សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដោយមោទនភាពថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ បានដើរដល់ដំណាក់កាលថ្មីមួយ នោះគឺទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ។
ការថ្លែងខាងលើនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកកម្មអន្តរជាតិ ១ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច មានមោទនភាពណាស់ ចំពោះទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ហើយមកដល់ម៉ោងនេះ សម្ដេចអាចនិយាយបានថា កម្ពុជា-ជប៉ុន បានដើរដល់ដំណាក់កាលថ្មីមួយ នៃទំនាក់ទំនង។
សម្ដេចតេជោ ហ៊ុន សែន ថែ្លងបែបនេះថា «កាលពីខ្ញុជួយអតីតនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ ភាគីយើងទាំងពីរ បានលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្ដ មិនទាន់ប្រើប្រាស់ពាក្យគ្រប់ជ្រុងជ្រោយទេ នៅពេលដែលឯកឧត្ដម គីស៊ីដា ទស្សនកិច្ចនៅកម្ពុជានៅខែមីនា ឆ្នាំ ២០២២កន្លងទៅ ខ្ញុំបានលើកជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រី គីស៊ីដា ថា ទំនាក់ទំនងរបស់យើងវារីកចម្រើនហើយ គួរតែរុញវាឲ្យទៅដល់ដំណាក់នៃទំនាក់ទំនងយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ១ខែក្រោយមក សម្ដេច បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងវេទិកាទឹក សម្ដេច បានលើកករណីខាងលើនេះម្ដងទៀត។ ក្រោយមកទៀត នៅពេលដែលសម្ដេច ទៅចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ សម្ដេច បានលើកឡើងម្ដងទៀតនូវករណីខាងលើនេះ។
បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រី គីស៊ីដា ដែលអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយក្នុងជំនួបទ្វេភាគីជាមួយសម្ដេច និងលោក គីស៊ីដា បានឯកភាពគ្នាថា ខួបលើកទី ៧០ នៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ត្រូវលើកកម្ពស់ទំនាក់ទំនងនោះ ឲ្យទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ៕