អ៊ុយក្រែននិយាយថា ខ្លួនកំពុងបង្កើតនិងបណ្តុះបណ្តាលកងពលថ្មីៗ សម្រាប់ការវាយលុកតបតទៅរុស្ស៊ី។ រឿងនេះកើតឡើង ខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតែបន្តក្នុងទីក្រុង Bakhmut។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមេសាថា ទាហានរបស់ខ្លួន បានចាប់យកតំបន់ចំនួនបួននៅភាគពាយព្យនិងភាគនិរតីទីក្រុង Bakhmut ដោយមានការគាំទ្រពីអង្គភាពទ័ពឆ័ត្រយោង។
ងាកមកអ៊ុយក្រែនវិញ មន្ត្រីឆ្មាំជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ដដែលថា កងកម្លាំងរបស់ប្រទេស បានគ្រប់គ្រងផ្លូវដឹកជញ្ជូននៅភាគខាងលិចទីក្រុង Bakhmut។
មន្ត្រីខាងលើគូសបញ្ជាក់ថា កងពលថ្មីចំនួន៩ កំពុងត្រូវបានបង្កើតឡើង ដោយមានទាហានស្ម័គ្រចិត្តជាច្រើន ខណៈមេបញ្ជាការ កំពុងធ្វើការហ្វឹកហ្វឺនយ៉ាងសស្រាក់សស្រាំ។
ដោយឡែក កាលពីថ្ងៃពុធ មេក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានរាយការណ៍អំពីការខ្វះខាតគ្រាប់រំសេវបន្ថែមទៀត។ លោកបានកត់សម្គាល់ថា អ៊ុយក្រែនអាចនឹងបើកការវាយលុកមួយនៅពេលដែលលក្ខខណ្ឌអាកាសធាតុប្រសើរឡើងក្នុងតំបន់៕