អ្នកជំនាញអង្គការសហប្រជាជាតិនិយាយថា យោធាមីយ៉ាន់ម៉ាចាប់តាំងពីឡើងកាន់អំណាចមកបាននាំចូលអាវុធសរុបគិតជាទឹកប្រាក់គឺមានចំនួន១ពាន់លានដុល្លារហើយភាគច្រើននាំចូលពីរុស្ស៊ី។ នេះបើយោងតាមលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅក្នុងរបាយការណ៍មួយផ្សាយជាលាយលក្សអក្សរ កាលពីថ្ងៃពុធ ទី ១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។
លោកថាអាវុធភាគច្រើនបានមកពីប្រទេសរុស្ស៊ី ចិន និងក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី។ ការនាំចេញ និងនាំចូលនេះគ្របដណ្តប់លើសព្វាវុធ បច្ចេកវិទ្យាប្រើប្រាស់ពហុមុខងារ និងសម្ភារៈប្រើប្រាស់សម្រាប់ផលិតអាវុធ នាំចេញចាប់ពីថ្ងៃនៃរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២២ ដែលគិតជាទឹកប្រាក់គឺប្រហែល ១ពាន់លានដុល្លារអាមេរិក។ របាយការណ៍បានរកឃើញកំណត់អត្តសញ្ញាណការទិញផ្តាច់មុខមានលើទំនិញជាង ១២៥០០ និងការដឹកជញ្ជូនដឹងឮដោយផ្ទាល់ពីសំណាក់យោធាមីយ៉ាន់ម៉ា ឬឈ្មួញអាវុធមីយ៉ាន់ម៉ា។ យោធាបាននាំយកអាវុធរួមមានជាអាថ៌ ឧបករណ៍ពីយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក ឧបករណ៍ទំនាក់ទំនង និងគ្រឿងបន្លាស់សម្រាប់នាវាកងទ័ពជើងទឹក។ ចំពោះរបាយការណ៍ដ៏រសើបនេះ របបសឹកលោកមីនអ៊ុងឡាំងមិនបានចេញធ្វើការបកស្រាយឡើយ។
មីយ៉ាន់ម៉ា បាន ធ្លាក់ ចូល ក្នុង វិបត្តិចលាចល ដោយ រដ្ឋប្រហារ ដែល បង្ក ឱ្យ មាន ការ តវ៉ា ទ្រង់ទ្រាយ ធំទូទាំងប្រទេស។ ការបង្រ្កាបប្រល័យបានបញ្ឆេះភ្លើងកម្លាំងតស៊ូប្រដាប់អាវុធ ដោយក្រុមប្រដាប់អាវុធប្រជាជន និងជនជាតិភាគតិចយ៉ាងរ៉ាំរ៉ៃ៕