
ការិយាល័យប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនកាលពីថ្ងៃពុធថា បានប្រើប្រាស់យន្តហោះដ្រូនចំនួន ២ គ្រឿងដើម្បីវាយប្រហារវិមានក្រឹមឡាំង ក្នុងការប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។
ការិយាល័យប្រធានាធិបតីបាននិយាយទៀតថា ទោះយ៉ាងណា រ៉ាដាចាប់សញ្ញារបស់រុស្ស៊ីបានបញ្ឈប់យន្តហោះដ្រូនទាន់ពេលវេលា ហើយផ្នែកខ្លះនៃដ្រូនបានធ្លាក់នៅលើបរិវេណនៃវិមានក្រឹមឡាំង ហើយមិនមានរបាយការណ៍ពីការខូចខាតនោះទេ ។
ស្របពេលជាមួយគ្នានេះ វិមានក្រឹមឡាំងបានចាត់ទុកសកម្មភាពនេះថាជា “អំពើភេរវកម្មដែលបានគ្រោងទុក” និង “ការប៉ុនប៉ងធ្វើឃាត” លើលោក ពូទីន នៅមុនការដង្ហែរក្បួនទិវាជ័យជម្នះ ៩ ឧសភារបស់រុស្ស៊ី ។
ជាចុងក្រោយ វិមានក្រឹមឡាំងបាននិយាយថា ភាគីរុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការសងសឹកនៅកន្លែងណា និងនៅពេលណាដែលគិតថាសមស្រប ៕