យោងតាមការស្ទង់មតិចុងក្រោយរបស់សភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា កម្មករថៃ កំពុងជួបប្រទះបំណុលគ្រួសារក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល១៤ឆ្នាំមកនេះ។
ការស្ទង់មតិលើអ្នកឆ្លើយសំណួរចំនួន១៣០០០នាក់ ដែលរកចំណូលបានតិចជាង១៥០០០បាតក្នុងមួយខែ បានរកឃើញថា បំណុលគ្រួសាររបស់ពួកគេបានកើនឡើង ២៥,០៥% នៅឆ្នាំនេះពោលគឺបំណុលបានដល់ជាមធ្យម ២៧២ ៥២៨បាត។
ទោះបីជាយ៉ាងណាក៏ដោយ ការស្ទង់មតិក៏បានរកឃើញដែរថា សមាមាត្រនៃបំណុលក្រៅផ្លូវការរបស់ពួកគេ បានធ្លាក់ចុះដល់កម្រិតទាបបើគិតសម្រាប់រយៈពេល១៤ឆ្នាំចុងក្រោយ។
ដោយធ្វើឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែមេសា ការស្ទង់មតិបង្ហាញថា ប្រាក់កម្ចីក្រៅផ្លូវការបានធ្លាក់ចុះមកត្រឹម២០,២% បើធៀបនឹង៣១,១%កាលពីឆ្នាំមុន។
ប្រធាន UTCC លោក Thanawat Phonwichai និយាយថា ប្រាក់កម្ចីក្រៅផ្លូវការមួយចំនួនទំនងជាត្រូវបានប្តូរទៅជាប្រាក់កម្ចីផ្លូវការវិញ។ ថ្វីបើបំណុលគ្រួសារនៅមានកម្រិតខ្ពស់ក៏ដោយ វាមិនមែនជាមូលហេតុសម្រាប់ក្តីព្រួយបារម្ភនោះទេ។
គួរបញ្ជាក់ថា ការប្រាក់សម្រាប់កម្ចីផ្លូវការជាមធ្យមគឺ ៨,៧៦% ក្នុងមួយឆ្នាំ ខណៈកម្ចីក្រៅផ្លូវការមានការប្រាក់ជាមធ្យម១៥,៥% ក្នុងមួយខែ។ ៧៧,២%ក្នុងចំណោមកម្មករដែលត្រូវស្ទង់មតិ បាននិយាយថា ពួកគេមិនមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ការចំណាយទេ ដោយពួកគេជាមធ្យមត្រូវសងបំណុល ៨.៥៧៧បាតក្នុងមួយខែ។