Alynana Media Cambodia
Icon Collap
clinic narit

បទវិភាគ:សក្តានុពធុរកិច្ចរវាងឥណ្ឌា និងកម្ពុជា

Media LNN | Apr 11, 2023
បទវិភាគ:សក្តានុពធុរកិច្ចរវាងឥណ្ឌា និងកម្ពុជា
Clinic narith

យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសទាំងពីរ ជាពិសេសប្រទេសកម្ពុជា ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់/fintech និងការលើកកម្ពស់ជំនាញ។

នៅក្នុងពេលថ្លែងទៅកាន់គណៈប្រតិភូ នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង បានគូសបញ្ជាក់ពីតម្រូវការសម្រា​ប់ប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា “ប្រទេសឥណ្ឌា គឺជាប្រទេសនាំមុខគេក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍន៍ជំនាញ ហើយកម្ពុជាអាចប្រើប្រាស់ជំនាញ របស់ឥណ្ឌានៅក្នុងវិស័យនេះ”។ 

លោក អ៊ិត សំហេង បានកត់សម្គាល់ថា “សន្តិភាពនៅកម្ពុជា គឺជាកត្តាសំខាន់ ក្នុងការរីកចម្រើនរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានទសវត្ស​រ៍ចុងក្រោយនេះ។  គួបផ្សំនឹងការអនុវត្តការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព បរិយាកាសធុរកិច្ចប្រកបដោយសន្តិភាព គឺជាការទាក់ទាញ​ពិតប្រាកដ សម្រាប់អ្នកវិនិយោគបរទេសនៅកម្ពុជា”។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ របស់គណៈប្រតិភូឥណ្ឌាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសាត្រូវបានរៀបចំឡើង ដោយស្ថានកុង​ស៊ុលកិត្តិយសរបស់កម្ពុជា នៅទីក្រុង Bangalore ប្រចាំរដ្ឋឥណ្ឌាខាងត្បូង រួមជាមួយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (InCham)។

ការចូលរួមនេះ ក៏ត្រូវបានគាំទ្រដោយស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា និងសភាពាណិជ្ជកម្មកម្ពុជា (CCC)ផងដែរ។

លោក Karthik Tallam ស្ថានកុងស៊ុលកិត្តិយសរបស់កម្ពុជានៅទីក្រុង Bangalore ប្រចាំរដ្ឋឥណ្ឌាខាងត្បូងបានអះអាងថា “ឥណ្ឌាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់កម្ពុជា ហើយទំនាក់ទំនងនេះបានរីកចម្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ”។

លោក​ក៏​បាន​បង្ហាញ​ដែរ​ថា ការ​ពិភាក្សា​កំពុង​ដំណើរការ​ទៅ​មុខ​អំពី​ដំណើរ​ទស្សនកិច្ច ​របស់​គណៈប្រតិភូ​សហគ្រិន​ស្ត្រី​ឥណ្ឌា ​មក​កម្ពុជា​ក្នុង​ខែកក្កដា​ខាងមុខនេះ។

យោងតាមលោក Karthik បានឱ្យដឹងថា វិនិយោគិនឥណ្ឌាមួយចំនួនចាប់អារម្មណ៍ជាពិសេស លើឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ក៏ដូចជា វិស័យអភិវឌ្ឍន៍ជំនាញនៅកម្ពុជា។

លោកបានបន្តទៀតថា “នឹងមានការចូលរួមតាមវិស័យកាន់តែច្រើននាពេលអនាគត ហើយយើងក៏ជឿជាក់ផងដែរថា ការចាប់ផ្តើមជើងហោះហើរត្រង់ គឺមានសារៈសំខាន់ក្នុងការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ”។

លោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា InCham បានអះអាងថា“យើងជឿជាក់ថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូឥណ្ឌា អាចបង្កើនការយល់ដឹងអំពីឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា”។ លោកបន្តថា “គណៈប្រតិភូ​អាច​ជួប​ជាមួយ​អ្នកជំនួញ​កំពូលៗ ​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថែមទាំង​អាច​ជួប​មន្ត្រី​កំពូលៗ និង​អ្នកធ្វើ​ការសម្រេចចិត្ត​ផងដែរ​”។

ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចាប់ផ្តើមជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

លោក Sandeep បានកត់សម្គាល់ថា ការហោះហើរត្រង់អាចដើរបានឆ្ងាយ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ ហើយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា នឹងបន្តចូលរួមជាមួយកុង​ស៊ុល ដើម្បីផ្សព្វផ្សាយកម្ពុជានៅក្នុងប្រទេសឥណ្ឌា។

