Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាស្រូបទាញទេសចរអន្តរជាតិបានជិត១,៣លាននាក់ កើនឡើងជាង៧០០ភាគរយ គិតត្រឹមត្រីមាសទី១ឆ្នាំនេះ

Media LNN | May 24, 2023
កម្ពុជាស្រូបទាញទេសចរអន្តរជាតិបានជិត១,៣លាននាក់ កើនឡើងជាង៧០០ភាគរយ គិតត្រឹមត្រីមាសទី១ឆ្នាំនេះ
Clinic narith

កម្ពុជាស្រូបទាញបានភ្ញៀវទេសចរអន្តរជាតិជិត១,៣លាននាក់ គិតក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ចំនួននេះកើនឡើង ៧០៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលកាលនោះកម្ពុជាទទួលបានទេសចរបរទេសតែជិត ១៦ម៉ឺននាក់ប៉ុណ្ណោះ។

របាយការណ៍សង្ខេបពីក្រសួងទេសចរណ៍ណ៍កម្ពុជា កាលពីថ្ងៃអង្គារបង្ហាញថា ​ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១,២៩លាននាក់ ក្នុងនោះទេសចរមកពីប្រទេសថៃឈរនៅកំពូលតារាងមានចំនួនជាង៤២ម៉ឺននាក់ តាមពីក្រោយដោយទេសចរជនជាតិវៀតណាម ចំនួនជាង២០ម៉ឺននាក់ បន្ទាប់មកគឺទេសចរចិនមានជាង១៣ម៉ឺននាក់។ កន្លងមកក្រសួងទេសចរណ៍កម្ពុជា ធ្លាប់បានដាក់ក្ដីរំពឹងថា នឹងអាចស្រូបទាញភ្ញៀវបរទេសឱ្យបានដល់៤លាននាក់នៅពេញមួយឆ្នាំ២០២៣នេះ បន្ទាប់ពីបានមើលឃើញពីសន្ទុះទេសចរចិន កម្រើកឡើងវិញ ក្រោយការទម្លាក់ចោលវិធានការសូន្យកូវីដ-១៩ ដ៏តឹងរ៉ឺងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ទោះបីនៅ៣ខែដំបូងទេសចរចិនចូលមកកម្ពុជា នៅមានតិចជាងភ្ញៀវមកពីប្រទេសជិតខាង ប៉ុន្តែប្រទេសចិន គឺជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏សំខាន់បំផុតមួយសម្រាប់ពិភពលោក ដូច្នេះ ការបន្តដំណើរទេសចរណ៍ក្រៅប្រទេសឡើងវិញរបស់ប្រទេសចិន គឺនៅតែមានប្រយោជន៍ខ្លាំងណាស់ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ ៊គួរជម្រាបថា វិស័យទេសចរណ៍ គឺជាវិស័យមួយក្នុងចំណោមវិស័យជន្ទុលទាំងបួន ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកធំៗចំនួនបី គឺតំបន់អង្គរនៃខេត្តសៀមរាប ប្រាសាទព្រះវិហារនៅភាគពាយ័ព្យនៃខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក នៃខេត្តកំពង់ធំ។ សូមរំឭកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» សំដៅបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបានធនាការអភិវឌ្ឍអាស៊ី ADB ​ព្យាករណ៍​ថា​ នឹង​កើនឡើង​ក្នុង​រង្វង់៥,៥ភាគរយ​ នៅ​ឆ្នាំ២០២៣ និង៦ភាគរយ​ ក្នុង​ឆ្នាំ២០២៤ ក៏ព្រោះតែ​ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍នេះ ក៏ដូចជា​កំណើន​ខ្ពស់​ទន្ទឹមគ្នាក្នុង​វិស័យ​សេវាកម្ម​៕