សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យយកចិត្តទុកដាក់ទៅលើស្ត្រី ឲ្យបន្តទទួលបានការបណ្ដុះបណ្ដាល ខណៈស្ត្រីបានដើរតួនាទីសំខាន់ទាំងសេដ្ឋកិច្ចក្នុងប្រ័ពន្ធ និងក្រៅប្រព័ន្ធ។
ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ទាំងក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺស្ត្រីបានដើរតួនាទីយ៉ាងសំខាន់។ ដូច្នេះហើយ ត្រូវផ្តោតការយកចិត្តទុកដាក់ ជំរុញឲ្យស្ត្រីបន្តទទួលបានការបណ្ដុះបណ្ដាល។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «ចឹងទេឥឡូវហ្នឹង យើងឃើញនៅក្នុងចំណោមសេដ្ឋកិច្ចទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ស្ត្រីបានដើរតួនាទីសំខាន់ណាស់ អញ្ចឹងយើងក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ ជំរុញបន្តទៀត លើកទឹកចិត្តឲ្យស្ត្រីទទួលបាននូវការបណ្ដុះបណ្ដាល»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រសិនបើស្ត្រីមិនទទួលបានការបណ្ដុះបណ្ដាលក្នុងប្រព័ន្ធទេនោះ ក៏ស្ត្រីត្រូវទទួលបានការបណ្ដុះបណ្ដាលក្រៅប្រព័ន្ធដែរ៕