ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការជម្រុញចលនាភូមិមួយផលិតផលមួយខេត្តស្វាយរៀង បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត ដែលមានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្ត និងមន្ទីរអង្គភាពជំនាញជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការនានាក្នុងខេត្ត បានធ្វើការពង្រឹង និងពង្រីកសមត្ថភាពដល់សហគមន៍ក្នុងប្រតិបត្តិការផលិត កែច្នៃ បង្កើតថ្មីនូវផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មនានា ដោយមានការគាំទ្រទាំងផ្នែកស្មារតី និងបច្ចេកទេសពីគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានធ្វើឲ្យផលិតផលជាច្រើនមុខ ដែលផលិតបានដោយផលិតករនៅក្នុងខេត្ត ត្រូវបានទទួលស្គាល់ជាផលិតផលភូមិមួយផលិតផលមួយ
ឯកឧត្តមបន្តថា បច្ចុប្បន្ន ខេត្តស្វាយរៀង មានប្រជាពលរដ្ឋសរុប ចំនួន ១៦០.៦១១គ្រួសារ ស្មើនឹង ៦៧៤.៦៣៥នាក់, ភាគច្រើនប្រកបមុខរបរក្នុងវិស័យផលិតកម្មកសិកម្ម ប្រមាណជា ៥៤,៨% វិស័យសេវាកម្ម ៤៤,៥% និងប្រកបមុខរបរក្នុងវិស័យសិប្បកម្ម ប្រមាណជា ០,៧%។
ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរតាំងពីឆ្នាំ២០១៨ ដោយមើលឃើញថា ចលនាភូមិមួយផលិតផលមួយ ជាសកម្មភាពមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការជំរុញលើកទឹកចិត្តឲ្យប្រជាជនយើង ខិតខំផលិតនូវផលិតផលក្នុងស្រុកឱ្យបានច្រើន ខិតខំកែច្នៃ និងវេចខ្ចប់ផលិតផលរបស់ខ្លួនប្រកបដោយអនាម័យ និងសោភ័ណភាព ដែលជាតម្លៃបន្ថែមដ៏សំខាន់ដើម្បីទាក់ទាញអ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ សកម្មភាពពង្រឹង និងពង្រីកការប្រើប្រាស់ផលិតផលខ្មែរ គឺជាមោទនភាពជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ដែលបាននិងកំពុងផលិតនូវផលិតផលជាច្រើនមុខ និងសម្បូរបែបនាពេលបច្ចុប្បន្ន។ ឈរលើស្មារតីនេះរាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែមេសា។ ការខិតខំទាំងអស់នេះ គឺពិតជាសកម្មភាពមួយរស់រវើករួមចំណែកពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលធ្វើឲ្យកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ខេត្តស្វាយរៀង ដែលជាខេត្តមួយមានសក្តានុពលទាំងវិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍ ពិតជាខិតខំជួយជំរុញផលិតផលខ្មែរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត លើកកម្ពស់ជីវភាពប្រជាជនកាន់តែសម្បូរធូរធារ តាមរយៈការងារជំរុញចលនាភូមិមួយផលិតផលមួយ៕