ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ចំនួន ៧០៨គម្រោងនៅទូទាំងប្រទេសកម្ពុជា។
សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជាចុះថ្ងៃទី ២៧ ខែមីនា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៥២ ៤៨០ ដុល្លារអាមេរិក ដល់ក្រសួងបរិស្ថាន ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ ក្នុងគម្រោងនេះជប៉ុនផ្តល់រថយន្ត ១០គ្រឿង នឹងត្រូវបានដាក់ពង្រាយនៅក្នុងខេត្តនីមួយៗ ក្នុងចំណោមខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា ដើម្បីកែលម្អសេវាប្រមូលសំរាម។
សេចក្តីប្រកាសពត៌មាននោះបានឱ្យដឹងថា ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសកម្ពុជាបាននិងកំពុងជួបការលំបាកជាមួយនឹងការកើនឡើងនៃសំរាមដោយសារតែមានការខ្វះខាតច្រើននូវបរិក្ខារក្នុងការប្រមូលសំរាមឱ្យបានត្រឹមត្រូវ។ គម្រោងនេះនឹងចូលរួមចំណែកដល់ការការពារសុខភាពសាធារណៈ និងបរិស្ថានធម្មជាតិដែលនឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនជាង ៧២០ ០០០ នាក់ នៅក្នុងខេត្តទាំង ១០ នោះ។
ប្រភពបញ្ជាក់ថា៖«ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍»។
ប្រភពដដែលបញ្ជាក់ថា ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៧០៨គម្រោងនៅទូទាំងប្រទេសកម្ពុជា។
ក្រសួងបរិស្ថានបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៧ ខែមីនាថា តាមរយៈគម្រោងនេះ ភាគីជប៉ុននឹងផ្តល់ជារថយន្តដឹកសំរាមខ្នាតតូចចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថានដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
ក្រសួងបរិស្ថានបញ្ជាក់ថា ការចូលរួមរបស់ប្រទេសជប៉ុន លើវិស័យបរិស្ថាន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងសំរាម សំណល់រឹងនេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូ ក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឱ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នានា៕