សម្ដេចពិជ័យសេនា ទៀ បាញ់៖ សមយុទ្ធ«នាគមាស-ឆ្នាំ២០២៣» បង្ហាញពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដែលធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ព ទាំងពីរកម្ពុជា-ចិន»។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការធ្វើសមយុទ្ធរួមគ្នា នាគមាស-ឆ្នាំ២០២៣ លើកនេះ បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់កម្ពុជា-ចិន បានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លាក្នុងរយៈពេល ៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពីទំនាក់ទំនងអន្តរជាតិបែបថ្មី។
សម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា សមយុទ្ធរួមគ្នានេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀតនៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៉ីជម្រៅឥតងាករេនូវ «មិត្តភាពដែកថែប យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសំដៅ ជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ លើកទី៥នេះ បានដំណើរការរយៈពេល២០ថ្ងៃ ដោយមានកម្លាំងចូលរួមចំនួន ២,៨៣១នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទ ២,៧៧៤នាក់ និងកងទ័ពរំដោះប្រជាជនចិន២៥៧នាក់៕