ប្រទេសបង់ក្លាដែស ដែលបិទជាប់គាំងលុយប្រាក់ បានបិទរោងចក្រថាមពលដ៏ធំបំផុតរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយសារតែខ្លួនមិនអាចមានលទ្ធភាពទិញធ្យូងថ្មសម្រាប់ដុតវាបាន ខណៈ រលកកម្តៅយ៉ោងក្តៅគគុក នាំឱ្យតម្រូវការអគ្គិសនី កើនឡើង។អ្នកគ្រប់គ្រង Shah Abdul Mawla បានប្រាប់សារព័ត៌មាន AFPថា រោងចក្រថាមពល Payra ដែលគ្រប់គ្រងដោយរដ្ឋាភិបាលទំហំ ១ ៣២០ មេហ្គាវ៉ាត់នៅភាគខាងត្បូងប្រទេសបង់ក្លាដែសបានកាត់បន្ថយផលិតកម្មរួចហើយកាលពីខែមុន ដោយសារតែការខ្វះខាតប្រេងឥន្ធនៈ ប៉ុន្តែវាត្រូវបានបង្ខំឱ្យបន្តមួយជំហាន ទៀតកាលពីថ្ងៃចន្ទ។
លោក Mawlaបាននិយាយថា៖«ដោយសារតែកង្វះធ្យូងថ្ម រោងចក្រនេះ បានបិទទាំងស្រុងនៅម៉ោង ១២:១៥ នាទីយប់ថ្ងៃនេះ» ដោយបន្ថែមថា គាត់សង្ឃឹមថាផលិតកម្មអាចត្រូវបានស្ដារឡើងវិញក្នុងរយៈពេល៣សប្តាហ៍នៅពេលដែលការដឹកជញ្ជូនធ្យូងថ្មមកដល់។
ប្រទេសបង់ក្លាដែស កំពុងតស៊ូប្រឆាំងនឹងរូបិយប័ណ្ណដែលកំពុងធ្លាក់ចុះ ដោយទុនបំរុងប្តូរប្រាក់បរទេសធ្លាក់ចុះពី ៤៦ ពាន់លានដុល្លារក្នុងខែមករាឆ្នាំមុនដល់ ៣០ ពាន់លានដុល្លារ នៅចុងខែមេសាឆ្នាំនេះ។
អត្រាអតិផរណាផ្លូវការគឺប្រហែល ៩,៩ ភាគរយ ប៉ុន្តែអ្នកសេដ្ឋកិច្ចឯករាជ្យនិយាយថា តួលេខពិតប្រាកដ គឺខ្ពស់ជាងច្រើន។
ប្រទេសនេះ បានប្រឈមមុខនឹងការដាច់ភ្លើងទូទាំងប្រទេសរហូតដល់ ៥ម៉ោងក្នុង១ ថ្ងៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរលកកម្តៅ បានបោកបក់ពាសពេញប្រទេស ដែលបង្កើតឱ្យតម្រូវការថាមពលកើនឡើង។
ប្រទេសបង់ក្លាដែសបានកត់ត្រាសីតុណ្ហភាព ៤១,១ អង្សាសេ កាលពីថ្ងៃចន្ទ ដោយរដ្ឋាភិបាលបានបិទសាលាបឋមសិក្សា រហូតដល់ថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្តៅ។
អ្នកនាំពាក្យក្រុមហ៊ុន Power Grid នៃប្រទេសបង់ក្លាដែស លោក ABM Badruddoza Khan បាននិយាយថា ប្រទេសនេះបានជួបប្រទះការខ្វះខាតអគ្គិសនីចំនួន ២៥០០ មេហ្គាវ៉ាត់នៅក្នុងបណ្តាញជាតិ បើប្រៀបធៀបទៅនឹង ២២០០ មេហ្គាវ៉ាត់កាលពី១ ថ្ងៃមុន ជាមួយនឹងតម្រូវការប្រចាំថ្ងៃប្រហែល ១៦ ០០០ មេហ្គាវ៉ាត់។
លោក រដ្ឋមន្ត្រីក្រសួងថាមពល Nasrul Hamid បាននិយាយថា លោកសង្ឃឹមថា នឹងធ្វើឱ្យស្ថានការណ៍នេះមានលក្ខណៈធម្មតាឡើងវិញក្នុងរយៈពេលពី ១០ ទៅ ១៥ ថ្ងៃ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «យើងមិនអាចផ្តល់ធ្យូងថ្ម ឧស្ម័ន និងឥន្ធនៈគ្រប់គ្រាន់បានទេ» ដោយបន្ទោសលើកត្តាសេដ្ឋកិច្ចក្នុងនោះមានការធានាលិខិតឥណទាន»។
ប្រាក់តាការបស់បង់ក្លាដែសបានធ្លាក់ចុះប្រហែល ២៥ ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលជំរុញឱ្យតម្លៃនៃការនាំចូលប្រេងឥន្ធនៈ និងឧបករណ៍ប្រើប្រាស់ថាមពលកើនឡើង។
កាលពីខែកុម្ភៈកន្លងទៅ មូលនិធិរូបិយវត្ថុអន្តរជាតិ បានចុះហត្ថលេខាលើកញ្ចប់ជំនួយចំនួន ៤,៧ ពាន់លានដុល្លារ សម្រាប់ប្រទេសបង់ក្លាដែស៕