ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងវៀតណាមនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានសកម្មភាពផុសផុលកាន់តែខ្លាំងឡើងៗ។ តួយ៉ាង មានតំណាងក្រុមហ៊ុនអាមេរិកធំៗជាច្រើន ដោយរួមទាំង ក្រុមហ៊ុន Netflix និង ក្រុមហ៊ុន Boeing កំពុងមានវត្តមាននៅក្នុងប្រទេសវៀតណាមសប្ដាហ៍នេះ ដើម្បីស្វែងរកឱកាសទីផ្សារ និងវិនិយោគនៅវៀតណាម ដ្បិតថា ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ បច្ចុប្បន្នកំពុងក្លាយជាទិសដៅវិនិយោគដ៏សំខាន់មួយ សម្រាប់ជំនួសប្រទេសចិន។
បណ្តាញទូរទស្សន៍ CNN បានរាយការណ៍ថា ក្រោមការសម្របសម្រួលដោយក្រុមបឹ្រក្សាធុរកិច្ចអាស៊ាន-អាមេរិក នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនយក្សៗចំនួន ៥២ មកពីប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាលេខ១នៅលើលោកនេះ កំពុងចូលរួមក្នុងបេសកកម្មស្វែងយល់អាជីវកម្មដ៏ធំបំផុតមិនធ្លាប់មានមួយ រៀបចំឡើងក្នុងក្តីសង្ឃឹមថា នឹងជំរុញពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេបន្ថែមទៀត នៅក្នុងតំបន់ ក្រោយជួបបញ្ហាចម្រូងចម្រាស់ជាច្រើនជាមួយនឹងចិន ។
លោក Ted Osius ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាមបានអះអាងថា នេះ គឺជាដំណើរសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅវៀតណាម ប៉ុន្តែលោកមិនបានបង្ហើប ថា ក្រុមហ៊ុនដែលមកនោះជាក្រុមហ៊ុនអ្វីខ្លះនោះឡើយ ប៉ុន្ដែតាមសេចក្ដីរាយការណ៍ពីខាងក្រុមហ៊ុន គឺក្រុមហ៊ុន Boeing និង Netflix បានបញ្ជាក់ថា ពួកគេពិតជាបានចាត់អ្នកតំណាងឲ្យចូលរួមនៅក្នុងកម្មវិធីស្វែងរកការវិនិយោគនៅវិនិយោគនៅវៀតណាមនេះផងដែរ។
តំណាងក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកគ្រប់គ្រងសម្រាប់ប្រទេសវៀតណាមកំពុងតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍យក្សរបស់អាមេរិកមួយនេះ រំពឹងថានឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាម ដោយផ្តោតលើភាពជាដៃគូដែលកំពុងកើនឡើងរបស់ក្រុមហ៊ុន Boeing ជាមួយវៀតណាម និងវិធីពង្រឹងសមត្ថភាពអាកាសចរណ៍ និងការពារជាតិរបស់ប្រទេសនេះ។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននេះបាននិយាយថា “ក្រុមហ៊ុន Boeing បាននិងកំពុងអភិវឌ្ឍវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយគ្រោងដាក់ទុន លើការកសាងសមត្ថភាពក្នុងស្រុក និងសហការជាមួយអង្គភាពវៀតណាមលើផ្នែកផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មវិស្វកម្ម សុវត្ថិភាពអាកាសចរណ៍ និរន្តរភាព ការស្រាវជ្រាវ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ”។
ដោយឡែកក្រុមហ៊ុន Netflix បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម ប៉ុន្តែបើតាមបុគ្គលដែលដឹងអំពីបញ្ហានេះ បានបញ្ជាក់ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយយក្សនេះក៏កំពុងពិនិត្យមើលរបៀបអនុវត្តតាមបទប្បញ្ញត្តិថ្មីដែលតម្រូវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសចុះឈ្មោះសុំអាជ្ញាបណ្ណអាជីវកម្មពីប្រទេសវៀតណាម ដើម្បីផ្តល់សេវាផ្សាយនៅទីនោះ៕