Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាជំរុញអោយមានការហោះហើរដោយត្រង់ឡើងវិញជាមួយប្រទេសជប៉ុន

Media LNN | Apr 13, 2023
កម្ពុជាជំរុញអោយមានការហោះហើរដោយត្រង់ឡើងវិញជាមួយប្រទេសជប៉ុន
Clinic narith
 

កម្ពុជា និងជប៉ុន បានជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ដោយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ហោះហើរឡើងវិញ មកកាន់ប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ។

ពួកគេ​បាន​និយាយ​អំពី​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន​បាន​អនុញ្ញាត​ឱ្យ​មាន​ទិដ្ឋាការ​អេឡិចត្រូនិក (e-Visa) ដល់​ភ្ញៀវទេសចរ​កម្ពុជា​ ។

លោក ថោង ខុន បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុនបានប្រកាសជាផ្លូវការថា ភ្ញៀវទេសចរកម្ពុជាទាំងអស់អាចស្នើសុំ e-Visa តាមអ៊ីនធឺណិតបានចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោក​បាន​បន្ត​ថា​៖ «​តាមរយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ e-VISA នេះ វា​នឹង​ជំរុញ​ចំនួន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន និង​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​ទស្សនា​ប្រទេស​កម្ពុជា​»​

ឯកអគ្គរាជទូតជប៉ុនបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ ដែល     រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតអោយដាក់ពាក្យសុំទិដ្ឋាការ ឬ e-VISA តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីទៅលេងប្រទេសជប៉ុន។

លោកបានមានប្រសាសន៍ថា ប្រទេសជប៉ុនប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន និងភ្ញៀវទេសចរជប៉ុនមកកម្ពុជា

ភាគីទាំងពីរបាននិយាយថា វាបានលើកទឹកចិត្តដល់ការបន្តការហោះហើរត្រង់ដោយក្រុមហ៊ុនអាកាសចរណ៍ ANA ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលត្រូវបានផ្អាកក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19

សូមបញ្ជាក់ថា​ ក្នុង​បរិបទ​មុន​កូវីដ​១៩ ភ្ញៀវ​ទេសចរ​ជប៉ុន​ប្រមាណ​២០​ម៉ឺន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា​ប្រមាណ​២០.០០០​នាក់​បាន​ទៅ​លេង​ប្រទេស​ជប៉ុន៕