ក្រសួងទេសចរណ៍បានបង្ហាញពីតួលេខនៃចំនួនទេសចរកូរ៉េមកទស្សនាកម្ពុជានៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៣។ បើតាមទិន្នន័យពីក្រសួងទេសចរណ៍ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរកូរ៉េជាង ៥ម៉ឺននាក់ (៥២,៥៧៨នាក់) ដែលស្ថិតិនេះមានការកើនឡើង ១១១៥.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
ការកើនឡើងនេះអាចសបញ្ជាក់បានថា ស្ថានភាពវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា កំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ហើយកម្ពុជារំពឹងថានឹងទទួលបានទេសចរកូរ៉េប្រមាណ ៨ ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍ កំពុងជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ តាមចក្ខុវិស័យស្ដីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ ដំណាក់កាលទី២ (២០២០-២០២៥)។
កម្ពុជាក៏បើកយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងគោលដៅទេសចរណ៍កីឡា «កីឡារស់ក្នុងសន្តិភាព» តាមរយៈព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរប្រមាណ ២,២៧៦,៦២៦នាក់ កើនឡើង ១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរកូរ៉េមានប្រមាណ ៦៤,០៤០នាក់ កើនឡើង ៩៥៤.៣% ធៀបនឹងឆ្នាំ២០២១៕