កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការ អំពីការផ្តល់កញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន ហើយក្នុងនោះនឹងរួមមានជាលើកដំបូង នូវរ៉ុក្កែតរយៈចម្ងាយខ្លី ដែលបាញ់ចេញពីផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។
រ៉ុក្កែត Hydra 70 គឺជាប្រភេទរ៉ុក្កែតបាញ់ចេញពីយន្តហោះនិងឧទ្ធម្ភាគចក្រ ដែលផលិតដោយក្រុមហ៊ុនអាមេរិក General Dynamics ហើយពួកវាអាចជួយអ៊ុយក្រែន ធ្វើឱ្យទីតាំងនៅលើដីគោករបស់រុស្ស៉ីចុះខ្សោយកម្លាំងបាន ព្រមទាំងអាចជួយផ្តល់ការគាំទ្រពីផ្លូវអាកាស ដើម្បីឱ្យកងកម្លាំងអ៊ុយក្រែននៅលើដីអាចងាយស្រួលរុលឆ្ពោះទៅមុខ ខណៈដែលទីក្រុងកៀវកំពុងត្រៀមបើកប្រតិបត្តិការវាយបក។ ក្រៅពីនេះ កញ្ចប់ជំនួយយោធានោះ ក៏នឹងរួមមានទាំងកាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ គ្រាប់របស់កាំភ្លើងធំ គ្រាប់រ៉ុក្កែតរបស់ប្រព័ន្ធ HIMARS និងប្រព័ន្ធអាវុធប្រឆាំងរថក្រោះដូចជា TOW, AT-4 និង Carl Gustaf ព្រមទាំងកាំភ្លើងត្បាល់ទំហំផ្សេងៗគ្នា ផងដែរ។
គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាថ្មីខាងលើ គឺជាកញ្ចប់ទី៣៧ហើយ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ដែលមានតម្លៃសរុបបញ្ចូល៣៥.៧ពាន់លានដុល្លារ៕