
ថៃ ដែលជាប្រទេសផលិតជ័រកៅស៊ូធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក បានរក្សាតំណែងរបស់ខ្លួនជាអ្នកនាំចេញស្រោមអនាម័យពិភពលោកកំពូល និងចំណេញលុយកប់ក្តោងនៅឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ។
ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ប្រទេសថៃបានដឹកជញ្ជូនស្រោមអនាម័យដែលមានតម្លៃ ២៧២.៣ លានដុល្លារកាលពីឆ្នាំមុន(ឆ្នាំ២០២២) ទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាមដែលជាអ្នកទិញធំជាងគេបំផុត។ ក្រសួងបាននិយាយថាប្រទេសថៃកាន់កាប់ចំណែកខ្ពស់បំផុតក្នុងការនាំចេញស្រោមអនាម័យពិភពលោកដែលមានចំនួន ៤៤% នៃទីផ្សារពិភពលោកកើនឡើងពី ៤៣.៧% កាលពីឆ្នាំមុន។
ប្រទេសថៃ ដែលផ្តោតលើគុណភាព និងអនាម័យ មិនត្រឹមតែបាននាំចេញនូវស្រោមអនាម័យប៉ុណ្ណោះទេ តែក៏មាននូវផលិតផលផ្សេងៗទៀតដែរ។ ក្នុងនោះតាមទិន្នន័យដដែល ប្រទេសថៃក៏គ្របដណ្តប់លើការនាំចេញទុរេន ដែលមានតម្លៃ ៣.២២ ពាន់លានដុល្លារជាផលិតផលកសិកម្មធំជាងគេទី ៤ ដែលមានអ្នកទិញធំជាប្រទេសចិន។
យ៉ាងណាមិញ ថៃបានដាក់ចេញនូវវិធានការប្រុងប្រយ័ត្នផ្នែកទីផ្សាដោយសារមើលឃើញពីការប្រកួតប្រជែងនាំចេញទុរេនពីសំណាក់វៀតណាម និងតម្រូវការសកលចុះទាបនៅឆ្នាំនេះ(២០២៣)។ លោក Poonpong Naiyanapakorn អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងថៃថា “អ្នកនាំចេញត្រូវតែមានការប្រុងប្រយ័ត្ន ខណៈដែលយើងកំពុងបាត់បង់ចំណែកទីផ្សារ” ។ “យើងត្រូវធ្វើពិពិធកម្មហានិភ័យរបស់យើងពីការពឹងផ្អែកខ្លាំងពេកទៅលើប្រទេសចិន”៕