កម្ពុជានិងអូស្ត្រាលីបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា ខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលីមកកាន់កម្ពុជាក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។
ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រី ថោង ខុន បានរំលឹកដល់ភាគីអូស្ត្រាលីពីគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍសហគមន៍ ក្នុងនោះសាកលវិទ្យាល័យ Sunshine Coast បានជួយឱ្យកម្ពុជាជាប្រទេសមួយនាំមុខក្នុងការអភិវឌ្ឍគម្រោងរៀបចំស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ាន ដោយបានផ្ដល់ជាជំនួយបច្ចេកទេស។
លោករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីអូស្ត្រាលីថា កាលពីឆ្នាំ២០០៧-២០១១ អង្គការទេសចរណ៍ពិភពលោកធ្លាប់បានជួយដល់គម្រោងអភិរក្ស និងអភិវឌ្ឍន៍សត្វផ្សោតទន្លេមេគង្គ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍នៅតំបន់នោះ ក្នុងគោលដៅផ្លាស់ប្តូរមុខរបរអ្នកនេសាទឱ្យងាកមករកការផ្តល់សេវាទេសចរណ៍ ជំនួសមុខរបរនេសាទនៅតំបន់សត្វផ្សោត។ ដូច្នេះលោករដ្ឋមន្ត្រីបានស្នើភាគីអូស្ត្រាលីជួយពិចារណាផ្តល់គម្រោងដូចនេះនៅតំបន់សត្វផ្សោតទន្លេមេគង្គផងដែរ ព្រោះសត្វផ្សោតគឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយយ៉ាងសំខាន់នៅតំបន់នោះ «គ្មានសត្វផ្សោត គឺគ្មានទេសចរ»។ ព្រមជាមួយនោះ លោករដ្ឋមន្ត្រីក៏បានស្នើភាគីអូស្ត្រាលីអូស្ត្រាលីជួយសិក្សាក្នុងការផ្ដល់នូវជំនួយនានាសម្រាប់អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ដែលមានសក្តានុពលនៅកម្ពុជា ព្រោះរាជរដ្ឋភិបាលកម្ពុជាក៏បានបង្កើតឱ្យមានគណៈកម្មាធិការជាតិមួយដើម្បីអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមទៅកាន់អូស្ត្រាលីតាមរយៈលោក Justin Kevin Whyatt ជួយពង្រឹងបច្ចេកទេសនៃការបណ្ដុះបណ្ដាលសម្រាប់វិទ្យាស្ថានជាតិទេសចរណ៍ និងគ្រឹះស្ថានអប់រំទេសចរណ៍នានាដែលកំពុង និងត្រៀមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍។
លោក Justin Kevin Whyatt បានប្ដេជ្ញាថានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើគ្រប់វិស័យជាមួយភាគីកម្ពុជា ពិសេសវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-អូស្ត្រាលី ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី និងនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងសិក្សាយ៉ាងច្រើននៅអូស្ត្រលី។
ឆ្លើយតបបនឹងសំណើនេះ លោក Justin Kevin Whyatt បានទទួលឯកភាពយល់ព្រម និងខិតខំជំរុញឱ្យបានក្នុងអាណត្តិបេសកកម្មរបស់លោកនៅកម្ពុជានេះ ហើយលោកនឹងជំរុញឱ្យមានហោះហើរត្រង់រវាងកម្ពុជា-អូស្ត្រាលី។ គួរជម្រាបថា កន្លងទៅ និងពេលបច្ចុប្បន្ន អ្នកដំណើរដែលចង់ធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី គឺត្រូវប្ដូរជើងហោះហើរជាមួយសិង្ហបុរី ឬឥណ្ឌូណេស៉ី ឬក៏ទៅដល់ហុងកុងក៏មាន។
តាមរយៈសំណើ និងកិច្ចសហប្រតិបត្តិការទាំងនេះ ភាគីកម្ពុជានិងអូស្ត្រាលីរំពឹងទុកថានឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បានមួយកម្រិតទៀត ព្រមទាំងទាក់ទាញកំណើនភ្ញៀវទេសចរអូស្ត្រាលីឱ្យមកទស្សនាកម្ពុជាបន្ថែមទៀតដែរ ខណៈកាលពីមុនពេលវិបត្តិកូវីដ១៩ កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអូស្ត្រាលីប្រមាណជាង១០ម៉ឺននាក់៕