រាជធានីភ្នំពេញ៖ នៅតាមប្រាង្គប្រាសាទសិលាខ្មែរមួយចំនួនដូចនៅប្រាសាទបាពួន អង្គរវត្ត បាយ័ន និងព្រះខ័ន នាតំបន់សៀមរាបអង្គរ យើងឃើញមានចម្លាក់មនុស្សអង្គុយលេងល្បែងចត្រង្គ ឬអុក ដោយមានវត្តមានរបស់អ្នកមើលជាច្រើននាក់នៅជុំវិញគូបដិបក្ខ ។ នៅពេលនេះយើងសូមលើកយកតែចំណុចសំខាន់ៗប៉ុណ្ណោះនៃល្បែងចត្រង្គ ឬអុកមកបកស្រាយ ។
តើពាក្យ «ចត្រង្គ» និងពាក្យ «អុក» មានប្រភពចេញមកពីណា ហើយមានសារសំខាន់យ៉ាងដូចម្តេចខ្លះក្នុងសង្គមខ្មែរ ? ល្បែងចត្រង្គ ឬល្បែងអុក ត្រូវបានគេចាត់ទុកថា ជាកីឡាផ្នែកខាងមនោពលកម្ម គឺជាល្បែងបង្ហាត់ចិត្តឱ្យរឹងមាំ មានះ ប្រកាន់ជំហររឹងមាំ តស៊ូក្នុងកិច្ចការដែលជាតួនាទីរបស់ខ្លួនដែលត្រូវធ្វើ ។ ល្បែងអុកចត្រង្គមានតាំងពីបុរាណកាលមកម៉្លេះសម្រាប់កងទ័ពលេងឱ្យមានប្រាជ្ញាវាងវៃក្នុងការប្រើឧបាយកលក្នុងចម្បាំង ជាពិសេសសំដៅដល់ការរៀបចំទ័ពទាំង៤ ឱ្យបានត្រឹមត្រូវតាមក្បួនយុទ្ធសាស្ត្រមុនពេលចេញទៅ ច្បាំងនៅសមរភូមិ ។
បានសេចក្តីថា ល្បែងអុកចត្រង្គនេះជាល្បែងដ៏ថ្លៃថ្លាបំផុត ព្រោះផ្តល់នូវបច្ចេកទេស និងយុទ្ធសាស្ត្រលេងប្រកបដោយទេពកោសល្យខ្ពស់ និងសក្តានុពលខាងផ្លូវចិត្ត ឬបញ្ញាញាណ និងផ្លូវកាយ ។ ដៃគូដែលលេងសុទ្ធតែខ្លាំងពូកែ ពោលគឺពោរពេញទៅដោយស្នៀតខុសប្លែកពីគ្នា ហើយនៅទីបញ្ចប់អាចធ្វើឱ្យគូបដិបក្ខទាល់ច្រក ហើយស្លាប់តែម្តង ដោយការវិភាគស្ថានភាពស៊ីជម្រៅ តើត្រូវដកថយ សម្ងំ ឬក៏វាយលុកទៅមុខ ។ បានជាគេហៅថា ល្បែងអុក ដោយសារល្បែងនេះមានគោលដៅសម្លាប់ «ខុន» បើកូនចត្រង្គណាមួយដើរដល់ក្រឡាដែលអាចស៊ីខុន បានគេតែងបន្លឺពាក្យថា «អុក» ។ ចំពោះពាក្យចត្រង្គ ក្លាយមកពីភាសាសស្ក្រឹត និងបាលីថា «ចតុរង្គ» មានន័យដូចគ្នានឹងពាក្យខ្មែរថា អុក។
ពាក្យចត្រង្គដែលបានឱ្យកំណើតមកជាពាក្យអុករបស់ខ្មែរបច្ចុប្បន្នតាមវចនានុក្រមខ្មែរមានន័យថា ទ័ពទាំង៤ គឺទ័ពសេះ, ដំរី, ថ្មើរជើង និងជើងទឹក ហើយអាចជាសញ្ញាឆ្លុះបញ្ចាំងឱ្យឃើញថា វាជាការរៀបចំទ័ពទាំង៤ប្រភេទខាងលើនេះដែលជាកាតព្វកិច្ចរបស់មេទ័ពផងដែរ ។ ចត្រង្គមានចំនួន៣២ សម្រាប់ដើរលេងលើក្តារ៤ជ្រុង (ក្តារអុក) ដែលមានក្រឡា៦៤ ។ ក្តារនេះមានសណ្ឋាន៤ជ្រុងស្មើគ្នាមិនកំណត់ទំហំទេ ។ កូនចត្រង្គទាំង៣២ គេអាចធ្វើពីភ្លុក ឬពីស្នែង ឬឈើផ្សេងៗដូចជា នាងនួន និងដើមដៃខ្លាជាដើមទៅតាមលទ្ធភាព និងធនធានដែលគេមាន និងធ្វើទៅបាន ក្នុងនោះដើម្បីកុំឱ្យច្រឡំនៅពេលលេងកូនចត្រង្គត្រូវមានពណ៌ខុសគ្នាជាពីរពួក (មួយពួកមាន១៦កូន) បើមួយពួកធ្វើពីភ្លុក មួយទៀតធ្វើពីស្នែង ឬមួយពួកធ្វើពីនាងនួន មួយពួកទៀតធ្វើពីគ្រញូងជាដើម ។
សម្រាប់កូនចត្រង្គទាំង៣២នោះមានសមាសភាពដូចជា កូន២ហៅថា «ខុន» ទុកជាស្តេចសោយរាជ្យ ដែលមានរូបសណ្ឋានដូចសន្លឹកសីមា, កូន២ ហៅថា «នាង» ទុកជាព្រះអគ្គមហេសី មានសណ្ឋានដូចតួចេតិយ, កូន៤ ហៅថា «គោល» មានសណ្ឋានដូចសន្លឹកសីមាទំហំតូចជាងខុន ទុកជាសេនាបតី ឬមេទ័ព, កូន៤ ហៅថា «សេះ» មានសណ្ឋានដូចជាក្បាលសេះមានមាត់ ច្រមុះ ត្រចៀក ក ស្មា, កូន៤ ហៅថា «ទូក» មានសណ្ឋានដូចឫសសីមា, កូន១៦ ហៅថា «ត្រី» មានសណ្ឋានមូលសំប៉ែតប៉ុនប្រាក់កាក់ ដោយមានសញ្ញាឱ្យដឹងថា ពោះខ្នងដែលកូនទាំងអស់នេះទុកជាសេនារេហ៍ពល ។
ចំពោះការប្រកួតល្បែងអុកនេះ គឺចែកជាពីរក្រុម ក្នុងនោះអាចម្នាក់ទល់ម្នាក់ ឬក៏មួយក្រុមទល់នឹងមួយក្រុម ហើយមានមនុស្សចាប់ពី២ទៅ៣នាក់ឡើងទៅក៏បាន ។ អ្នកលេងត្រូវយកកូនចំនួន៣២ ដែលមាន២ពណ៌ខុសគ្នាមកចែកជា២ទៅតាមពណ៌ដែលអ្នកលេងបានជ្រើសរើសយកមកធ្វើជាកូនអុកសម្រាប់ប្រកួត ។ ក្នុងនោះក្រុមនីមួយៗត្រូវមានកូនអុកចំនួន១៦កូន ស្មើគ្នាដែលមានខុន១ នាង១ គោល២ សេះ២ ទូក២ និងត្រី៨ ដោយមុននឹងលេងក្រុមនីមួយៗត្រូវរៀបកូនចត្រង្គរបស់ខ្លួនលើក្តារអុកដែលមាន៦៤ក្រឡានោះ ។ របៀបលេងសម្រាប់ការធ្វើដំណើររបស់ទូក គឺដើរតាមបណ្តោយក្រឡាដោយឥតព្រំដែន ខណៈសេះដើរផ្លោះកាត់បញ្ចៀង៣ក្រឡា, ចំណែកគោលវិញអាចដើរបាន៥ផ្លូវ គឺដើរទៅក្នុងក្រឡាមុខខ្លួនមួយក្រឡា និងក្រឡានៅជ្រុងទាំង៤ដែលជាប់នឹងក្រឡាខ្លួនជាលក្ខណៈបញ្ឆិត ។
ចំពោះខុនអាចដើរបាន៨ផ្លូវ គឺក្រឡាទាំង៨ដែលនៅជុំវិញខ្លួន, នាងអាចដើរបាន៤ផ្លូវ គឺដើរទៅក្នុងក្រឡានៅជ្រុងទាំង៤ ដែលជាប់នឹងខ្លួន, ត្រីដែលមិនទាន់បក ដើររុកទៅមុខខ្លួនមួយក្រឡាម្តងៗទាំងមានសិទ្ធិស៊ីកូនចត្រង្គជាគូប្រកួតរបស់ខ្លួននៅក្នុងក្រឡាជ្រុងអមផ្លូវទាំង២ជ្រុង (បើត្រីបកដើរដល់ក្រឡាជាព្រំដែននៃកូនចត្រង្គរបស់គូប្រកួត ហើយអាចដើរបានដូចនាង ។ ការចាប់ផ្តើមលេងបន្ទាប់ពីអ្នកចូលរួមលេងបានរៀបចំកូនចត្រង្គរៀងៗខ្លួនជាស្រេចនោះ ទាំងពីរក្រុមត្រូវឱ្យក្រុមណាមួយដើរកូនចត្រង្គមុន (ករណីលើកដំបូង) បើលើកទី១ មានអ្នកចាញ់ឈ្នះហើយដល់លេងបន្តបន្ទាប់ទៀត គឺអ្នកឈ្នះជាអ្នកដើរមុន ។
ជាទម្លាប់ទូទៅ គេច្រើនដើរត្រីទៅខាងមុខខុន ឱ្យបានត្រី២ ឬ៣សិន រួចចាំដើរកូនចត្រង្គដទៃទៀតតាមដំណើរនៃប្រភេទកូនចត្រង្គនីមួយៗ ។ នៅពេលប្រកួតអ្នកលេងត្រូវប្រុងប្រយ័ត្ន២យ៉ាងគឺត្រូវប្រយ័ត្នកុំឱ្យកូនចត្រង្គខាងគូប្រកួតដែលមានឥទ្ធិពលតិចស៊ីកូនចត្រង្គរបស់ខ្លួនដែលមានឥទ្ធិពលច្រើនជាង ឧទាហរណ៍ ត្រីរបស់គូប្រកួតត្រូវស៊ីសេះ ទូក គោលរបស់យើងដោយស៊ីឥតថ្នូរ ។ មួយទៀតត្រូវប្រយ័ត្នបំផុតកុំឱ្យចត្រង្គខាងគេចោមសម្លាប់ខ្លួនខុនរបស់យើងបាន ព្រោះគោលដៅនៃល្បែងចត្រង្គគឺសម្លាប់ខុន បើគេសម្លាប់បានហើយ គឺចាត់ទុកថាយើងជាអ្នកចាញ់ ។ ក្នុងការលេង បើទ័ពគឺកូនចត្រង្គរបស់អ្នកណាមួយដែលអ្នកលេងម្ខាងទៀតបានស៊ីអស់ហើយនៅសល់តែខុនមួយ ខុននោះត្រូវខុនដែលមានទ័ពច្រើនតាមប្រដេញសម្លាប់ចោលទាល់តែរត់លែងរួច ប៉ុន្តែប្រសិនបើនៅមានសល់ត្រីបក ខុនទាំងពីរត្រូវដើរផ្សងព្រេងដោយវិធីរាប់ជើង បើរាប់ទៅឃើញហួសចំនួនកំណត់នោះគេចាត់ទុកថាស្មើគ្នា តែបើស្លាប់មុននឹងដល់ការរាប់ចំនួនជើងដែលបានកំណត់នោះគេចាត់ទុកថាចាញ់ ។
ចំពោះវិធីរាប់ជើង គឺមានច្រើនបែបទៅតាមទម្លាប់របស់អ្នកលេងដែលមានចំនួនប្រែប្រួលអាស្រ័យទៅតាមចំនួនសល់នៃកូនចត្រង្គ និងប្រភេទនៃកូនចត្រង្គរួមមាន ៖បើសល់ទូក២ រាប់៨, បើសល់ទូក១ រាប់១៦, បើសល់សេះ១ រាប់៦៤, បើសល់គោល២ រាប់២២, បើសល់គោល១ រាប់៤៤, បើសល់ត្រីបក ឬនាង រាប់៦៤ ។ ករណីសល់កូនចត្រង្គលាយចម្រុះគ្នាគេរាប់ដូចជា បើសល់ទូក១ និងសេះ១ ឬ២ រាប់១៦, បើសល់ទូក១ និងគោល១ ឬ២ រាប់១៦, បើសល់ទូក១ និងនាង ឬត្រីបក រាប់១៦, បើសល់សេះ១ ឬ២ និងគោល២ រាប់២២, បើសល់សេះ១ និងគោល១ រាប់៤៤, បើសល់សេះ២ និងគោល១ រាប់៣២, បើសល់សេះ១ និងនាង ឬត្រីបក រាប់៦៤, បើសល់សេះ២ និងនាង ឬត្រីបករាប់៣២ ។
