(ភ្នំពេញ)៖ គ្រប់អ្នកជំងឺ តែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យាបាលមានគុណភាពខ្ពស់។ ដោយចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាព្យាបាលដែលល្អនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែប្រឹងប្រែងលើកកម្ពស់គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យនានា បន្ទាប់ពីដំណាក់កាលពង្រាយមន្ទីរពេទ្យទៅតាមខេត្ត ស្រុក និងមណ្ឌលសុខសភាពនៅតាមឃុំ។
នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ អគារព្យាបាលកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅក្នុងមន្ទីរពេទ្យកាលម៉ែតនិយាយដោយឡែក និងនិយាយជារួមសម្រាប់កម្ពុជាទាំងមូលនោះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ។ ពិធីសម្ពោធសមិទ្ធផលថ្មីក្នុងវិស័យសុខាភិបាលនៅកម្ពុជានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាលកម្ពុជា «អគារតេជោអភិវឌ្ឍន៍» ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេស ប្រកបទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាមការវិវត្តរបស់សកលលោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។
លោករដ្ឋមន្ត្រី បន្តថា អគារព្យាបាល «តេជោអភិវឌ្ឍន៍» ជាសមិទ្ធផលដ៏ធំមួយទៀតបន្ថែមលើសមិទ្ធផលធំៗជាច្រើនដែលក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែតបានកសាងកន្លងមក ដើម្បីឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ គឺ «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ»។
បើតាមលោក ម៉ម ប៊ុនហេង គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃទឹកប្រាក់សរុប ៧០,៣៣១,៨១១.១១ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា ស្របតាមការអំពាវនាវជាកុសលដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្តី នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។
«អគារតេជោអភិវឌ្ឍន៍» សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយមហាវិថីព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង២២.៥ ម៉ែត្រ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ បែងចែកដូចខាងក្រោម៖
* ជាន់ទី២ និងទី១ ក្រោមដី៖ ចំណតយានយន្ត។
* ជាន់ផ្ទាល់ដី៖ បន្ទប់វះកាត់តូចចំនួន២, ផ្នែកសង្គ្រោះបន្ទាន់មាន ៣៦គ្រែ ឱសថស្ថាន, ភេសជ្ជដ្ឋាន, ហាងទំនិញ និងផ្កា,ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់សំលៀកបំពាក់បុគ្គលិកសម្រាប់អគារទាំងមូល។
* ជាន់ទី១៖ ផ្នែកពិគ្រោះជំងឺឯកទេសចំនួន៣០បន្ទប់, អមដោយបន្ទប់ X-ray, CT Scan, UltraSound, បញ្ឈរចុះឈ្មោះ និងអាហារដ្ឋាន។
* ជាន់ទី២៖ ផ្នែកប្រពោធនកម្ម សម្រាប់ទទួលសង្គ្រោះអ្នកជំងឺកម្រិតធ្ងន់ធ្ងរមានចំនួន ៣២បន្ទប់ស្មើនឹង ៥១គ្រែ និងបន្ទប់លាងឈាម ចំនួន៤, ផ្នែកឯកទេសចក្ខុរោគ រួមមាន បន្ទប់ពិគ្រោះជំងឺចំនួន៣ បន្ទប់វះកាត់ភ្នែកចំនួន២ និងគ្រែសម្រាកព្យាបាលចំនួន៤, ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កមានបន្ទប់ពិគ្រោះជំងឺ ៣បន្ទប់ និងគ្រែសម្រាកព្យាបាលចំនួន០៤។
