថា លើសពីនេះ សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤.៧៩%, អាករលើតម្លៃបន្ថែម ៨.៩៣%, និងពន្ធលើប្រាក់បៀវត្ស ១១.០១%។
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦៦.៣២ ប៊ីលានរៀល (ប្រមាណជា ២៣៨.៦០លានដុល្លារ) ស្មើនឹង៦.៦៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ៥៩.២៩ ប៊ីលានរៀល (ប្រមាណជា១៤.៦៤លានដុល្លារ) ស្មើនឹង៦.៥៤%។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ទទួលបានជាង១៤លានដុល្លារ សម្រាប់រយៈពេល២ខែដំបូងឆ្នាំនេះ។ ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២២មក។
គិតចាប់ពីខែមេសា ឆ្នាំ២០២២ មកដល់ត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រាក់ពន្ធដែលប្រមូលបានពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានប្រមាណ ៥៣លានដុល្លារ។ក្រុមហ៊ុនក្នុង វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សរុបចំនួន៦៩ បានមកចុះបញ្ជីនិង បំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងនោះក៏រួមមានផងដែរនូវក្រុមហ៊ុនអន្តរជាតិធំៗ ជាអាទិ៍ ក្រុមហ៊ុន Microsoft, Google, Facebook (Meta), Apple, Netflix, Amazon, និង Tik Tok៕
ដោយ សុខ សិទ្ធិការ្យ