តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រកចំណូលបានពីការវិនិយោគនៅកម្ពុជា សរុបប្រមាណ ២៧លានដុល្លារ ដោយចំណេញបាន ២លានដុល្លារ ក្រោយការបង់ពន្ធរួច កាលពីឆ្នាំ ២០២២។ នេះជាការបញ្ជាក់របស់លោក UEMATSU HIROSHI ប្រធាននាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈកិច្ចសម្ភាសន៍ ពិសេសរបស់កម្ពុជាថ្មី។
លោក UEMATSU HIROSHI បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានរួមចំណែកជួយ ដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញផលិតផលនានា។ លោកបញ្ជាក់ថា ការនាំចេញរបស់តំបន់ សេដ្ឋកិច្ចពិសេស កាលពីឆ្នាំ ២០២២ គិតជាទឹកប្រាក់ប្រមាណ ៩៦០លានដុល្លារ ពោលគឺមានការកើន ឡើងជារៀងរាល់ឆ្នាំ។
បើតាមលោក UEMATSU នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនចំនួន ១៥០ កំពុងដំណើរការ ដោយក្នុងនោះ ៤០ភាគរយ គឺក្រុមហ៊ុនមកពីប្រទេសជប៉ុន, ៣០ក្រុមហ៊ុនមកពីប្រទេសចិន ក៏ដូចជាក្រុមហ៊ុនមក ពីប្រទេសថៃ អាមេរិក ហ្វីលីពីន វៀតណាម និងប្រទេសដទៃទៀត បានចូលមកបោះទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសនេះ។
ពាក់ព័ន្ធនឹងផលិតផលដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានដូចជា វាយនភ័ណកាត់ដេរសម្លៀកបំពាក់ រថយន្ត គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផ្សេងៗទៀត។
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណ ៤ម៉ឺនាក់ ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ទៀត៕