ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្តែងការអបអរសាទរ ចំពោះឧត្ដមសេនីយ៍ទោ កែ ឡេង ដែលបានវះកាត់ជំងឺឈាមកកក្នុងខួរក្បាល នៅមន្ទីរពេទ្យព្រះកេតុមាលា ប្រកបដោយជោគជ័យ។
តាមរយៈសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ, សម្តេចពិជ័យសេនា បានសរសេរថា "សូមអបអរសាទរ និងសូមជូនពរចំពោះឧត្ដមសេនីយ៍ទោ កែ ឡេង ដែលបានវះកាត់ជំងឺឈាមកកក្នុងខួរក្បាល នៅមន្ទីរពេទ្យព្រះកេតុមាលាប្រកបដោយជោគជ័យ"។
សម្តេច ទៀ បាញ់ បន្ថែមថា ឧត្ដមសេនីយ៍ទោ កែ ឡេង គឺជាវីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា០១រូប ដណ្តើមបានមេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា នៅលើវិញ្ញាសាវាយពិន្ទុ កាលពីឆ្នាំ២០១៣-២០១៥-២០១៧-២០១៩ ដែលជាកំណត់ត្រាពិភពលោក មិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ ធ្វើបានឡើយ។
ជាមួយគ្នានោះ សម្តេចពិជ័យសេនា ក៏បានអរគុណចំពោះក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលា ដែលជួយសង្គ្រោះឧត្ដមសេនីយ៍ទោ កែ ឡេង ឱ្យរួចផុតពីការគ្រោះថ្នាក់៕