ភ្នំពេញ៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់រយៈប្រមាណ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។ ពិធីបិទព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមដែលរៀបចំរៀងរាល់ពីរឆ្នាំម្តងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ ក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ មហាជនសរុបប្រមាណជា ៦ម៉ឺននាក់។
ព្រឹត្តិការណ៍បិទស៊ីហ្គេមនៅល្ងាចថ្ងៃនេះ នឹងប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ, ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ប្រទេសថៃ ជាម្ចាស់ផ្ទះបន្ទាប់, ទស្សនីយភាពសម្តែង និងវីដេអូផ្សព្វផ្សាយរបស់ថៃ, សិល្បៈចម្រៀង «VICTORY FOR ALL», សិល្បៈចម្រៀង «CAMBODIAN PRIDE» ជាដើម។
បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាងប្រទេសពីភ្លើងសង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួលរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ការប្រកួតត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា។
ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណជា ១៦ថ្ងៃ ជាលទ្ធផលកីឡាករ កីឡាការិនីមកពីប្រទេសវៀតណាមឈរលេខរៀងទី១ ជាមួយមេដាយសរុប៣៥៥ (មាស ១៣៦, ប្រាក់ ១០៥, សំរឹទ្ធ ១១៤), ប្រទេសថៃ ឈរលេខរៀងទី២ ជាមួយមេដាយសរុប៣១២ (មាស ១០៨, ប្រាក់ ៩៦, សំរឹទ្ធ ១០៨), ប្រទេសឥណ្ឌូនេស៊ី ឈរលេខរៀងទី៣ ជាមួយមេដាយសរុប២៧៦ (មាស ៨៧, ប្រាក់ ៨០, សំរឹទ្ធ ១០៩)។ ដោយឡែកកម្ពុជាជាម្ចាស់ផ្ទះ ឈរនៅលេខរៀងទី៤ ជាមួយមេដាយសរុប២៨២ (មាស ៨១, ប្រាក់ ៧៤, សំរឹទ្ធ ១២៧), ហ្វីលីពិន ឈរលេខរៀងទី៥ ជាមួយមេដាយសរុប២៦០, សិង្ហបុរី ឈរលេខរៀងទី៦ ជាមួយមេដាយសរុប១៥៧, ម៉ាឡេស៊ី ឈរលេខរៀងទី៧ ជាមួយមេដាយសរុប១៧៦, មីយ៉ាន់ម៉ា ឈរលេខរៀងទី៨ ជាមួយមេដាយសរុប១១៤, ឡាវ ឈរលេខរៀងទី៩ ជាមួយមេដាយសរុប៨៨, ព្រុយណេ ឈរលេខរៀងទី១០ ជាមួយមេដាយសរុប៩ និងប្រទេសទីម័រខាងកើត ឈរលេខរៀងទី១១ ជាមួយមេដាយសរុប៨៕