រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២ ០៤៩នាក់ ដែលបានហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ នេះបើតាមការឱ្យដឹងពីលោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។
លោកបានឱ្យដឹងផងដែរថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ចំនួនជើងហោះហើរនៅកម្ពុជា បានកើនឡើងដល់ ៦៦៩៩ជើង។
ដោយឡែកគិតត្រឹមក្នុងខែមីនា អ្នកដំណើរដែលចូលមកកម្ពុជាតាមអាកាសយានដ្ឋានទាំងបី មានចំនួន ៣១៣ ០៦៧ កើនឡើង១១% ខណៈចំនួនជើងហោះហើរមានចំនួន ២ ៤៦៤ជើង កើនឡើង១៥% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។
សម្រាប់ក្នុងខែមីនានេះ អ្នកដំណើរមកពីប្រទេសចិន មានចំនួន ៤១ ០៦៤នាក់ កើនឡើង ៣៤% និងចំនួនជើងហោះហើរកើនឡើង ដល់៤១០ជើង កើន២៩% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣, អ្នកដំណើរមកពីប្រទេសថៃ ប្រហាក់ប្រហែលនឹងខែមុន ក្នុងចំនួន១០៣ ៣៧៨នាក់, មកពីប្រទេសវៀតណាមមានចំនួន ៣៥ ២៥៩ នាក់ កើនឡើង២៧%, មកពីប្រទេសមីយ៉ាន់ម៉ា មានចំនួន ១ ៣៦៥នាក់ កើនឡើង៤៨%, មកពីប្រទេសហ្វីលីពីន មានចំនួន៤ ៨៩៥នាក់ កើនឡើង១១%, មកពីម៉ាឡេស៊ី មានចំនួន ៣៦ ៨៩១នាក់ កើនឡើង១៤% ,មកពីប្រទេសសិង្ហបុរី មានចំនួន៤៣ ៨៩៧នាក់ កើនឡើង៥% , មកពីប្រទេសកូរ៉េខាងត្បូងមានចំនួន ២៤ ៨២០ កើនឡើង ២០%, មកពីតៃវ៉ាន់មានចំនួន១៤ ៥៩១នាក់ កើនឡើង២% និងមកពីតំបន់ពិសេសហុងកុង មានចំនួន ៥ ៥០៨នាក់ ថយចុះ១%។
បើតាមអាកាសចរស៊ីវិលបច្ចុប្បន្ននេះប្រតិបត្តិការដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិទាំងបី ធ្វើឡើងជាមួយប្រទេសចំនួន១១ប្រទេស និងមានក្រុមហ៊ុនអាកាសចរណ៍មានចំនួន២៦ កំពុងប្រតិបត្តិការហោះហើរប្រចាំសប្តាហ៍៕