Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ទទួល​បានអាជ្ញាបណ្ណ ជា​ក្រុមហ៊ុន​វាយតម្លៃក្នុងវិស័យបរធនបាលកិច្ច

Admin Alynana | Mar 29, 2023
ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ទទួល​បានអាជ្ញាបណ្ណ ជា​ក្រុមហ៊ុន​វាយតម្លៃក្នុងវិស័យបរធនបាលកិច្ច
Clinic narith

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ឯ.ក (Khmer Real Estate Co., Ltd) របស់​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ទទួល​បានអាជ្ញាបណ្ណ ជា​ក្រុមហ៊ុន​វាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ជាផ្លូវការ​ហើយ។ នេះ​បើ​តាម​​លិខិត​សេចក្តី​ជូនដំណឹង​របស់​និយ័តករបរធនបាលកិច្ច កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៣។ ​

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បាន​ប្រកាស​សេចក្តីជូនដំណឹង​បន្ថែម​ថា និយ័តករបរធនបាលកិច្ច មាន​កិត្តិយសសូម​ជម្រាប​ជូនដំណឹងដល់បរធនបាល បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់​សេវា​ពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ឯ.ក ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបាន​បំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
photo_2023-03-29_09-55-24

ក្រោយទទួលបានអាជ្ញាបណ្ណ​ដ៏​សំខាន់នេះ​ លោក​ឧកញ៉ា គីម ហ៊ាង ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ​​បាន​ថ្លែងនា​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២៣​នេះ យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ឯ.ក បង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន​​​នេះ​​មាន​រយៈពេល​ជាង ១៥​ឆ្នាំ​មក​ហើយ ដែល​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ២០០៤​មក​ម្ល៉េះ។ ចាប់​ពី​ខែមករា ឆ្នាំ២០០៨​មក ក្រុមហ៊ុន​​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​ដីធ្លី ប៉ុន្តែ​ធ្វើ​តែ​លើ​សេវាកម្ម​ ទិញ លក់ ជួល ផ្នែក​អចលនទ្រព្យ។ ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០០៨ ទើប​ក្រុមហ៊ុន​​ចាប់ផ្តើម​ធ្វើ​សេវាកម្ម​មួយ​ទៀត​ហៅ​ថា សេវាកម្ម​វាយ​តម្លៃ​អចលនទ្រព្យ។ ដូច្នេះ​ចាប់ពី​ពេល​នោះ រហូត​មក​ដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត​​ធ្វើ​ទាំង​ការ​ទិញ លក់ ជួលអចលនទ្រព្យ​ផង និង​វាយ​តម្លៃ​អចលនទ្រព្យ​ផង ដែល​វាយ​តម្លៃ​លើ​ដី ផ្ទះ សំណង់​អគារ​ផ្សេងៗ ក្នុង​ប្រទេស​កម្ពុជា។

អគ្គនាយកបុរី វិមានសំណាង បាន​​​ឱ្យ​ដឹង​បន្ត​ទៀត​​ថា៖ “នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ ប្រទេស​កម្ពុជា​យើង​ មាន​សេវាកម្ម​មួយ​កើត​ឡើង​​ គេ​ហៅ​ថា សេវាកម្ម​ Trustee (បរធនបាលកិច្ច)។ ដោយសារ​តែ​ក្រុមហ៊ុន​ ខ្មែរ រៀល អ៊ីស្ទេត ឯ.ក ជា​បុត្រ​សម្ព័ន្ធ​ជាមួយ​ បុរី វិមានសំណាង ដូច្នេះ​នៅ​ពេល​ដែល​ បុរី វិមាន​សំណាង បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក ដែល​ជា​សេវាកម្មមួយ​​ជួយ​សម្រួល​ឱ្យ​ជន​បរទេស អាច​ទិញដីឬ​ទិញ​ផ្ទះ ​នៅ​ប្រទេស​កម្ពុជា​បាន ពួកគាត់​​​នឹង​ត្រូវ​ការ​សេវាកម្ម​មួយ​ទៀត​ហៅ​ថា សេវាកម្ម​វាយ​តម្លៃ”។

