បើយោងតាមរបាយការណ៍ ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបង្ហាញអោយដឹងថា នៅត្រីមាសទីមួយឆ្នាំ ២០២៣ ប្រទេសកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានជាង ៥.៣ពាន់លានដុល្លារអាមេរិក ពោលគឺ ធ្លាក់ចុះ៥.៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
តាមទិន្នន័យដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ៥.៣ពាន់លានដុល្លារ ថយចុះ៥.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃ ៥.៧ពាន់លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិ ក្នុងតម្លៃជិត ៦ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២១.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានតម្លៃ ៧.៤ពាន់លានដុល្លារ។
ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ថយចុះ១៤.៥ ភាគរយ។
តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផលិតផលសម្លៀកបំពាក់ ត្រូវបាននាំចេញក្នុងតម្លៃ ១.៦ពាន់លានដុល្លារ , ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំផ្សេងៗនាំចេញក្នុងតម្លៃ ៧៣៦លានដុល្លារអាមេរិក, ស្បែកជើងនាំចេញបាន ៣២៣លានដុល្លារ, កៅស៊ូ នាំចេញបាន ១៦៨លានដុល្លារ រួមនឹងទំនិញផ្សេងទៀត។