Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាបានបង្ហាញពីគម្រោងជួយប្រទេសទីម័រខាងកើតវិនិយោគ លើវិស័យស្រូវអង្ករ ខណៈអ្នកជំនាញរំពឹងស្រូវមានតម្លៃល្អ

Media LNN | May 17, 2023
កម្ពុជាបានបង្ហាញពីគម្រោងជួយប្រទេសទីម័រខាងកើតវិនិយោគ លើវិស័យស្រូវអង្ករ ខណៈអ្នកជំនាញរំពឹងស្រូវមានតម្លៃល្អ
Clinic narith

កម្ពុជាបានបង្ហាញពីគម្រោងជួយប្រទេសទីម័រខាងកើតលើសន្តិសុខស្បៀងអាហារ តាមរយៈការអនុញ្ញាតឲ្យប្រទេសមួយនេះវិនិយោគ១០០% លើការបង្កើតរោងម៉ាស៊ីនកិនស្រូវ កន្លែងស្តុកស្រូវ និងបង្កើតបណ្តាញប្រមូលទិញស្រូវនៅកម្ពុជា ដើម្បីផលិតអង្ករសម្រាប់នាំចេញទៅផ្គត់ផ្គង់នៅទីម័រខាងកើត។ លើសពីនេះ កម្ពុជាក៏គ្រោងបញ្ជូនមន្ត្រីជំនាញផ្នែកកសិកម្មទៅជួយផ្តល់បច្ចេកទេស និងសិក្សាពីសក្តានុពលក្នុងការធ្វើកសិកម្មនៅប្រទេសនេះផងដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសន្យានៅចំពោះមុខថ្នាក់ដឹកនាំប្រទេសទីម័រខាងកើតកាលពីពេលថ្មីៗថា កម្ពុជានឹងជួយទីម័រខាងកើតពាក់ព័ន្ធនឹងបញ្ហាសន្តិសុខស្បៀងអាហារ ក្រោយសម្តេចមើលឃើញថា ប្រទេសនេះមានការពឹងផ្អែកខ្លាំងលើការនាំចូលស្បៀងអាហារពីក្រៅប្រទេស។ ក្នុងនោះសម្តេចតេជោ មានគម្រោងអនុញ្ញាតឲ្យប្រទេសទីម័រខាងកើត ដែលមានផ្ទៃដីភាគច្រើនគ្របដណ្តប់ដោយភ្នំ វិនិយោគ១០០%លើការបង្កើតរោងម៉ាស៊ីនកិនស្រូវ កន្លែងស្តុកស្រូវ និងបង្កើតបណ្តាញប្រមូលទិញស្រូវនៅកម្ពុជា ដើម្បីផលិតអង្ករសម្រាប់នាំចេញទៅផ្គត់ផ្គង់នៅទីម័រខាងកើតដោយខ្លួនឯង។ ត្រង់ចំណុចនេះ សម្តេចតេជោ អះអាងនៅចំពោះមុខថ្នាក់ដឹកនាំទីម័រខាងកើតថា ពុំទាន់មានប្រទេសណាមួយធ្វើបែបដូចកម្ពុជានោះទេ។

មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន គ្រោងជួយទីម័រខាងកើតតាមរយៈជួយផ្តល់ជាបច្ចេកទេសក្នុងការធ្វើកសិកម្មតាមរយៈការបញ្ជូនមន្ត្រីជំនាញផ្នែកកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសនេះ និងជួយសិក្សាពីសក្តានុពលផ្ទៃដីកសិកម្មរបស់ប្រទេសនេះ ថាតើវាអាចសមស្របនឹងដំណាំប្រភេទអ្វី។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ គម្រោងជួយទាំងនេះនឹងអាចដឹងបន្ទាប់ពីការបោះឆ្នោតនៅទីម័រខាងកើតនៅប៉ុន្មានថ្ងៃខាងមុខនេះត្រូវបានបញ្ចប់។

ជាមួយគ្នានេះលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោង ដែលអនុញ្ញាតឲ្យទីម័រខាងកើតអាចវិនិយោគ១០០%លើវិស័យស្រូវអង្ករខាងលើ។ គាំទ្រ ក៏ដោយសារលោកយល់ថា ប្រសិនបើគម្រោងនេះ អាចលេចចេញជារូបរាង វាមិនត្រឹមតែជួយបង្កើតទីផ្សារបន្ថែមដល់កសិករប៉ុណ្ណោះទេ ថែមទាំងអាចជួយអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងជំរុញឲ្យតម្លៃស្រូវនៅកម្ពុជាមានភាពល្អប្រសើរផងដែរ។ លើសពីនេះ គម្រោងនេះក៏នឹងរួមចំណែកជួយកាត់បន្ថយការនាំចេញស្រូវ ដែលជាវត្ថុធាតុសម្រាប់ផលិតអង្ករទៅកាន់ទីផ្សារអន្តរជាតិដូចអ្វីដែលសហព័ន្ធស្រូវអង្ករកម្ពុជាចង់បានផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជឿជាក់ថា ទំនាក់ទំនងរវាងកម្ពុជាជាមួយទីម័រខាងកើននឹងនៅតែល្អប្រសើរ បើទោះបីប្រទេសនេះមានការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅចុងសប្តាហ៍នេះក៏ដោយ។ សម្តេចតេជោបានរម្លឹកថា កន្លងមកកម្ពុជាប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដាក់បញ្ចូលប្រទេសនេះជាសមាជិកពេញសិទ្ធិនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយសម្តេចអះអាងថា បើទោះបីបច្ចុប្បន្នប្រទេសនេះមិនបានក្លាយជាសមាជិកពេញសិទ្ធិក៏ដោយ តែទីម័រខាងកើតបានបង្ហាញវត្តមានស្ទើរគ្រប់កិច្ចប្រជុំធំៗរបស់អាស៊ាន៕