រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា នៅក្នុងឆ្នាំនេះ តៃវ៉ាន់គ្រោងនឹងប្រើប្រាស់កញ្ចប់ថវិកា ៥០០ លានដុល្លារអាមេរិក ក្នុងការពន្លឿនការទិញគ្រឿងសព្វាវុធពីសហរដ្ឋអាមេរិកបន្ថែមទៀត ខណៈដែលការបញ្ជាទិញកន្លងមកត្រូវបានពន្យារពេល ឬមានភាពយឺតយ៉ាវក្នុងការដឹកជញ្ជូនមកកាន់កោះតៃវ៉ាន់។
គួរដឹងដែរថា តៃវ៉ាន់ គឺជាកោះប្រជាធិបតេយ្យមួយដែលមានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែតែងតែស្ថិតនៅក្រោមការគំរាមកំហែងឥតឈប់ឈរពីការឈ្លានពានពីសំណាក់ប្រទេសចិន។ ប្រទេសចិនទៀតសោត ក៏តែងតែបានប្រកាសទាមទារកោះតៃវ៉ាន់ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថានឹងរឹបអូសយកមកវិញនៅថ្ងៃណាមួយហើយអាចនឹងប្រើប្រាស់កម្លាំងយោធាឈ្លានពានទៀតផងប្រសិនបើស្ថិតក្នុងកាលៈទេសៈតម្រូវចាំបាច់ណាមួយ។
បច្ចុប្បន្ននេះ ភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិកំពុងកើនឡើងខ្លាំង ខណៈដែលកាលពីខែកញ្ញាសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់តៃវ៉ាន់បានអនុម័តច្បាប់ស្ដីពីគោលនយោបាយតៃវ៉ាន់ (Taiwan Policy Act) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកយោធាដល់តៃវ៉ាន់ដោយគិតជាទឹកប្រាក់ស្នើនឹងរាប់ពាន់លានដុល្លារដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ពួកគេ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថាការដឹកជញ្ជូនសព្វាវុធពីសហរដ្ឋអាមេរិកមកកាន់កោះមួយនេះមានភាពយឺតយ៉ាវ។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក ឈៀវ គួឆឹង (Chiu Kuo-cheng)បានបញ្ជាក់ថា តៃវ៉ាន់និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងពិភាក្សាអំពីការពន្លឿនដំណើរការនៃគម្រោងដឹកជញ្ជូនគ្រឿងសព្វាអាវុធដាច់ដោយឡែកមួយទៀត មកកាន់កោះតៃវ៉ាន់។
យោងតាមប្រសាសន៍របស់លោក ឈៀវដែលបានប្រាប់ទៅកាន់សមាជិកសភានៅពេលដែលលោកត្រូវបានចោទសួរពីកញ្ចប់ជំនួយយោធាថា៖«ការប្រើប្រាស់កញ្ចប់ថវិកាចំនួន ៥០០លានដុល្លារអាមេរិកនេះ គឺដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ទំនិញដល់យើងភ្លាមៗ ពោលគឺដើម្បីចៀសវាងការពន្យារពេល ឬការដឹកជញ្ជូនមានការយឺតយ៉ាវទៀត»។
លោកបានបញ្ជាក់បន្ថែមថា៖ «គម្រោងនេះគួរតែត្រូវបានអនុវត្តនៅឆ្នាំនេះ»។ លោកបានបន្តថា៖«កញ្ចប់ថវិកាចំនួន ៥០០ លានដុល្លារអាមេរិកនេះមិនត្រូវបានរាប់បញ្ចូលទៅក្នុងការទិញលក់គ្រឿងសព្វាវុធពីពេលមុនៗនោះទេ»។
យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់រូបនេះ មិនបានបញ្ជាក់លម្អិតអំពីថាតើប្រភេទអាវុធបែបណាដែលនឹងត្រូវផ្តល់អាទិភាពក្នុងការទិញដោយប្រើប្រាស់កញ្ចប់ថវិកាចំនួន ៥០០លានដុល្លារអាមេរិកនោះទេ ដោយលោកគ្រាន់តែនិយាយថា ព័ត៌មានលម្អិតនឹងត្រូវបញ្ជាក់ដោយភាគីទាំង២ ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបានពន្យល់ថា ក្នុងករណីដែលការដឹកជញ្ជូនសព្វាអាវុធមានការយឺតយ៉ាវ សហរដ្ឋអាមេរិកនឹងទូទាត់សងដោយការផ្តល់ទំនិញណាដែលអាចដឹកមកបានលឿនភ្លាមៗ ដូចជាម៉ាស៊ីនសម្រាប់ហ្វឹកហាត់និមិ្មត (VR Simulator) ឬឧបករណ៍ហ្វឹកហាត់ផ្សេងៗ។ ដូច្នេះ នៅពេលដែលសព្វាវុធត្រូវបានដឹកជញ្ជូនមកដល់នៅពេលក្រោយ ពួកគេអាចចេះប្រើប្រាស់សព្វាវុធទាំងនោះបានភ្លាមៗតែម្ដង។
គួររំឭកថា សហរដ្ឋអាមេរិកជាប្រទេសដែលបានលក់គ្រឿងសព្វាវុធទៅឱ្យ កោះតៃវ៉ាន់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែគម្រោងផ្គត់ផ្គង់សព្វាវុធបន្ថែមនេះ គឺជាការឈានទៅមុខមួយជំហានទៀត ពោលគឺសហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកសន្តិសុខដល់តៃវ៉ាន់ក្នុងទំហំជាទឹកប្រាក់ប្រមាណ៤,៥ ប៊ីលានដុល្លារសហរដ្ឋអាមេរិករួចមកហើយគិតក្នុងរយៈ ពេល ៤ឆ្នាំចុងក្រោយនេះ។ ការណ៍នេះបានធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បាយ៉ាងខ្លាំង។
កាលពីសប្តាហ៍មុន ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងមកថា យន្តហោះចម្បាំងប្រភេទF-16V ដែលជាយន្តហោះចម្បាំងកម្រិតខ្ពស់ដំបូងបង្អស់ចំនួន ៦៦គ្រឿងដែលតៃវ៉ាន់ បានបញ្ជាទិញពីសហរដ្ឋអាមេរិក នឹងអាចផលិតចេញពីរោងចក្រជោគជ័យនៅត្រីមាសទី៣ នៅឆ្នាំ២០២៤ ខាងមុខនេះ។
គួរដឹងដែរថា ការផលិតយន្តហោះប្រភេទនេះមានការយឺតយ៉ាវ មិនទាន់ពេលវេលាដែលតៃវ៉ាន់បានបញ្ជាទិញនោះទេ ប៉ុន្តែអាមេរិកបានលើកហេតុផលថាដោយសារតែមានការរំខានពីជំងឺរាតត្បាតកូវីដ១៩៕