តម្លៃមាសអាចនឹងបន្តកើនឡើងរហូតដល់ជាង ២១០០ដុល្លារ ក្នុងមួយអោន នាថ្ងៃខាងមុខ ខណៈដែលបច្ចុប្បន្នមានតម្លៃ ២០២៤ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ។ ដោយឡែកនៅកម្ពុជា ស្ថិតនៅក្នុងតម្លៃ ២៤៣៨ដុល្លារ ក្នុងមួយតម្លឹង ដោយតម្លៃអាចនឹងកើនឡើងរហូតដល់ ២៥០០ដុល្លារ ទៅ ២៧០០ដុល្លារ នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់អ្នកតាមដានសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ។
លោក ឡុង សំណាង ប្រធានប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល បានឱ្យដឹងថា មានកត្តាមួយចំនួនដែលបង្កឱ្យហាងឆេងមាសហក់ឡើង គឺដោយសារសង្រ្គាមរ៉ាំរ៉ៃរវាងអ៊ុយក្រែង និងរុស្ស៊ី ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ ជាមួយគ្នានេះ ប្រទេសមួយចំនួនទៀត នៅតែបន្តទិញមាសទុក ដើម្បីការពារហានិភ័យដែលបង្កឡើងពីវិបត្តិសេដ្ឋកិច្ច។
លោក ឡុង សំណាង បានបន្តថា ចំណុចមួយទៀតនោះ គឺពាក់ព័ន្ធនឹងការអស់ទំនុកចិត្តលើការប្រើប្រាស់ប្រាក់ដុល្លារ។ លោកមើលឃើញថា សព្វថ្ងៃនេះ អត្រាការប្រាក់ដុល្លារមានកំណើនខ្ពស់ ដែលគេអាចលក់ចេញ ដើម្បីទទួលបានប្រាក់ចំណេញ។ លើសពីនេះទៀត គេមើលឃើញថា ធនាគារកណ្តាលអាមេរិក នាពេលបន្ទាប់អាចពិចារណាកាត់បន្ថយអត្រាការប្រាក់ ឬរក្សាទុកបន្ត។
លោកបានសង្កត់ធ្ងន់ថា ពិភពលោក បានរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ច នាំឱ្យធនាគារធំៗមួយចំនួននៅអាមេរិក អាឡឺម៉ង់ ស្វ៊ីស ជាដើម បានដួលរលំ គឺសុទ្ធតែពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ។ បើតាមអ្នកជំនាញរូបនេះ ហេតុផលទាំងអស់នេះហើយដែលនាំឱ្យតម្លៃមាសកើនឡើងជាបន្តបន្ទាប់។
លោក ឡុង សំណាង បានបញ្ជាក់ថា នៅឆ្នាំ ២០២៣នេះ តម្លៃមាសនៅតែបន្តកើនឡើង។ លោកលើកទឹកចិត្តដល់អាជីវករទាំងអស់ អាចវិនិយោគទិញមាសនៅក្នុងតម្លៃសមរម្យណាមួយ ដើម្បីទុកចំណេញនៅពេលក្រោយ។ លោក មានសុទិដ្ឋិនិយមថា ទីផ្សារមាសនៅកម្ពុជា នឹងកើនឡើងតម្លៃពី ២៤៣៨ដុល្លារ ក្នុងមួយតម្លឹងនាពេលបច្ចុប្បន្ន ទៅដល់ ២៥០០ដុល្លារ ឬអាចដល់ ២៧០០ដុល្លារ ក្នុងមួយតម្លឹង នាពេលពេលខាងមុខ។
ជាមួយគ្នានេះ ម្ចាស់ហាងមាសទីមង្គល បានលើកឡើងនៅលើផេកផ្លូវការថា នៅថ្ងៃនេះ តម្លៃហាងឆេងមាសបន្តកើនឡើងទៀតហើយ។ បើតាមហាងមាសទីមង្គល លក់ចេញក្នុងតម្លៃ ២៤២០ដុល្លារ ក្នុងមួយតម្លឹង និងទិញចូលក្នុងតម្លៃ ២៣២០ដុល្លារ ក្នុងមួយតម្លឹង៕