កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណជាង ១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ១៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី ១០ ខែ ឧសភា។
យោងតាមតារារបាយការណ៍គយ បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ៧.២ ពាន់លានដុល្លារ ធ្លាក់ចុះជិត ៥ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ ៧.៩ ពាន់លានដុល្លារ ធ្លាក់ចុះ ២១ភាគរយ បើធៀននឹងឆ្នាំ ២០២២។
ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៣ពាន់លានដុល្លារ រយៈពេល ៤ខែ ចាប់ពីខែ មករា-មេសា ឆ្នាំ ២០២៣។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា សរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ២ពាន់ ៥០០លានដុល្លារ។
ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ សម្រេចបាន ១,៣៩៤លានដុល្លារ ស្មើជាង ១៩ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ៩៧៩លានដុល្លារ ស្មើជាង ១៣ភាគរយ, គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ សម្រេចបាន ជាង ៣០០លានដុល្លារ ស្មើ ៤,២ភាគរយ, ស្បែកជើង ស្រោមជើងជាង ៤៣៦លានដុល្លារ ស្មើ ៦ភាគរយ និងទំនិញផ្សេងៗដទៃទៀត។
សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