បេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់បានចេញធ្វើការកត់សម្គាល់ថា ពេលនេះ មិនមានឃើញសញ្ញានៃការចរចារគ្នាណាមួយរវាងភាគីជម្លោះលេចឡើងនោះទេ ខណៈបទឈប់បាញ់ថ្មីក៏កំពុងតែរង្គោះរង្គើ។
បេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ Volker Perthes បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារទី ២៥ ខែមេសា ឆ្នាំ២០២៣ថាភាគីទាំងពីរនៅក្នុងជម្លោះសុទ្ធតែជឿថាពួកគេអាចទទួលបានជ័យជំនះរៀងៗខ្លួន។លោក Perthes បាននិយាយថា “ដូច្នេះមិនទាន់មានសញ្ញាច្បាស់លាស់ណាមួយដែលថាភាគីទាំងពីរត្រៀមខ្លួនជាស្រេចក្នុងការចរចាច្បាស់លាស់ណាមួយទេ”។ ដោយបាននិយាយតាមរយៈតំណភ្ជាប់វីដេអូពីកំពង់ផែភាគខាងកើតរបស់ប្រទេសស៊ូដង់ បេសកជនរូបនេះថា “នេះគឺជាការគណនាខុសហើយ”។ ភាគីសង្រ្គាមទាំងពីរបានប្រយុទ្ធដោយមិនគោរពច្បាប់ និងបទដ្ឋាននៃសង្រ្គាម ដោយវាយលុកតំបន់ដែលមានប្រជាជនរស់នៅច្រើន មិនខ្វល់ពីជនស៊ីវិល មន្ទីរពេទ្យ ឬសូម្បីតែរថយន្តសម្រាប់ផ្ទេរអ្នករបួសឈឺ”។
យោងតាមប្រភពដដែលនេះ ការប្រយុទ្ធគ្នារវាងមេទ័ពស៊ូដង់ទាំងពីរបានផ្ទុះឡើងច្រើនថ្ងៃមកហើយ ពោលគឺចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមេសា វ តំបន់លំនៅដ្ឋានក្នុងទីក្រុង Khartoum ត្រូវបានប្រែក្លាយទៅជាសមរភូមិដែលការបាញ់កាំភ្លើង និងរថក្រោះ ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំបានសម្លាប់មនុស្សយ៉ាងតិច ៤៥៩ នាក់ របួសជាង ៤០០០ នាក់ ដាច់ចរន្តអគ្គិសនី និងទឹក និងការចែកចាយស្បៀងអាហារមានកម្រិតដល់ប្រជាជនមួយភាគបីក្នុងចំណោមប្រជាជនសរុប៤៦ លាននាក់៕