លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានសម្រេចកំណត់យុទ្ធសាស្ត្រចំនួន ៧ ចំណុច ធ្វើយ៉ាងណាដើម្បីជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តកែប ឱ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត រួមចំណែកលើកស្ទួយកំណើនភ្ញៀវទេសចរ។
នៅក្នុងសន្និសីទស្តីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកែប» លោក សោម ពិសិដ្ឋ បានប្រកាសដាក់ចេញយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តកែបចំនួន ៧ ចំណុច។
១.យុទ្ធសាស្ត្របង្កើតតំបន់ប៉ូលទេសចរណ៍ក្នុងខេត្តកែប៖ រដ្ឋបាលខេត្តត្រូវកំណត់ឱ្យបានច្បាស់ពីតំបន់នីមួយៗដូចជា តំបន់ភ្នំ តំបន់ឆ្នេរ តំបន់កោះ និងតំបន់ទំនាបជាដើម។ ត្រូវកំណត់បានយ៉ាងច្បាស់ថា ខេត្តកែបមានអ្វីខ្លះ ហើយទេសចរដែលមកទស្សនាខេត្តត្រូវទៅលេងនៅកន្លែងណាខ្លះ។
២.យុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តកែប ទៅជាគោលដៅទេសចរណ៍រួមជាមួយខេត្តកំពត៖ តាមការមើលឃើញជាក់ស្តែង សព្វថ្ងៃនេះ លំហូរភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពត តែងបន្តចូលមកលេងកម្សាន្តបន្តនៅក្នុងខេត្តកែប ដូច្នេះ ខេត្តទាំងពីរនេះ គឺជាគោលដៅទេសចរណ៍រួម សម្រាប់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី ទាំងជាតិ-អន្តរជាតិ។
៣.យុទ្ធសាស្ត្រលើកកម្ពស់វិនិយោគ គុណភាព និងសុវត្ថិភាពទេសចរណ៍៖ ក្នុងន័យនេះ ភ្ញៀវទេសចរដែលបានចូលមកលេងកម្សាន្តនៅក្នុងខេត្តកែប នឹងត្រូវបានរក្សាសុវត្ថិភាព សន្តិសុខ ផ្លូវចិត្ត និងផ្លូវកាយ។
៤.យុទ្ធសាស្ត្រទីផ្សារ និងផ្សព្វផ្សាយ៖ ២៥ រាជធានីខេត្ត ក្នុងប្រទេសកម្ពុជា អាចស្គាល់ខេត្តកែបបានតាមរយៈរមណីយដ្ឋានស្អាត ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ និងមានស្នាមញញឹម
៥.យុទ្ធសាស្ត្រអភិវឌ្ឍន៍ គ្រប់គ្រង និងគាំទ្រ៖ មានន័យថា មធ្យោបាយសរុប ធនធានសរុប និងកម្លាំងសរុប ត្រូវតែអនុវត្តជាប្រចាំ និងអនុវត្តតាមគោលការណ៍សមូហភាព ដឹកនាំបុគ្គលប្រកបដោយការទទួលខុសត្រូវ។
៦.យុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍ជាអន្តវិស័យ៖ ពាក់ព័ន្ធការគាំទ្រ និងខិតខំធ្វើយ៉ាងណាអនុវត្តយុទ្ធសាស្ត្រនានា ឱ្យសម្រេចបានជោគជ័យ។
៧. យុទ្ធសាស្ត្រពង្រឹងចង្វាក់វិស័យទេសចរណ៍នៅក្នុងខេត្តកែប៖ គឺធ្វើយ៉ាងណាដើម្បីពង្រឹងអភិបាលកិច្ចនៅក្នុងខេត្តកែប ត្រួតពិនិត្យ និងវាយតម្លៃវិស័យទេសចរណ៍នៅក្នុងខេត្តកែបឱ្យកាន់តែល្អប្រសើរ។
គួររំលឹកថា ក្នុងរយៈពេល ៥ឆ្នាំកន្លង ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តនៅក្នុងខេត្តកែបមានចំនួន ៦.៧០៤.០៣៥ ក្នុងនោះភ្ញៀវទេសចរជាតិប្រមាណ ៦ ៥៥១.២៣១នាក់ និងអន្តរជាតិ ១៥២ ៨០៤នាក់៕