ជាមួយគ្នានេះ លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុន Cabodian Investment Management Holdings ដែលជាអ្នកជឿជាក់យ៉ាងមុតមាំ លើការរំពឹងទុករបស់កម្ពុជា ក្នុងការក្លាយជាខ្លាអាស៊ីនៃសតវត្សរ៍ទី២១ បានប្រាប់គណៈប្រតិភូឥណ្ឌា ដែលកំពុងបំពេញទស្សនកិច្ចថា កត្តាជាច្រើនធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ល្អ។

លោក Anthony បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជាមានអត្រាប្រចាំឆ្នាំជាមធ្យម៧,៧ភាគរយ នៅចន្លោះឆ្នាំ១៩៩៨ និង២០១៩ ដែលជាកំណើនលឿន បំផុតមួយនៅក្នុងពិភពលោក។

ប្រទេសកម្ពុជា ក៏បានងើបចេញពីវិបត្តិជំងឺកូវីដ ជាមួយនឹងភាពរឹងមាំជាថ្មី និងភាពធន់ ហើយអត្រាកំណើនសេដ្ឋកិច្ច អាចឈានដល់ជិត៦ភាគរយនៅឆ្នាំនេះ នេះបើយោងតាមការព្យាករណ៍មួយចំនួនធៀបនឹង៥,១ភាគរយនៅឆ្នាំ២០២២។

លោក Anthony ក៏​បាន​ចង្អុល​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន ​ក្នុង​តំបន់​ដែល​អនុញ្ញាត​ឱ្យ​មាន​ភាព​ជា​ម្ចាស់​កម្មសិទ្ធ​ពី​បរទេស ចំនួន១០០ភាគរយ ​សម្រាប់​អ្នក​វិនិយោគ។

លើកលែងតែប្រភេទមួយចំនួនដូចជា (ការផលិតបារី ការផលិតភាពយន្ត ការកិនស្រូវ ការជីកយករ៉ែត្បូង និងកែច្នៃ) អ្នកវិនិយោគបរទេស អាចកាន់កាប់ក្រុមហ៊ុនទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ហើយមិនមានការរឹតបន្តឹង លើសញ្ជាតិរបស់នាយក ឬម្ចាស់ភាគហ៊ុន និងគ្មានការរឹតបន្តឹង លើការធ្វើពាណិជ្ជកម្មនោះទេ។ ដើម្បីកាន់កាប់ដីធ្លីបាន៥១ភាគរយ នៃភាគហ៊ុនរបស់ក្រុមហ៊ុន ត្រូវកាន់កាប់ដោយពលរដ្ឋកម្ពុជា។

កម្រិតខ្ពស់នៃប្រាក់ដុល្លាររបស់កម្ពុជា គឺជាការទាក់ទាញមួយទៀតសម្រាប់អ្នកវិនិយោគ។

លោក Anthony បានចង្អុលបង្ហាញថា កត្តានេះលុបបំបាត់ហានិភ័យនៃការកែតម្រូវ អត្រាប្តូរប្រាក់យ៉ាងមុតស្រួច និងកាត់បន្ថយលំហូរចេញនៃមូលធន។

លោកក៏បានបន្ថែមថា ក្រុមហ៊ុនបរទេស ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) មានសិទ្ធិទទួលបាន ការលើកលែងពន្ធបន្ថែម ឬរំលោះពន្ធពិសេស។

យោងតាមលោក Anthony មនុស្សម្នាក់អាចចាប់ផ្តើមក្រុមហ៊ុនឯកជនមានកំណត់ក្នុងប្រទេសកម្ពុជា ដោយចំណាយត្រឹមតែ១.០០០ដុល្លារប៉ុណ្ណោះ។

អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតគឺចំនួន ប្រជាជនវ័យក្មេងរបស់ប្រទេសកម្ពុជា  ដែលធានាបាននូវកម្លាំងពលកម្ម គ្រប់គ្រាន់សម្រាប់កំណើននាពេលអនាគត។

ក្នុងចំណោមប្រជាជនកម្ពុជា ចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនប្រហែលពាក់កណ្តាល មានអាយុក្រោម២៥ឆ្នាំ។ ចំណែកអត្រាភាពអត់ការងារធ្វើ នៅក្នុងប្រទេសមានកម្រិត៦ភាគរយ ដែលជាអត្រាមួយទាបបំផុតនៅលើពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុត ក្នុងការរស់នៅផងដែរ។

លោកបានកត់សម្គាល់បន្ថែមទៀតថា ទិន្នផលឧស្សាហកម្មរបស់កម្ពុជា ធ្លាប់ត្រូវបានគេរំពឹងទុកថា នឹងកើនឡើង៨,១ភាគរយនៅឆ្នាំ២០២២ និង៩,១ភាគរយនៅឆ្នាំ២០២៣នេះ។

