នៅល្ងាចថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់គណៈប្រតិភូកីឡាកម្ពុជា ហើយតែងតែជួបសំណេះសំណាល និងផ្តល់អនុសាសន៍ផ្សេងៗមុននឹងពួកគេចេញប្រកួតស៊ីហ្គេម។ ដូចនឹងបណ្តាការប្រកួតនាពេលកន្លងទៅដែរ នៅឆ្នាំ២០២៣នេះ ទោះបីការប្រកួតត្រូវបានរៀបចំឡើងនៅកម្ពុជាយ៉ាងណាក្តី ក៏សម្តេចតេជោ ឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ ដើម្បីបានផ្តល់ដំបូន្មាន និងអនុសាសន៍ ក៏ដូចជាផ្តល់ការលើកកម្លាំងចិត្តដល់កីឡាករ កីឡាការិនី អត្តពលិក ក៏ដូចជាគណៈប្រតិភូកីឡាទាំងមូល។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រតិភូកីឡាកម្ពុជា ត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣នេះ មានចំនួនសរុប ១,២០៣នាក់ ក្នុងនោះកីឡាករ និង គ្រូបង្វឹក មន្ត្រីជំនួយបច្ចេកទេសជំនាញចំនួន ១,១៣៦នាក់។ ដោយឡែកសមាសភាព កីឡាករ គ្រូបង្វឹក ប្រធានក្រុមកីឡា ដែលបានចូលរួមសម្តែងការគួរសម ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលនេះមានចំនួនសរុប ១,១៣៦ នាក់ (ដោយ មិនគិត ថ្នាក់ដឹកនាំ ចំនួនប្រតិភូ ៦៧នាក់)។
លោក ថោង ខុន បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣នេះ កម្ពុជា ចូលរួមប្រកួតក្នុង ៣៦ប្រភេទកីឡា និងកីឡាសម្តែងមួយ ប្រភេទ គឺកីឡា បាល់ទាត់លើតុ «tagball»។ ក្នុង ៣៦ប្រភេទកីឡា មាន កីឡាយុទ្ធគុន ដែលមាន៦ប្រភេទកីឡា រួមបញ្ចូលគ្នា (ដូចជាកីឡាប្រដាល់គុនខ្មែរ កីឡាគុនល្បុក្កតោ កីឡាអានីស កីឡាជឺជីតស៊ូ កីឡា Kick Boxing កីឡាវ៉ូវីណាម)។ ដូច្នេះបើគិតរួម ប្រភេទកីឡាសរុប មានចំនួន ៤១ប្រភេទកីឡា ក្នុង SEAGAMES លើកទី៣២នេះ។
លោក ថោង ខុន បានគូសបញ្ជាក់ដែរថា មកដល់ពេលនេះកីឡាករ កីឡាការិនីកម្ពុជា ភាគច្រើន បានត្រឡប់មកដល់កម្ពុជាអស់ហើយ បន្ទាប់ពីចេញទៅហ្វឹកហាត់ក្រៅប្រទេស។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ បានហ្វឹកហាត់ទាំងក្នុង និងក្រៅប្រទេសយ៉ាងសកម្ម។ ក្នុងនោះកីឡាករប្រមាណ ៤០ភាគរយ បានចេញទៅហ្វឹកហាត់ និងប្រកួតក្រៅប្រទេស ដើម្បីបង្កើនគុណផលកីឡា និងបច្ចេកទេសកីឡា។ បើតាមការវាយតម្លៃបច្ចេកទេស និងគុណផលកីឡា តាមប្រព័ន្ធវិទ្យាសាស្ត្រកីឡា និងចិត្តសាស្រ្តកីឡា មានដូចខាងក្រោម៖
១៖ ជំនាញបច្ចេកទេសកីឡា កើនឡើង ៧០% ធៀបនឹងឆ្នាំ២០២២
២៖ គុណភាពកម្លាំងកាយកើនឡើង ១០០% ធៀបនឹងឆ្នាំ២០២២
៣៖ កម្លាំងចិត្តសាស្រ្តកីឡាករ ក្នុងនាមម្ចាស់ផ្ទះ មានសន្ទុះមុតស្រួចជាមុន និងមានស្មារតីប្រយុទ្ធ «Fighting Spirit» ហ្នឹងន៎ជាងមុន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា យោងតាមការវាយតម្លៃ អាចធ្វើឱ្យសន្ទស្សន៍មេដាយមាស ប្រាក់ សំរឹទ្ធ របស់កីឡាករជម្រើសជាតិកម្ពុជា កើនឡើងជិត ២០០ភាគរយ បើធៀបចំនួនមេដាយសរុប (៦៣ មេដាយ) ក្នុងការប្រកួត SEA Games ឆ្នាំ២០២២ នៅវៀតណាម៕