លោកឧកញ៉ាបណ្ឌិត បានបន្ថែម​ថា តាំង​ពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០០៨​មក ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បាន​ទទួល​អាជ្ញាបណ្ណ​វាយ​តម្លៃ​ដី​ ផ្ទះ​ សំណង់​​ផ្សេងៗ​ឱ្យ​អតិថិជន​ជា​ទូទៅ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០២៣​នេះ​តទៅ អ្វី​ដែល​​ក្រុមហ៊ុន​​ធ្លាប់​ធ្វើ​គឺ​នៅ​ដដែល តែ​យើង​មាន​សេវាកម្ម​ថ្មី​មួយ​ទៀត​ គឺ​បរទេស​ប្រើ​ប្រាស់​សេវាកម្ម​ ត្រាសធី ដើម្បី​ទិញ​ដី ឬ​ផ្ទះ​នៅ​ស្រុកខ្មែរ ហើយ​នៅ​ពេល​ពួកគាត់​ទិញ នោះ​នឹង​ត្រូវ​ការ​សេវាកម្ម​វាយ​តម្លៃ។ ដូច្នេះ​ដើម្បី​វាយ​តម្លៃ​ដី ឬ​ផ្ទះ ដែល​បរទេស​ទិញ​តាម​រយៈ​ ត្រាសធី បាន​គឺ និយ័តករបរធនបាលកិច្ច តម្រូវ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ស្រុកខ្មែរ ដែល​ស្របច្បាប់ មាន​អាជ្ញាបណ្ណ បទពិសោធន៍​​គ្រប់គ្រាន់ ​​ត្រូវ​សុំ​អាជ្ញាបណ្ណ​​មួយ​ទៀត ដូច្នេះ​បានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត​ ​ស្នើសុំ​អាជ្ញាបណ្ណ​មួយ​ទៀត​​​ជា​ក្រុមហ៊ុន​វាយតម្លៃ​ក្នុង​វិស័យ​បរធនបាលកិច្ច។

ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង ​បាន​​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា ​ដើម្បី​សុំ​អាជ្ញាបណ្ណ​នេះ​បាន មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា ទី១ ជាក្រុមហ៊ុន​ចុះបញ្ជី​ស្រប​ច្បាប់​នៅ​កម្ពុជា ទី២ ជាក្រុមហ៊ុន​មាន​អាជ្ញាបណ្ណ​​​​វាយ​តម្លៃ​អចលនទ្រព្យ​ ដែល​ចេញ​ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ទាំង​ឯកសារ​​ចាំបាច់​មួយ​ចំនួន​ទៀត ​​ទើប​អាច​ស្នើសុំ​អាជ្ញាបណ្ណ​វាយតម្លៃ​ក្នុង​វិស័យ​បរធនបាលកិច្ច​នេះ​បាន។ លោកឧកញ៉ា បន្ត​ថា មកទល់​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ប្រទេសកម្ពុជា ក្រុមហ៊ុន​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​អាជ្ញាបណ្ណ​នេះ គឺ​មានចំនួន​តិចតួច​នៅ​ឡើយ​ទេ​ ហើយក្នុងនោះ​​មាន​ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត មួយ​ដែរ។

គួររំឭក​ផងថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ​ក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក និង បុរី វិមាន​សំណាង បានចុះអនុស្សរណៈយោគយល់ (MOU)​ ប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្ម​បរធនបាលកិច្ច (Phillip Trustee) ប្រកប​ដោយវិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយ​តបនឹងតម្រូវការក្នុងវិស័យអចលនទ្រព្យ​នៅកម្ពុជា​ពីសំណាក់​វិនិយោគិន​បរទេស។ ជាពិសេស​គឺ​អាច​ធ្វើ​ឱ្យ​ជនបរទេស អាច​ទិញដីឬ​ទិញ​ផ្ទះ ​នៅ​ប្រទេស​កម្ពុជា​បាន៕