ច្បាប់ថ្មីស្តីពីការវិនិយោគ ដែលត្រូវបានអនុម័តដោយប្រទេសក្នុងខែតុលា ឆ្នាំ២០២១ កំពុងជួយទាក់ទាញការវិនិយោគផ្ទាល់ ក្នុងស្រុក និងពីបរទេសបន្ថែមទៀតចូលទៅក្នុងការផលិត។

លោក Anthony បានកត់សម្គាល់ថា ច្បាប់នេះផ្តល់នូវក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយ តម្លាភាព និងអាចព្យាករណ៍បាន ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបន្ថែមទៀត។

លោកក៏បានទាញចំណាប់អារម្មណ៍ ចំពោះវណ្ណៈកណ្តាលដែលកំពុងកើនឡើង នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយបង្ហាញថា វាធានានូវកំណើននៃតម្រូវការ ក្នុងវិស័យអចលនទ្រព្យ និងសេវាកម្ម។

ខណៈ​និយាយ​អំពី​អគារ​ខ្ពស់ៗ និង​ផ្សារ​ទំនើប​ជា​ច្រើន​ ដែល​កំពុ​ង​ដុះដាលពេញ​ទីក្រុង លោក Anthony បាន​បញ្ជាក់ថា“ពេល​ខ្ញុំ​មក​ទី​នេះ មាន​អគារ​ខ្ពស់​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ផ្សារ​ទំនើប​តូច​មួយ​ប៉ុណ្ណោះ។

លោក Anthony បានចង្អុលបង្ហាញ ខណៈលើកទឹកចិត្តដល់អ្នកវិនិយោគឥណ្ឌា ដែលមានសក្តានុពលឱ្យចូលរួម ជាមួយកម្ពុជាថា “មានឱកាសជាច្រើនក្នុងវិស័យសេវាកម្ម ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយវិស័យធានារ៉ាប់រង និងធនាគារកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស”។

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានប្រសាសន៍ថា កម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗនេះ។

លោក​បាន​កត់​សម្គាល់​ថា​ “បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ​គឺ​ស័ក្តិសម​ខ្លាំង ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស ហើយ​យើង​ក៏​កំពុង​តាម​ទាន់​ប្រទេស​ជិត​ខាង​ដូចជាថៃ និង​វៀតណាម​ផង​ដែរ”។

យោងតាម ​​ស៊ាង សុបញ្ញា បានឱ្យដឹងទៀតថា អ្នកធុរកិច្ចឥណ្ឌាមានឱកាសល្អ ក្នុងការវិនិយោគលើវិស័យ បច្ចេកវិទ្យានៅកម្ពុជា ការទូទាត់តាមឌីជីថលគឺជាវិស័យមួយ ដែលប្រទេសឥណ្ឌាអាចជួយឱ្យរីកចម្រើន ខណៈយើងក៏ត្រូវការវិទ្យាស្ថាន បណ្តុះបណ្តាលជំនាញបន្ថែមទៀតផងដែរ។

លោកបានបន្ថែមថា យុវជនកម្ពុជារហូតដល់១,៥លាននាក់ នឹងទទួលបានការបណ្តុះបណ្តាល ជំនាញចន្លោះឆ្នាំ២០២៣និង២០២៥​។ ក្រុមហ៊ុននានាក៏ត្រូវបានផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធផងដែរ សម្រាប់ការបង្កើនជំនាញរបស់បុគ្គលិក។

លោក​បាន​កត់​សម្គាល់​ថា​ “មួយ​ផ្នែក​ធំ​នៃ​កម្លាំង​ពលកម្ម​កម្ពុជា​ឥឡូវ​អាច​និយាយ​ភាសា​អង់គ្លេស​បាន ហើយ​ពួកគេ​ភាគ​ច្រើន​ក៏​និយា​យ​ភាសា​ចិន​បានដែរ”។លោក​បញ្ជាក់ថា​ “នៅ​កម្ពុជា​មិន​មាន​ឧបសគ្គ​ផ្នែក​ភាសា​សម្រាប់​ជនបរទេស​ទេ ប្រជាជនកម្ពុជាក៏រួសរាយរាក់ទាក់ណាស់។  ខ្ញុំស្វាគមន៍សហគ្រិនឥណ្ឌា ជាពិសេសសហគ្រិនវ័យក្មេងមកកាន់កម្ពុជា ហើយអង្គការ​របស់​ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច ​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ទាំង​អស់​ដល់​ពួក​គេ”។

ចំណែកលោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) បានមានប្រសាសន៍ថា កម្ពុជាចាំបាច់ត្រូវចូលរួមបន្ថែមទៀតជាមួយឥណ្ឌា។

