(បាងកក)៖ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត ១០លាននាក់គិតចាប់តាំងពីខែមករាឆ្នាំនេះមក ដោយបង្កើតប្រាក់ចំណូលប្រហែល ៣៩១ពាន់លានបាត (ប្រហែល ១១,៣ពាន់លានដុល្លារ)។ រដ្ឋាភិបាលថៃរំពឹងថា ចំនួនភ្ញៀវទេសចរចិននឹងកើនដល់ ៧លាននាក់នៅឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោកស្រី Traisulee Taisaranakul អ្នកនាំពាក្យរងរបស់រដ្ឋាភិបាថៃត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍នៅចុងសប្តាហ៍មុនថា ភ្ញៀវទេសចរបរទេសចំនួន ៩,៤៧លាននាក់បានមកទស្សនាប្រទេសថៃចាប់ពីខែមករាដល់ថ្ងៃទី ១៥ខែឧសភា ភាគច្រើនមកពីអាស៊ីបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
រដ្ឋាភិបាលថៃបានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធនានាបង្កើនការគាំទ្រដល់ភ្ញៀវទេសចរដែលចូលមកទស្សនាប្រទេសថៃ ជាពិសេសភ្ញៀវចិនដើម្បីជំរុញកំណើនវិស័យទេសចរណ៍។
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រទេសថៃរំពឹងថានឹងមានភ្ញៀវទេសចរចិនជាង ៥,៣លាននាក់មកទស្សនាប្រទេសនេះ។ លោកស្រី Traisulee បានបន្ថែមថា តួលេខនេះអាចកើនឡើងដល់ ៧លាននាក់ ប្រសិនបើមានការគាំទ្រពីលើកទឹកចិត្តផ្នែកទេសចរណ៍ផ្សេងទៀត។
វិទ្យុអាកាសចរណ៍ថៃ (Aerothai) ក៏បានឱ្យដឹងផងដែរថា មានជើងហោះហើរចំនួន ១២ ៨០៥ ជើងពីប្រទេសចិនទៅកាន់ប្រទេសថៃក្នុងអំឡុងពីខែតុលា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ ២០២៣ កើនឡើង ៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំនួនភ្ញៀវទេសចរចិនបានកើនឡើងបន្ទាប់ពីការប្រកាសរបស់ប្រទេសចិនកាលពីថ្ងៃទី៦ ខែកុម្ភៈថា ប្រទេសនេះនឹងអនុញ្ញាតឱ្យមានការធ្វើដំណើរអន្តរជាតិឡើងវិញតាមរយៈភ្នាក់ងារទេសចរណ៍។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