កុមារកម្ពុជាជាង ១លានបីសែននាក់ទទួលបានការអប់រំចំណេះដឹង និងសុខភាពពីអង្គការទស្សនៈពិភពលោក
របាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីលទ្ធផលការងារបានបង្ហាញថា រយៈពេលពេញមួយឆ្នាំ អង្គការទស្សនៈពិភពលោក បានផ្តល់ផលវិជ្ជមានដល់ប្រជាជនចំនួនជាង ៤,៥ លាននាក់ ក្នុងនោះមានកុមារចំនួនជាង ១,៣ លាននាក់នៅខេត្តចំនួន ១៤ និងរាជធានីភ្នំពេញ ។ លទ្ធផលការងារនេះ កើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដៃគូ និងសហគមន៍ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើកុមារ យុវជន និងគ្រួសារងាយរងគ្រោះបំផុត ។
របាយការណ៍ប្រចាំឆ្នាំចេញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធីអាទិភាពចំនួនបី ផ្តោតការយកចិត្តទុកដាក់លើកុមារ រួមមាន កម្មវិធីអាហារូបត្ថម្ភ កម្មវិធីអប់រំ និងកម្មវិធីកិច្ចការពារ និងការចូលរួមរបស់កុមារ ។