ភ្នំពេញៈ ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ព្រមទាំងបុគ្គលិកបម្រើការជាង ២០០ នាក់ នៅមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមទាំង ៣ សាខា ទទូចសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ជួយអន្តរាគមន៍ ផ្តល់ការអនុញ្ញាតឱ្យបើកដំណើរការមន្ទីរពេទ្យទាំង ៣ នេះឡើងវិញ ដោយបានត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួន បន្ទាប់ពីបាត់បង់ការងារដោយគ្មានប្រាក់ផ្គត់ផ្គង់សម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ និងសងបំណុលធនាគារ។
ការត្អូញត្អែរពីទុក្ខលំបាក និងការស្នើសុំនេះបានធ្វើឡើងតាមរយៈសាររួមគ្នា ១ ដែលបានបង្ហោះជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនសេនធ័រ អហ្វ ហូប ហ្វនស៊ីប គ្លីនិក ឯ.ក នៅដើមខែមិថុនានេះ បន្ទាប់ពីមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម មន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាលមិត្តភាពពោធិ៍ចិនតុង ត្រូវបានក្រសួងសុខាភិបាលបិទកាលពីខែឧសភា។
ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនសេនធ័រ អហ្វ ហូប ហ្វនស៊ីបគ្លីនិក ឯ.ក បានអះអាងថា៖ «កូនចៅទាំងអស់គ្នាចំនួន ២៤៣ នាក់ ដែលជាក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ព្រមទាំងបុគ្គលិកបម្រើការក្នុងមន្ទីរសម្រាកព្យាបាលទាំង ៣ សាខា។ បច្ចុប្បន្ននេះ កូនចៅទាំងអស់មានទុក្ខលំបាកយ៉ាងខ្លាំងក្នុងការបាត់បង់ការងារដោយគ្មានប្រាក់ផ្គត់ផ្គង់សម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ និងសងបំណុលធនាគារ ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរបន្ថែមទៀត»។
ក្រៅពីបង្ហាញទុក្ខលំបាករបស់ខ្លួនក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ព្រមទាំងបុគ្គលិកបម្រើការទាំងនេះ ក៏បានស្នើសុំទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាឱ្យជួយអន្តរាគមន៍ដើម្បីបើកដំណើរការមន្ទីរសម្រាកព្យាបាលទាំង ៣ នេះឡើងវិញក្នុងការបន្តការងារប្រចាំថ្ងៃរបស់ខ្លួន និងអាចបន្តព្យាបាល និងពិនិត្យជំងឺអ្នកជំងឺឡើងវិញ។
ខ្លឹមសាររួមនោះបញ្ជាក់ថា៖ «យើងខ្ញុំជាកូនជាចៅ សូមអង្វរករដល់សម្តេចពុក មេត្តាសន្តោសប្រណីដល់កូនចៅដែលជាបុគ្គលិកទាំងអស់ ដើម្បីឱ្យមានការងារធ្វើបន្តទៀតដោយក្តីអនុគ្រោះ។ កូនចៅទាំងអស់គ្នា សង្ឃឹម និងជឿជាក់ថា សម្តេចពុក នឹងមិនបោះបង់កូនចៅដែលកំពុងជួបការលំបាកនេះឡើយ មានតែសម្តេចពុកទេដែលអាចជួយដល់កូនចៅទាំងអស់គ្នាបាន»។
បុគ្គលិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ មិថុនាថា ខ្លួនកំពុងតែអត់ការងារធ្វើ ប្រឈមនឹងការខ្វះខាតជីវភាពប្រចាំថ្ងៃ។ យ៉ាងណាបុគ្គលិករូបនេះ សុំមិននិយាយអ្វីច្រើនទេ ដោយគ្រាន់តែសង្ឃឹមថា ក្រសួងសុខាភិបាល នឹងផ្តល់ការងារឱ្យខ្លួនវិញតាមរយៈផ្តល់ការអនុញ្ញាតឱ្យបើកដំណើរការមន្ទីរពេទ្យទាំងនេះឡើងវិញ។
បុគ្គលិករូបនោះ បានបញ្ជាក់ថា៖ «ខ្ញុំអត់មានការអនុញ្ញាតពីថ្នាក់ដឹកនាំ ខ្ញុំមិនហ៊ានឆ្លើយទេ គ្រាន់តែពេលនេះ ពួកយើង អត់មានការងារធ្វើទេ។ ខ្ញុំសុំមិនអត្ថាធិប្បាយអ្វីទេ ព្រោះរឿងនេះ ទុកឱ្យចំណាត់ការរបស់រដ្ឋាភិបាល ឬក្រសួងលោកធ្វើការតាមនីតិវិធីរបស់លោកអ៊ីចឹងទៅ»។
កាលពីថ្ងៃទី ១២ ខែឧសភា មន្ទីរសម្រាកព្យាបាលទាំង ៣ ត្រូវបានក្រសួងសុខាភិបាលប្រកាសបិទក្នុងថ្ងៃតែ ១ ដោយសារតែពុំមានវេជ្ជបណ្ឌិតឈរឈ្មោះទទួលខុសត្រូវ និងមិនបានផ្ញើរបាយការណ៍ជូនក្រសួងតាមច្បាប់កំណត់។
បន្ទាប់ពីប្រកាសបិទ នៅថ្ងៃទី ១៣ ឧសភា ក្រសួងសុខាភិបាលក៏បានចេញលិខិតបំភ្លឺជាថ្មី ដើម្បីឆ្លើយតបទៅកាន់សាធារណជនកុំឱ្យមានការយល់ច្រឡំ ដោយអះអាងថា ការបិទមន្ទីរសម្រាកព្យាបាលនៅរាជធានីភ្នំពេញទាំង ៣ នេះ ក៏ព្រោះតែមន្ទីរសម្រាកព្យាបាលទាំងនោះមិនគោរពតាមច្បាប់ទម្លាប់។
នៅថ្ងៃទី ៥ មិថុនា ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីឆ្លើយតបជុំវិញបញ្ហានេះបានទេ។
យោងតាមលិខិតរបស់ក្រុមហ៊ុនសេនធ័រ អហ្វ ហូប ហ្វនស៊ីប គ្លីនិក ឯ.ក ចុះថ្ងៃទី ២២ ខែឧសភា ឱ្យដឹងថា មន្ទីរសម្រាកព្យាបាលទាំង ៣ សាខា គឺបានដំណើរការស្របច្បាប់ កាលពីឆ្នាំ ២០២១ និងបានជួយព្យាបាលអ្នកជំងឺចំនួនជាង ៨៩ ៦២៨ នាក់ ក្នុង ១ ឆ្នាំៗ ដើម្បីទទួលបានការថែទាំសុខភាពដែលមានគុណភាពល្អ និងតម្លៃសមរម្យ។
ក្រុមហ៊ុននេះអះអាងថា សាខារបស់ខ្លួនទាំង ៣ ក៏បានជួយដល់អ្នកជំងឺក្រីក្រដែលតែងតែមកទទួលសេវានៅទីនេះ ដោយការទទួលបានការបញ្ចុះតម្លៃ ខណៈបង្ហាញក្តីបារម្ភថា អ្នកជំងឺមួយចំនួន នឹងមិនអាចទៅទទួលការព្យាបាលនៅកន្លែងផ្សេងបានទេ ព្រោះពួកគាត់គ្មានថវិកាគ្រប់គ្រាន់៕