ភ្នំពេញៈ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២៣ សម្រេចបានទឹកប្រាក់ជាង ១៦៤ លានដុល្លារ ធ្លាក់ចុះជិត ៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ខណៈការនាំទំនិញពីកម្ពុជាទៅអូស្ត្រាលី មានទឹកប្រាក់ជាង ១១៨ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២៣ មានទឹកប្រាក់សរុប ១៦៤,៤៦ លានដុល្លារ ធ្លាក់ចុះ ៨,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានចំនួន ១៨០,៣១ លានដុល្លារ។ ប្រទេសអូស្ត្រាលី គឺជាដៃគូពាណិជ្ជកម្មធំទី ១៧ របស់កម្ពុជា។
ក្នុងចំនួនទឹកប្រាក់ខាងលើ គឺការនាំទំនិញពីកម្ពុជាទៅអូស្ត្រាលី មានចំនួន ១១៨,៧៣ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ និងទំនិញនាំពីអូស្ត្រាលី មកកម្ពុជា មានចំនួន ៤៥,៧២ លានដុល្លារ ថយចុះ ១៥,២ ភាគរយ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ៧៣,០១ លានដុល្លារ។
តារាងស្ថិតិបានឱ្យដឹងទៀតថា សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងខែមេសា ឆ្នាំ២០២៣ គឺមានចំនួន ២៨,៦៤ លានដុល្លារ ធ្លាក់ចុះ ៤៦,៨៩ ភាគរយពីចំនួន ៥៣,៩៣ លានដុល្លារ កាលពីខែមេសា ឆ្នាំ២០២២។ ដោយឡែកទំហំពាណិជ្ជកម្ មក្នុងខែមេសា ធៀបនឹងខែមីនា ឆ្នាំ២០២៣ គឺធ្លាក់ចុះ ៤៣,៧៨ ភាគរយពីចំនួន ៥០,៩៤ លានដុល្លារ ដោយការនាំចេញរបស់កម្ពុជា មានចំនួន ៣៧,៣៥ លានដុល្លារ និងនាំចូល ១៣,៦ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ដែលទើបដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា (CCC) ទៅចូលរួមពិធីបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី កាលពីដើមខែឧសភា នេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែឧសភា ថា អូស្ត្រាលី គឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងមានតម្រូវការនាំចូលផលិតផលច្រើនពីកម្ពុជា ខណៈបច្ចុប្បន្នក៏មានវិនិយោគិន អូស្ត្រាលី មួយចំនួន កំពុងវិនិយោគនៅកម្ពុជា ផងដែរ។
លោកបន្តថា ដោយសារសម្លឹងឃើញពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំទំនិញពីកម្ពុជាទៅអូស្ត្រាលី និងការទាក់ទាញវិនិយោគិនអូស្ត្រាលី ឱ្យមកបណ្តាក់ទុនផ្ទាល់ នៅកម្ពុជា ឱ្យកាន់តែច្រើន កាលពីដើមខែឧសភានេះ រដ្ឋាភិបាលកម្ពុជា តាមរយៈសភាពាណិជ្ជកម្មកម្ពុជា ក៏ទើបបានបើកការិយាល័យចំនួន ២ កន្លែងនៅប្រទេសអូស្ត្រាលី។ ការិយាល័យតំណាងនេះ នឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កើឡើងខ្ពស់នាពេលខាងមុខឆាប់ៗនេះ។
លោកប្រាប់ទៀតថា សម្រាប់ការធ្លាក់ចុះទំហំទឹកប្រាក់ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នារយៈពេល ៤ ខែ ដើមឆ្នាំ២០២៣ នេះ គឺដោយសារតែឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ និងជម្លោះប្រដាប់អាវុធនៅប្រទេសអ៊ុយក្រែន។
លោកថ្លែងថា៖«តាមរយៈសកម្មភាពរបស់ការិយាល័យតំណាងទាំង ២ យើងមានរំពឹងខ្ពស់ថា ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចេញរបស់កម្ពុជានឹងមានសម្ទុះខ្លាំងបន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចពិភពលោកល្អប្រសើរឡើងវិញ»។
ផលិតផលសក្តានុពលដែលកម្ពុជានាំទៅអូស្ត្រាលី មានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម ចំណែកទំនិញដែលកម្ពុជានាំចូលមកវិញ រួមមាន ផលិតផលអេឡិចត្រូនិក ឱសថ និងយានយន្ត ជាដើម។ នេះបើតាមលោក លឹម ហេង។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា អូស្ត្រាលីជាប្រទេសអភិវឌ្ឍន៍ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ ហេតុនេះកម្ពុជាត្រូវខិតខំបង្កើនការផលិតទំនិញ ឱ្យបានច្រើន ដើម្បីនាំទៅលក់នៅទីផ្សារនោះ ខណៈប្រទេសទាំង ២ សុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ RCEP ។ ការធ្វើពិពិធកម្មផលិតកម្មថ្មីៗ គឺជារឿងចាំបាច់ដើម្បីចាប់យកអតិថិជនថ្មីៗ ឱ្យបានកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «យោងតាមកិច្ចព្រមព្រៀង RCEP ខ្ញុំហ៊ានអះអាងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានកំណើនបន្ថែមទៀត ព្រោះតាមរយៈកិច្ចព្រមព្រៀងនេះ នឹងជួយកាត់បន្ថយការបង់ពន្ធមួយចំនួន»។
ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អូស្ត្រាលី មានទឹកប្រាក់ ៥២៣,៦១ លានដុល្លារ កើន ៦០,៩ ភាគរយបើធៀបនឹងឆ្នាំ២០២១ ដែលមាន ៣២៥,៤៧ លានដុល្លារ។
ការនាំទំនិញពីកម្ពុជា ទៅ អូស្ត្រាលី មានចំនួន ៣៧៩,០៣ លានដុល្លារ កើន ៨៤,៦ ភាគរយ និងទំនិញនាំពីអូស្ត្រាលី មានចំនួន ១៤៤,៥៨ លានដុល្លារ កើនឡើង ២០,៣ ភាគរយ។ បើផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាពទៅលើអូស្ត្រាលី ប្រមាណ ២៣៤,៤៦ លានដុល្លារ៕