* ជាន់ទី៣៖ ផ្នែកសម្រាកមុន និងក្រោយសណ្តំ ២៥គ្រែ, បន្ទប់សម្រាករយៈពេលខ្លី ១២គ្រែ បន្ទប់ពិគ្រោះមុនសណ្តំចំនួន០៤ និងបន្ទប់វះកាត់១។ បន្ទប់វះកាត់១០ ដែលមានកម្រិតស្ដង់ដារខ្ពស់ ជាពិសេសក្នុងនោះមានបន្ទប់សម្រាប់ធ្វើអន្តរាគមន៍វិទ្យុសាស្ត្រទំនើប Angiography Bi-plan សម្រាប់ឆ្លុះសរសឈាមចាប់ពីខួរក្បាលរហូតដល់ចុងជើងសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ចោះ ឆ្លុះ និងព្យាបាលសន្លាក់ឆ្លុះបាញ់រំលាយក្រួសតម្រងនោមដោយមិនបាច់វះកាត់ដ៏ទំនើប។
* ជាន់ទី៤៖ ផ្នែកឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន មានបន្ទប់សម្រាកព្យាបាល ១៧បន្ទប់ ស្មើនឹង៣៣គ្រែ, បន្ទប់ត្រៀមឆ្លុះ ចំនួន០១, បន្ទប់ក្រោយឆ្លុះចំនួន០១, បន្ទប់ឆ្លុះក្រពះ-ពោះវៀន ចំនួន០៤, បន្ថែមដោយបន្ទប់ពិសេស ENDOALPHA ដែលបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យសម្រាប់ធ្វើ ERCP (មានសមត្ថភាពក្នុងការឆ្លុះចាប់យកក្រួសក្នុងផ្លូវទឹកប្រមាត់រួម និងការដាក់ STENT បង្ហូរទឹកប្រមាត់ដែលស្ទះ ដោយជំងឺមហារីក ឬរលាកផ្សេងៗ។ បន្ទប់នេះ ក៏អាចធ្វើប្រតិបត្តិការ Echo-Endoscopie និងធ្វើការព្យាបាលទំនើបដោយមិនចាំបាច់វះកាត់ធំឡើយ)។
* ជាន់ទី៥៖ ផ្នែកឯកទេសជំងឺទូទៅ មានបន្ទប់សម្រាកព្យាបាលសរុបចំនួន ៤២បន្ទប់ ស្មើនឹង ៤៨គ្រែ, បន្ទប់សម្រាកសម្រាប់ករណីជំងឺឆ្លង មានចំនួន ៩គ្រែ, បន្ទប់ឆ្លុះទងសួតចំនួន ២បន្ទប់, បន្ទប់សម្រាក Polysomnographie ១បន្ទប់, បន្ទប់បច្ចេកទេស ០១ និងបន្ទប់វាស់សមត្ថភាពសួត ០១។
* ជាន់ទី៦៖ ផ្នែកឯកទេសជំងឺក្រពេញ ២៣គ្រែ និងផ្នែកឯកទេសជំងឺតម្រងនោមចំនួន ២៥គ្រែ (ក្នុងនោះបន្ទប់លាងឈាមចំនួន៣) បានបំពាក់ដោយឧបករណ៍ទំនើបកម្រិតខ្ពស់ រួមមានម៉ាស៊ីនInsulin Pump ម៉ាស៊ីនវាស់ប្រព័ន្ធវិញ្ញាណអវៈយវៈ ម៉ាស៊ីនថតបាតភ្នែកអ្នកជំងឺទឹកនោមផ្អែម និងរួមជាមួយផ្នែកជំងឺក្រពេញអ័រម៉ូន ដែលផ្តល់នូវសេវាសេវាព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែមព្យាបាលកម្រិតទំនើបទាន់ការអភិវឌ្ឍសកល។
* ជាន់ទី៧៖ ផ្នែកសម្រាកព្យាបាលជំងឺបេះដូង មានបន្ទប់ពិគ្រោះចំនួន៣ និងគ្រែសម្រាកព្យាបាលចំនួន ៤៣គ្រែ។
* ជាន់ទី៨-៩៖ បន្ទប់សម្រាកព្យាបាលពហុជំនាញចំនួន ៩៤គ្រែ។
* ជាន់ទី១០៖ ទីចាត់ការទូទៅមន្ទីរពេទ្យទាំងរដ្ឋបាល ធនធានមនុស្ស, បច្ចេកទេស,គណនេយ្យបន្ទប់ប្រជុំ និងសាលសន្និសីទ និងផ្នែកគ្រប់គ្រងជាតិពុល និងគ្រោះមហន្តរាយវេជ្ជសាស្ត្រ។
* ជាន់ទី១១៖ ផ្នែកសម្រាកព្យាបាលអន្តរជាតិ International Departement មាន ១៤បន្ទប់ ស្មើនឹង ១៤គ្រែ។
* ជាន់ទី១២៖ បន្ទប់រក្សាទុកឯកសារ, បន្ទប់ប្រជុំពហុបំណង, ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់ទូទាំងអគារ និងចំណតឧទ្ធម្ភាគចក្រ។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងដែរថា «អគារតេជោអភិវឌ្ឍន៍» នេះ អាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ។ លើសពីនេះ អគារតេជោអភិវឌ្ឍន៍ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រតាមប្រព័ន្ធឌីជីថលដ៏ទំនើបឈានមុខក្នុងប្រទេស។
លោក ម៉ម ប៊ុនហេង បានគូសរំលេចថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា តម្លៃសន្តិភាពដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលប្រជាពលរដ្ឋកម្ពុជាត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារឱ្យឋិតថេរជាអមតៈ៕