កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបណ្តោះអាសន្នរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រទេសគោលដៅសំខាន់ដែលកម្ពុជានាំចេញ មានដូចជា សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី ជប៉ុន ចិន អាល្លឺម៉ង់ ថៃ កាណាដា និងអង់គ្លេសជាដើម។
សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង ៣៤៧លានដុល្លារ មានការធ្លាក់ចុះ ៣១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបានជាង ៥១០លានដុល្លារអាមេរិក។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា បើទោះជាការនាំចេញមានការធ្លាក់ចុះ តែកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចល្អ និងរឹងមាំ ដោយផ្អែកលើការងើបឡើងវិញនៃវិស័យសំខាន់ៗ មានដូចជា វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ ជាដើម ខណៈវិស័យសំខាន់ៗ ទាំងអស់នេះ បានបង្កើតឱកាសការងារយ៉ាងច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ហាប្រឈមធំៗ របស់ពិភពលោក បានជះឥទ្ធិពលអវិជ្ជមាន សម្រាប់ការនាំចេញរបស់កម្ពុជា មានដូចជា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង ការកើនឡើងនូវអតិផរណា ជាដើម។
យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញរបស់កម្ពុជា នារយៈពេល ៤ខែឆ្នាំ២០២៣ បានធ្លាក់ចុះប្រមាណ ៥ភាគរយ ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ៕