សមាគមកីឡាបាល់ទាត់ថៃ បានចេញសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធទៅនឹងហេតុការណ៍នៃការប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញដោយបាន សម្តែងការសោកស្តាយព្រមទាំងសូមទោសចំពោះហេតុការណ៍នេះ។
សមាគមបាល់ទាត់ថៃ បានបញ្ជាក់ថា នៅពេលដែលប្រតិភូនិងក្រុមកីឡាកររបស់ខ្លួនវិលត្រលប់មកដល់ប្រទេសថៃវិញនឹងបង្កើតគណៈកម្មការត្រួតពិនិត្យលើករណីនេះ ដើម្បីដាក់ពិន័យជាដាច់ខាត និងដោយគ្មានការលើកលែងចំពោះជនណាដែលបានប្រព្រឹត្តកំហុស
លើសពីនេះថៃនឹងផ្ញើនូវលិខិតសូមអភ័យទោសជាផ្លូវការដល់បណ្តាភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
សមាគមបាល់ទាត់ថៃ បានសង្កត់ធ្ងន់ទៀតថា ការឈ្នះមេដាយប្រាក់ មិនមានជាគោលដៅដែលថៃចង់បាន ប៉ុន្តែអ្វីៗត្រូវតែធ្វើឡើងដោយស្មារតីកីឡាពោលគឺតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ជារឿងធម្មតា។
លើសពីនេះ សេចក្តីថ្លែងការណ៍បានលើកឡើងថា ក្រុមការងារគ្រូបង្វឹកត្រូវតែបំពេញការងារដោយសតិសម្បជញ្ញៈក្នុងនាមជាតំណាងប្រជាជាតិថៃ ដូចនេះត្រូវមានភាពអត់ធ្មត់ និងមានការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អជានឹងភាពអន់ធន់ក្នុងការប្រកួតដ៏តានតឹងបែបនេះ។គួររំលឹកថា ហេតុការណ៍នៃការប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញ មានការវាយតប់គ្នា និងជាពិសេសមានការក្រហមដល់ទៅ ៧ និងកាតលឿង ១២ សម្រាប់ក្រុមទាំងសងខាង៕