(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយដែលផ្ទុយនឹងច្បាប់ ក្នុងចេតនារារាំងដល់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ការចេញមកអំពាវនាវរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីឃើញការចែកចាយនូវសារជារូបភាព និងវីដេអូរបស់បុគ្គលមួយចំនួនតាមបណ្ដាញសង្គម ដោយពួកគេបានឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឲ្យទៅបោះឆ្នោត ព្រោះតែគ្មានគណបក្សភ្លើងទៀនក្នុងបញ្ជីបោះឆ្នោត។
គ.ជ.ប សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា៖
*ទី១៖ ការដែល គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរ បញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន
គឺជាការអនុវត្តច្បាប់ ហើយសូមជ្រាបថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ដោយ គ.ជ.ប បានអនុវត្តដោយស្មើភាព និងគ្មានការរើសអើងចំពោះគ្រប់គណបក្សនយោបាយ។
*ទី២៖ យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖
- រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត
- ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត
- បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។
ជាងនេះទៀត យុទ្ធនាការនេះ គឺជាសកម្មភាពដែលប្រាសចាកទៅនឹងព្រះរាជសារអំពាវនាវឲ្យទៅបោះឆ្នោតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងខ្លឹមសារ «ខ្ញុំ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី»។
លើសពីនេះទៀត ចំណុចទី១ មាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប «គ.ជ.ប ចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវយុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោត ដោយសម្ងាត់»។ ទន្ទឹមនឹងនេះ គ.ជ.ប សូមអំពាវនាវដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយពីខ្លឹមសារនៃច្បាប់។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវកា ឆ្នាំ២០២២ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ពីព្រោះជាឱកាសតែមួយគត់ រៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំរបស់យើង និងជាប្រយោជន៍សម្រាប់អនាគតយើងផ្ទាល់។
គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ គ.ជ.ប សង្ឃឹម និងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្តតាមការអំពាវនាវនេះឲ្យមានប្រសិទ្ធភាព៕