លោក​បាន​បន្ត​ថា​ “ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក ហើយ​កម្ពុជា​អាច​ចូល​ក្នុង​ទីផ្សារ​នេះ​។  ប្រជាជនឥណ្ឌា មិនត្រឹមតែអាចវិនិយោគ នៅក្នុងប្រទេ​សកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចទិញទំនិញ កាន់តែច្រើនពីកម្ពុជាផងដែរ”។

ទន្ទឹមនឹងនោះ លោក ឡោ វិចិត្រ ក៏បានក្រើនរំលឹកអ្នកវិនិយោគឥណ្ឌាអំពីច្បាប់ពន្ធដារថ្មីរបស់កម្ពុជា។

លោក​បញ្ជាក់ថា​“ច្បាប់​ថ្មី​នឹង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត ហើយ​នឹង​មានភាព អាចព្យាករ​ណ៍ទុកបានកាន់​តែ​ច្រើន​ រួម​ជាមួយ​នឹង​ច្បាប់​វិនិយោគ វា​អាច​ជួយ​ទាក់ទាញ​ដល់ការ​វិនិយោគ ​ពី​បរទេស​កាន់​តែ​ច្រើន​មក​កម្ពុជា”។

លោក ឡោ វិចិត្រ បានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង ហើយអ្នកធុរកិច្ចឥណ្ឌា អាចស្វែងរកឱកាសវិនិយោគ ក្នុងវិស័យទាំងនេះ។

លោកបានចង្អុលបង្ហាញថា “ដោយសារប្រទេសឥណ្ឌាជាប្រទេ​ស ដែលមានក្រុមហ៊ុនទូរគមនាគមន៍ ឱសថ និងបច្ចេកវិទ្យាឈានមុខគេមួយចំនួន ភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសនេះ អាចជួយកម្ពុជាក្នុងការពង្រឹងឧស្សាហកម្ម ផ្អែកលើចំណេះដឹងរបស់ខ្លួន”។

កម្ពុជា និងឥណ្ឌាបានពន្លឿនការងារ បច្ចេកទេសផ្ទៃក្នុងរបស់ខ្លួន ដើម្បីបង្កើតការចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី។  កិច្ចព្រមព្រៀង​បែបនេះ​ នឹង​ជួយ​ប្រទេស​ទាំងពីរ​ ក្នុងការ​នាំមក​នូវ​ផលិតផល និង​សេវាកម្ម​បន្ថែមទៀត​ ក្រោម​ពាណិជ្ជកម្ម​គ្មាន​ពន្ធ។

លោកសាស្ត្រាចារ្យ Ujjwal Anu Chowdhury នាយកប្រតិបត្តិនៃសាកលវិទ្យាល័យអន្តរជាតិអនឡាញ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដែលជាវាគ្មិនម្នាក់ នៅក្នុងព្រឹត្តិការណ៍នេះ បានលើកទឹកចិត្តអ្នកវិនិយោគ ឱ្យពិនិត្យមើលតម្រូវការ ដែលកំពុងកើនឡើងសម្រាប់ការអប់រំឧត្តមសិក្សា ប្រកបដោយគុណភាពផងដែរ។

លោកបានបន្តថា ទីផ្សារអប់រំពិភពលោកមានតម្លៃ៥,៩ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ហើយនឹងឈានដល់១០,២ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៦។

ទំហំទីផ្សារអប់រំអាស៊ីប៉ាស៊ីហ្វិក មានតម្លៃ១,០៩ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់២,០៥ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៦។

យោងតាមសាស្រ្តាចារ្យ Ujjwal តំបន់អាស៊ីដែលជាកន្លែងសម្រាប់មនុស្សច្រើន ជាងទីតាំងផ្សេងទៀត នៅតែត្រូវការការវិនិយោគបន្ថែមទៀត នៅក្នុងការអប់រំឧត្តមសិក្សា។

តាមគំនិតរបស់លោក ប្រទេសកម្ពុជាអាចក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧត្តមសិក្សានៅអាស៊ីអាគ្នេយ៍ ដែលមានដីគ្រប់គ្រាន់ ងាយស្រួលចូល និងក្លាយជាចំណុចក្តៅនៃទេសចរណ៍ពិភពលោក។

ទន្ទឹមនឹងនោះ ប្រតិភូមួយចំនួនបានលើកឡើងច្រើន អំពីបរិយា​កាសធុរកិច្ច ដែលកំពុងកើតមាននៅកម្ពុជា។

លោក Anil Joseph Pinto មន្ត្រីអត្រានុកូលដ្ឋាននៃសាកលវិទ្យាល័យ Christ Deemed នៅទីក្រុង Bangalore បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ មកកាន់ប្រទេសកម្ពុជាគឺជាបទពិសោធន៍វិជ្ជមានសម្រាប់លោក៕