អ្វីដែលកាន់តែពិសេសក្នុងការលេងល្បែងនេះមានពាក្យមួយចំនួនដែលគេត្រូវប្រើដូចជា ស៊ី, ចង់, ផាយ, អង់, អុក, បិទ, អុកបែក, អាប់ ដែលជាពាក្យនិយាយប្រាប់គ្នាឱ្យដឹងតាមហេតុការណ៍ដែលមាន ។ ស៊ីៈ ពាក្យនេះនិយាយប្រើចំពោះកូនចត្រង្គណានៅក្នុងក្រឡាដែលជាជើងរបស់គេ គេអាចស៊ីកូនចត្រង្គនោះបានដូចទូកក្នុងជើងសេះ គឺសេះអាចស៊ីទូកបាន ។ ចង់ៈ ពាក្យនេះប្រើចំពោះកូនចត្រង្គណានៅក្នុងក្រឡាដែលជាជើងនៃកូនចត្រង្គគេ ដែលគេអាចស៊ីបាននោះគេត្រូវរកកូនចត្រង្គដទៃទៀតដែលមានជើងអាចស៊ីគេវិញឱ្យដើរមកក្នុងក្រឡាផ្សេង បើគេស៊ីមក យើងមានកូនស៊ីវិញ គេហៅថា ចង់ ។
ផាយៈ ពាក្យនេះនិយាយប្រើចំពោះខុននៅក្នុងជើងទូក ដែលមានកូនចត្រង្គណាមួយជាបក្សខាងទូកនៅរាំងស្ទះ កាលបើគេដើរកូនដែលស្ទះរាំងជើងទូកនោះគេពោលថា «ផាយ» ព្រោះទូកនោះអាចស៊ីខុនបាន ខុននោះត្រូវរត់ បើរត់មិនរួច គឺចាញ់គេហើយ ។ អង់ៈ ពាក្យនេះប្រើចំពោះទូកដែលដើរទៅនៅក្នុងក្រឡាដែលមានសិទ្ធិស៊ីខុន តែស៊ីមិនទាន់បានព្រោះខុននោះមានទ័ពខ្លួននៅស្ទះរាំងផ្លូវទូក គេហៅថា អង់ ។ អុកៈ ពាក្យនេះនិយាយចំពោះកូនចត្រង្គណាដែលដើរទៅក្នុងក្រឡាមានជើងខ្លួនត្រូវស៊ីខុន ដោយគេទង្គិចកូននោះយ៉ាងខ្លាំងហើយពោលថា អុក ។ ប៉ុន្តែចំពោះខុននិងខុនមិនអាចអុកគ្នាបានទេ ព្រោះខុនទាំងពីរត្រូវដើរចៀសកុំឱ្យប៉ះជើងគ្នាទៅវិញទៅមក ។
បិទៈ ពាក្យនេះប្រើនិយាយចំពោះការយកកូនណាមួយទៅដាក់បិទផ្លូវជើងទូក ដែលគេអុកខុនហើយដើម្បីការពារកុំឱ្យគេស៊ីខុនខ្លួននោះ។ អុកបែកៈ កូនចត្រង្គណាមួយដែលអុកខុនហើយអាចស៊ីកូនដទៃទៀតបាន គេហៅថាអុកបែក ឧទាហរណ៍ដូចជាគេយកសេះអុកខុន សេះនោះអាចស៊ីទូកបាននៅពេលណាដែលក្រុមម្ខាងទៀតចេញខុនហើយ ។ អាប់ៈ ពាក្យនេះសម្រាប់ប្រើហៅខុន ដែលទ័ពគេដេញតាម កាលបើខុននោះត្រូវដើរមិនរួចព្រោះក្រឡានៅជុំវិញខ្លួនសុទ្ធតែជាជើងរបស់គេ ខុននោះត្រូវផ្តួលខ្លួនដេកក្នុងក្រឡាខ្លួន ហើយគេពោលថា អាប់ ។ បញ្ជាក់ ខុនដែលអាប់នេះមិនមែនមានឈ្មោះថា ចាញ់គេទេ ហើយខាងគេក៏មិនទាន់អាចថាឈ្នះបានដែរ ។
គួររំលឹកផងដែរថា ថ្វីដ្បិតតែគ្មានភស្តុតាងណាបញ្ជាក់អំពីវត្តមានរបស់ល្បែងចត្រង្គនេះនាសម័យបុរេអង្គរក្តី ក៏ប៉ុន្តែយើងឃើញថា ល្បែងដ៏ឧត្តុង្គឧត្តមនេះត្រូវបាននាំចូលមកជ្រោយសុវណ្ណភូមិ ឬសុវណ្ណទ្វីបដោយជនជាតិឥណ្ឌានាដើមសតវត្សទី១ តាមរយៈវិស័យពាណិជ្ជកម្មអន្តរជាតិ ។ ល្បែងឥណ្ឌានេះបានទៅដល់ប្រទេសពែសរ៍ ហើយក៏បានបន្តដំណើរទៅប្រទេសអឺរ៉ុបខាងលិច និងប្រទេសរុស្ស៊ីផងដែរតាមរយៈវិស័យពាណិជ្ជកម្មចាប់តាំងពីសតវត្សទី៩ មក ។ ល្បែងចត្រង្គខ្មែរ ក៏ដូចជាឥណ្ឌាដែរ គឺមាន៦៤ក្រឡា ហើយចែកចេញជាកូនខុន (ស្តេច), កូននាង (អគ្គមហេសី), កូនសេះ (មេទ័ព), និងកូនគោល (ទ័ពស្រួច) ហើយកូនទូក និងត្រី (សេនា) ។
ជាក់ស្តែង នៅក្នុងរឿងមហាភារតឥណ្ឌា យើងឃើញមានការពិពណ៌អំពីការភ្នាល់លេងអុករវាងក្រុមបាណវៈ និងកៅរវៈ ។ យ៉ាងណាមិញ យើងក៏បានដឹងដែរថា ព្រះគ្រិស្ណៈ ក៏បានលេងល្បែងចត្រង្គជាមួយព្រះនាងរធា ផងដែរ ដោយល្បែងនោះមាន៦៤ក្រឡាដូចល្បែងអុកសព្វថ្ងៃអញ្ចឹង ។ អ្វីដែលជាចំណុចសំខាន់នោះល្បែងចត្រង្គ ឬអុកនេះត្រូវបានឆ្លាក់នៅតាមប្រាង្គប្រាសាទសិលាខ្មែរ ហើយមានការភ្នាល់ដាក់នគរ ប្រពន្ធ កូន ដោយការលេងអុក ដែលជាមូលហេតុនៃសង្គ្រាមស៊ីសាច់ហុតឈាមគ្នា។ ក្នុងរឿងរាមកេរ្តិ៍ខ្មែរយើងក៏ឃើញមេទ័ពស្វា គឺហនុមានលេង អុកចត្រង្គបណ្តើរ លើកជើងទទួលថ្មបណ្តើរ រួចបោះទៅក្នុងទឹកមហាសមុទ្រដើម្បីធ្វើជាស្ពានទៅកាន់កោះលង្កា។
ក្នុងរឿងកាកី ដែលជាស្នាព្រះហត្តរបស់ព្រះបាទអង្គឌួង ក៏យើងឃើញមានលេងល្បែងអុកដែរ ។ ស្តេចគ្រុឌប្រែកាឡាជាកំលោះមកលេងអុកជាមួយព្រះបាទព្រះបាទព្រហ្មទត្ត រួចហើយក៏ឆក់យកនាងកាកីហោះបាត់ទៅ ។ នេះឥតនិយាយដល់រឿងធនញ្ជ័យដែលលេងអុកផង ។ ដូចនេះការលេងអុកនៅប្រទេសខ្មែរមានអត្ថន័យដូចគ្នានឹងការលេងអុកនៅប្រទេសឥណ្ឌា និងបានប្រសូតចេញពីប្រភពតែមួយ ។ គួរបញ្ជាក់ផងដែរថា សម័យបច្ចុប្បន្នល្បែងអុកនេះនៅតែជាចំណូលចិត្តរបស់ប្រជាពលរដ្ឋទូទៅនិយមលេង ហើយមិនត្រឹមតែប៉ុណ្ណោះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលផងនោះ ល្បែងនេះត្រូវបានរៀបចំឡើងជាព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិទៀតផង។