ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានថ្លែងកោតសរសើរការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា និងរំពឹងថា កម្ពុជាទទួលបានមេដាយច្រើនក្នុងការប្រកួតនេះ។
លោក ថងលុន ស៊ីសុលីត ថ្លែងកោតសរសើរបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ថងលុន បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអញ្ជើញលោកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា។ លោកបន្តថា លោកពិតជាមានកិត្តិយស ហើយរីករាយជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា។ លោកមានជំនឿ ជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើន។
នៅក្នុងជំនួបនេះ លោក ថងលុន បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ដែលបានចូលរួមជួយការលំបាករបស់ឡាវ ទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។
ប្រមុខរដ្ឋឡាវ បានគូសរំលេចដែរថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាធ្វើឱ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យវិនិយោគ វិស័យសន្តិសុខរួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ថងលុន ដែលបានទទួលការអញ្ជើញមកចូលរួមពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា។
សម្ដេចតេជោ ក៏បានឯកភាពជាមួយលោក ថងលុន លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។
លើសពីនោះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីទាំងពីរកម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