Alynana Media Cambodia
Icon Collap
clinic narit

តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិកនឹងមានកំណើនសេដ្ឋកិច្ចកាន់តែលឿន​នៅពេលដែលសេដ្ឋកិច្ចរបស់ចិនស្ទុះឡើងជាងមុន

Media LNN | Mar 31, 2023
តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិកនឹងមានកំណើនសេដ្ឋកិច្ចកាន់តែលឿន​នៅពេលដែលសេដ្ឋកិច្ចរបស់ចិនស្ទុះឡើងជាងមុន
Clinic narith

 

 របាយការណ៍មួយរបស់​ធនាគារពិភពលោក​បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​ក្នុងតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ នឹងកើនល្បឿនថែមទៀតនៅក្នុងឆ្នាំ២០២៣នេះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនបើកដំណើរការឡើងវិញ ប៉ុន្តែកំណើនសេដ្ឋកិច្ចភាគច្រើននៃផ្នែកផ្សេងទៀតក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងថមថយ​បន្តិចវិញ​បន្ទាប់ពីបានស្ទុះងើបឡើងខ្លាំងកាលពីឆ្នាំមុន។ 

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិកខែមេសា ២០២៣(East Asia and Pacific April 2023 Economic Update)និយាយថា ដ្បិតតែវាកំពុងមានស្វាហាប់ក៏ដោយ សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចនឹងជួបភាពបន្ទច់បង្អាក់​វិញនៅក្នុង​ឆ្នាំនេះ ដោយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច​សកល, ការឡើងថ្លៃទំនិញសព្វ​សារពើ, និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុដើម្បីទប់ទល់ទៅនឹងអតិផរណាដែលនៅតែបន្តឥតស្រាកស្រាន្ត។  

នៅក្នុងតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ច​ត្រូវបានព្យាករថានឹងទទួល​បាន​កំណើនដល់ ៥,‌% ក្នុង​ឆ្នាំ២០២៣ ពី ៣,% ក្នុងឆ្នាំ២០២២ ដោយសារការបើកឡើងវិញរបស់ប្រទេសចិនជួយឱ្យសេដ្ឋកិច្ចរបស់​ខ្លួនមានកំណើនស្ទុះឡើងដល់ ៥,% ពីកម្រិត ៣% ក្នុងឆ្នាំមុន។ ចំណែកនៅតំបន់​ខាងក្រៅប្រទេសចិន កំណើន​ត្រូវបានគេរំពឹងថាស្រុតចុះមកនៅត្រឹម ៤,% ក្រោយពីមានសន្ទុះស្វាហាប់​ឡើងដល់ ៥,៨% ក្នុង​ឆ្នាំ​២០២២ក្រោយសម័យកូវីដ-១៩ ដោយសារអតិផរណា និងបំណុលគ្រួសារកើនឡើង បានដាក់សម្ពាធទៅលើ​ការ​ប្រើ​ប្រាស់​ទទួល​ទាន​ក្នុងបណ្តា​ប្រទេសមួយចំនួន។   

លោកស្រី ម៉ានូអែលឡា ហ្វេរ៉ូ(Manuela V. Ferro) អនុប្រធាន​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថាដូច្នេះថា៖ ភាគច្រើននៃក្នុងតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានឆ្លងផុត​ការលំបាក​ក្នុង​សម័យ​ជំងឺរាតត្បាត​រួចហើយ ប៉ុន្តែពេលនេះ​ត្រូវ​ធ្វើ​ម៉េចដើម្បីបន្តដំណើរទៅមុខនៅលើទីលានសេដ្ឋកិច្ចសកលមួយដែល​មាន​ការប្រែប្រួល។ ដើម្បីរក្សា​សន្ទុះ​នេះ​ ​ នៅមានកិច្ច​ការដែលត្រូវ​ធ្វើដើម្បីជំរុញ​នវានុវត្តន៍ និង​ផលិតភាពឱ្យកាន់តែខ្លាំងថែមទៀត និង​រៀបចំគ្រឹះ​មូលដ្ឋាន​សម្រាប់​ការ​ស្តារឡើងវិញ​​កាន់តែមានភាពបៃតងជាងបច្ចុប្បន្ន។

នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំ ភាគច្រើនរួមមានប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម សេដ្ឋកិច្ច​ត្រូវបានគេរំពឹងថានឹងកើនឡើងតិចតួចទេនៅក្នុង​ឆ្នាំ២០២៣ ធៀបទៅនឹងឆ្នាំ២០២២។ បណ្តាប្រទេសកោះប៉ាស៊ីហ្វិកភាគច្រើនត្រូវបានគេព្យាករថានឹងមានកំណើនសេដ្ឋកិច្ចកាន់តែលឿននៅឆ្នាំ២០២៣ លើកលែងតែប្រទេសហ្វីជី ដែល​កំណើន​នឹង​ថម​ថយ​បន្តិច​វិញ​បន្ទាប់​មាន​ល្បឿនស្ទុះខ្លាំងនៅក្នុង​ឆ្នាំ២០២២។

នៅក្នុង​រយៈពេល​ជាងពីរទសវត្សរ៍កន្លងមកនេះ ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ និងកាន់តែមាន​ស្ថិរភាព ជាងសេដ្ឋកិច្ចនៅ​ក្នុងតំបន់ផ្សេងទៀត។ ជាលទ្ធផល ​កម្រិត​ភាព​ក្រីក្របាន​ធ្លាក់ចុះគំហុក ហើយ​ ​វិសមភាពស្រុតចុះជាងមុន​ផង​ដែរ ជា​ពិសេស​នៅ​ក្នុងមួយ​​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំរបស់​ប្រទេស​ទាំង​នេះ​ក្នុង​ដេញ​តាម​ឱ្យ​ទាន់​កម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅ​ក្នុង​បណ្តា​សេដ្ឋកិច្ចជឿនលឿន បាននៅ​ទ្រឹង​មួយ​កន្លែងនៅ​ក្នុងប៉ុន្មានឆ្នាំនេះ ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​កំណើនផលិតភាព និងល្បឿននៃកំណែទម្រង់រចនាសម្ព័ន្ធ។ ការដោះស្រាយ គម្លាតកំណែទម្រង់សំខាន់ៗ ជាពិសេសផ្នែក​សេវាកម្ម អាចនឹងពង្រីកឥទ្ធិពលនៃបដិវត្តន៍ឌីជីថល និងជំរុញផលិតភាពទៅមុខ​នៅ​ក្នុងវិស័យនានា ចាប់​តាំង​ពី​វិស័យលក់រាយ និងហិរញ្ញវត្ថុ រហូតដល់ការអប់រំ និងសុខភាព។

សេដ្ឋកិច្ចនៃតំបន់ក៏ត្រូវតែទប់ទល់នឹងបញ្ហាប្រឈមសំខាន់ៗចំនួនបីផងដែរ ​ខណៈដែលអ្នកធ្វើ​គោលនយោបាយចាត់វិធានការ​ដើម្បីរក្សាស្ថិរភាព​ និងពន្លឿនកំណើនសេដ្ឋកិច្ចក្រោយសម័យកូវីដ-១៩។ ការ​កើន​ឡើងនៃ​ភាពតានតឹងរវាងដៃគូពាណិជ្ជកម្មធំ​ៗនឹងប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យានៅទូទាំងតំបន់។ ការកើនឡើងយ៉ាងរហ័សនូវជនជរា​ក្នុង​បណ្តាប្រទេសេដ្ឋកិច្ចធំៗមួយចំនួនក្នុង​តំបន់​អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ស្តែងឱ្យឃើញពីបញ្ហាប្រឈម និងហានិភ័យថ្មី​ជាមួយនឹងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច សមតុល្យសារពើពន្ធ និងសុខភាព។ ជាចុងក្រោយ តំបន់នេះត្រូវប្រឈមមុខនឹងហានិភ័យអាកាសធាតុ ជាពិសេសមួយផ្នែកដោយសារតែមាន​ដង់ស៊ីតេប្រជាជន និងសកម្មភាពសេដ្ឋកិច្ចខ្ពស់​នៅតាមតំបន់​ឆ្នេរសមុទ្ររបស់ខ្លួន។

លោក អាយឌីត្យា ម៉ាទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់នៃ​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថាដូច្នេះថា៖ ចរន្ត​បដិសកលភាវូបនីយកម្ម, ភាពជរា និង​ការ​ប្រែប្រួល​អាកាសធាតុ កំពុងបង្កភាពអាប់អួរដល់​ទស្សនាទាន​សម្រាប់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​ទទួល​បាន​វឌ្ឍនភាពតាមរយៈការធ្វើពាណិជ្ជកម្ម ប៉ុន្តែ​ក៏​មាន​ចំនួន​មនុស្ស​ចាស់​កើន​ឡើង​លឿន​ដែរ។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែអាចពង្រឹងកំណើន​ឱ្យ​មានភាពរឹងមាំបាន តាម​រយៈការជំរុញ​ពាណិជ្ជ​កម្មថែម​ទៀត, ការ​ដោះស្រាយ​បញ្ហា​ប្រជាសាស្ត្រ និង​ការ​បង្កើន​ភាព​ធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ។