ក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាលយេនឌ័រ និងការផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័ររបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចឆ្នាំ២០២៣នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា
លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានមានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការតភា្ជប់ផលចំណេញ និងការផ្សារភ្ជាប់ទីផ្សារជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយដោយកៀរគរកសិករខ្នាតតូចរួមមានកសិករក្រីក្រ ចំនួន ៧៥.០០០គ្រួសារ។
ដើម្បីសម្រេចគោលដៅរបស់គម្រោងអេមស៍ពាក់ព័ន្ធនឹងសមភាពយេនឌ័រ គម្រោងអេមស៍បានរៀបចំផែនការសកម្មភាពយេនឌ័រសម្រាប់ឆ្នាំ២០២៣ ដែលមានគោលដៅ៖១)យ៉ាងហោចណាស់ ៥០% នៃ កសិករគោលដៅគឺជាស្ត្រី ដែលអាចទទួលបានសេវាកម្មគាំទ្រដោយគម្រោង ២) យ៉ាងហោចណាស់ ៥០% នៃសមាជិក PO គឺជាស្ត្រី និង៥០%នៃសមាជិកគ្រួសាររបស់ក្រុមផលិតគឺជាស្រ្តី ៣)បន្តជំរុញការយល់ដឹងអំពីយេនឌ័រ និងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ៤)បន្តផ្តល់ឱកាស និងអត្ថប្រយោជន៍ដោយតម្លាភាព និងសមធម៌។ លោកជំទាវបានផ្តល់អនុសាសន៍ណែនាំឱ្យមានការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធីសាស្រ្តជាយុទ្ធសាស្រ្តនៃផែនការសកម្មភាពយេនឌ័រ រួមមានការពង្រឹងការចូលរួមរបស់ស្រ្តី តុល្យភាពតួនាទីយេនឌ័រ ការរលើកឡើងពីបញ្ហាយេនឌ័រក្នុងវេទិកា ឬសកម្មភាពនានារបស់គម្រោង ការត្រួតពិនិត្យជាប្រព័ន្ធលើគណនេយ្យភាពរបស់បុគ្គលិក និងការបញ្ជ្រាបយេនឌ័រក្នុងវគ្គបណ្តុះបណ្តាលអាជីវកម្ម និងវគ្គបណ្តុះបណ្តាលបច្ចេកទេសនវានុវត្តន៍នានា ពិសេសការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងមូលនិធិនានា ដែលអាចជំរុញ និងគាំទ្រដល់ការចូលរួមរបស់ស្រ្តីក្នុងផលិតកម្ម។
ជាកិច្ចបន្ទាប់ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោង ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងមានស្មារតីម្ចាស់ការ បុរេសកម្ម អន្តរសកម្ម និងស្វ័យភាព ក្នុងការបង្កើនសមភាពយេនឌ័រនៅក្នុងសហគមន៍។
លោកជំទាវមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្រ្តីជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យនៅពេលនេះ ចាប់ពីកម្រិតគ្រួសារ នៅកន្លែងធ្វើការ និងសហគមន៍ទាំងមូល។
លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបង្ហាញពីភាពជឿជាក់ដល់ក្រុមការងាររបស់គម្រោងអេមស៍ ក្នុងការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពគម្រោងឱ្យបានគ្រប់ជ្រុងជ្រោយ ដែលមានគោលដៅរួមគឺការកាត់បន្ថយគម្លាតវិសមភាពយេនឌ័រប្រកបដោយបរិយាបន្ន។ លោកជំទាវបានបន្តថាការរៀបចំយន្តការជាយុទ្ធសាស្រ្តជាក់លាក់ ដើម្បីបង្កើនអ្នកដឹកនាំជាស្រ្តី ការកែប្រែឥរិយាបថដែលរើសអើងលើស្ត្រី និងការផ្តល់ការគាំទ្រគ្រប់រូបភាពដល់ស្រ្តីនឹងចូលរួមសម្រេចបានគោលដៅនៃផែនការសកម្មភាពយេនឌ័រឆ្នាំ២០២៣ ពិសេសអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥៕