តាមរបាយការណ៍បង្ហាញដោយសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា នៅរយៈពេល ៤ខែដំបូង ឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួន ៤៨ម៉ឺន៣ពាន់ តោន ថយចុះ ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់សម្រេចបានប្រមាណ ៦៦០លានដុល្លារ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា តម្លៃគ្រប់ស្វាយចន្ទីបច្ចុប្បន្នហាក់មានការធ្លាក់ថ្លៃខ្លាំងគួរឱ្យកត់សម្គាល់ ដែលតម្រូវឱ្យប្រជាកសិករត្រូវបន្ដផ្អាកការលក់គ្រាប់ស្វាយចន្ទីមួយរយៈសិន ពោលគឺត្រៀមទុកសម្រាប់លក់នៅប៉ុន្មានខែខាងមុខ ដោយរំពឹងថា នឹងទទួលបានតម្លៃខ្ពស់។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅរយៈពេល៤ខែដំបូងឆ្នាំ២០២៣នេះ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅចំនួន ៥១ម៉ឺនតោន ក្នុងនោះ នាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន ៤៨ម៉ឺន៣ពាន់តោន មានការថយចុះ ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដោយគិតជាទឹកប្រាក់ស្មើនឹង ៦៦០លានដុល្លារ។ ការនាំចេញគ្រាប់ស្វាយចន្ទីមានការថយចុះនេះ ត្រូវបាន លោក អួន ស៊ីឡុត អះអាងថា ក៏ដោយសារតម្លៃគ្រាប់ស្វាយចន្ទីសើមនៅរយៈពេលចុងក្រោយនេះមានការធ្លាក់ចុះខ្លាំង ដែលពិបាកនឹងទទួលយក ដូច្នេះហើយកសិករមួយចំនួនដែលមានលទ្ធភាពគួរតែហាលគ្រាប់ស្វាយចន្ទីទុកសិន។ តួយ៉ាង លោក អួន ស៊ីឡុត សង្កេតឃើញថា ប្រជាកសិករដែលបានហាលគ្រាប់ស្វាយចន្ទីស្ងួតទុកនោះ គឺពួកគាត់នៅមិនទាន់បានលក់ចេញទៅកាន់ប្រទេសវៀតណាមនៅឡើងនោះទេ ដោយសារតែនៅមិនទាន់ត្រូវថ្លៃនៅឡើយ។ ហើយគ្រាប់ស្វាយចន្ទីដែលបានលក់ចេញទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺជាប្រភេទគ្រាប់ស្វាយចន្ទីសើមប៉ុណ្ណោះ ដោយសារកសិករមួយចំនួនពួកគាត់មិនមានឃ្លាំងសម្រាប់សម្ងួតទុក ដូចនេះពួកគាត់ត្រូវបង្ខំចិត្តលក់គ្រាប់ស្វាយចន្ទីសើមទៅប្រទេសវៀតណាមតែម្តង។
បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីសើមជាមធ្យមអាចលក់បានក្នុងតម្លៃ ១៣៨៣ដុល្លារក្នុងមួយតោន។ ដោយឡែក ចំពោះគ្រាប់ស្វាយចន្ទីស្ងួតវិញ អាចលក់បានក្នុងតម្លៃ ៦១០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដោយរំពឹងថានៅប៉ុនា្មនខែខាងមុខគ្រាប់ស្វាយចន្ទីស្ងួតនឹងមានតម្លៃខ្ពស់ជាងពេលបច្ចុប្បន្នផងដែរ។
មូលហេតុមួយទៀតដែលធ្វើឲ្យការនាំចេញគ្រាប់ស្វាយចន្ទីធ្លាក់ចុះ ដោយសារតែផ្ទៃដីនៃការដាំដុះ ស្វាយចន្ទីក៏មានការថយចុះផងដែរ ដ្បិតប្រជាកសិករមួយចំនួនបោះបង់ការដាំស្វាយចន្ទី ងាកទៅដាំដំឡូងមីជំនួសវិញដោយសារពួកគាត់ខាតបង់ច្រើន ដែលបណ្តាលមកពីបញ្ហាប្រែប្រួលអាកាសធាតុផង និងតម្លៃធ្លាក់ចុះផង។ ប្រធានសមាគមស្វាយចន្ទីរូបនេះ អះអាងថា រហូតមកទល់ពេលនេះផ្ទៃដីដាំដុះដំណាំស្វាយចន្ទីមានប្រមាណ៧០ម៉ឺនហិកតា ហើយលោកមិនរំពឹងទេថានឹងមានការកើនឡើងមកវិញនោះទេ ហើយបញ្ហានេះក៏ជាក្តីបារម្ភមួយរបស់សមាគមស្វាយចន្ទីកម្ពុជាផងដែរ។
សូមជម្រាបថា ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ សមាគមស្វាយចន្ទីកម្ពុជា ក៏បានទម្លាក់ការព្យាករទិន្នផលស្វាយចន្ទីនៅឆ្នាំ២០២៣នេះ ដោយមកនៅត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ៧០ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីចុងឆ្នាំ ២០២២ កន្លងទៅ សមាគមស្វាយចន្ទីកម្ពុជាបានរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះពី ៨០ម៉ឺនតោន ទៅ១លានតោន នៅឆ្នាំ២០២៣៕