Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន ស្នើរស​ឱ្យ​មន្ត្រី​ចាត់វិធានការ​បញ្ឈប់​ស​កម្ម​ភាព​កាប់​ព្រៃ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​រដូវ​បោះឆុ

Media LNN | Jun 07, 2023
សម្តេចតេជោ ហ៊ុន សែន ស្នើរស​ឱ្យ​មន្ត្រី​ចាត់វិធានការ​បញ្ឈប់​ស​កម្ម​ភាព​កាប់​ព្រៃ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​រដូវ​បោះឆុ
Clinic narith

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចាត់វិធានការ និង​បញ្ឈប់ជាបន្ទាន់​នូវ​សកម្មភាព​ការកាប់​ទន្ទ្រានព្រៃ និង​ការរំលោភ​យក​ដី​រដ្ឋ​ដែល​សកម្មភាព​ទាំងនេះ​តែងតែ​កើតមានឡើង​នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត​។​

​លោក​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​ចៅក្រម សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញា​សាលា សិស្ស​សារការី នា​ព្រឹក​ថ្ងៃទី​ ៦ ខែមិថុនា ឆ្នាំ​ ២០២៣​។​

​លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សូម​ផ្តាំ​ទៅតាម​បណ្តា​ខេត្ត ឱ្យតែ​រដូវ​បោះឆ្នោត​មកដល់​គឺ​ការ​​ទន្ទ្រាន​ដី​រដ្ឋ ការចាប់យក​ដី​គេ​ឯង​គឺ​តែង​កើតមានឡើង​ហើយ​។ ឥឡូវនេះ កាប់​ច្រើន​នៅ​ខេត្តពោធិ៍សាត់ តាម​ដែល​ខ្ញុំ​ដឹង ហើយ​មាន​ខេត្ត​មួយចំនួន​បាន​ជូន​ព័ត៌មាន​មក​ថា មាន​ក្រុម​កាប់​ដី​តែម្តង ហើយ​កាលណា​យើង​ទៅធ្វើ​សកម្មភាព គឺ​គេ​នឹង​ថត​យកទៅ​បំផ្លាញ​យើង​នៅពេល​ឃោសនាបោះឆ្នោត​»​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​បញ្ជា​ឱ្យ​បញ្ឈប់​សកម្ម​ភាពជា​បន្ទាន់ អ្នកណា​ក៏ដោយ ទោះបីជា​ក្រ​ក៏ដោយ​មាន​ក៏ដោយ នេះ​ជា​ដី​របស់​រដ្ឋ ព្រៃឈើ​របស់​ជាតិ មិនអាច​ទៅធ្វើ​អី​ផ្តេ​ស​​ផ្តាស​ទេ​។ រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ចាំ​បាច់​ដើម្បី​ការពារ​សណ្តាប់ធ្នាប់ ការពារ​ធនធានធម្មជាតិ និង​ព្រៃឈើ​របស់​យើង​»​។​

​លោក​ថ្លែង​ផងដែរ​ថា នៅពេល​ដែលមាន​ករណី​បង្ក្រាប​ទៅលើ​ការទន្ទ្រាន​ព្រៃឈើ និង​ការរំលោភ​យក​ដី​រដ្ឋ​នេះ គឺ​តែងតែ​មានការ​​ចោទ​មកលើ​គណបក្ស​ប្រជាជន​ថា គណ​បក្ស​គ្រប់គ្រង​អ​យុ​តិ្ត​ធម៌​។

 

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុម​ហ្នឹង យើង​ដឹងថា​អ្នកណា​នៅ​ពីក្រោយ ប៉ុន្តែ​ពេលខ្លះ​អ្នកមានអំណាច​របស់​យើង​មួយចំនួន ក៏​ទៅធ្វើ​រឿង​ហ្នឹង​ដែរ អ្នកមាន​លុយ​របស់​យើង​មួយចំនួន​ក៏​ទៅ​ជួល​មនុស្ស​ឱ្យទៅ​កាប់​ដែរ រួចហើយ​យកលុយ​ទៅ ថ្ងៃក្រោយ​យកឈ្មោះ​ប្រជាជន​ទៅ​ពាំង ដល់ពេល​រដ្ឋ​ធ្វើ​សម្បទាន​ឱ្យ​ដី​នោះ មានបាន​ទៅ​ប្រជាជន​ឯណា វា​បាន​ទៅ​អ្នកមាន​លុយ​»​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «(​អ៊ី​)​ចឹ​ង​ទេ កុំឱ្យ​កើតមាន ហើយ​មន្ត្រី​នានា បើសិន​ជាមាន​ការពាក់​ព័ន្ធ​នឹង​រឿងនេះ សុំ​កុំ​បន្ទោស ​ហ៊ុន សែន យើង​មិនអាច​ទុកឱ្យ​នៅក្នុង​ក្រប​​ខ័​ណ្ឌ​រដ្ឋ ឬ​ក្របខ័ណ្ឌ​នគរបាល យោធា ឬ​ក្របខ័ណ្ឌ​ណាមួយ​ដែល​ស៊ីប្រាក់ខែ​រដ្ឋ​បានទេ រាប់ទាំង​មន្ត្រី​តុលាការ​ដែលជា​មន្ត្រី​ខូច​ផងដែរ​»​។​

​កាលពី​យប់​ថ្ងៃទី​ ៥ ខែមិថុនា លោក​ហ៊ុន សែន ក៏បាន​ចេញ​សារ​សំឡេង​ពិសេស​មួយ​ផងដែរ ដោយ​លោក​បានដាក់​បទបញ្ជា​ដល់​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវអនុវត្ត​ធ្វើ​កិច្ច​ការងារ​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ករណី​ការទន្ទ្រាន​ដី​រដ្ឋ​នេះ ប៉ុន្តែ​មិនត្រូវ​ប្រើប្រាស់​អាវុធ​ដែល​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នកណា​ម្នា​ក់ឡើ​យ​។​

​លោកថ្លែងថា​៖ «​មិនត្រូវ​ថ្នាក់ថ្នម​ក្រុម​ជន​ខិលខូច​ដើម្បី​ការពារ​សន្លឹកឆ្នោត​ទេ តែ​ត្រូវការពារ​ធនធានធម្មជាតិ ការពារ​សណ្ដាប់​​ធ្នាប់​សង្គម​ជា​ចាំបាច់​។ រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រូវការ​សន្លឹកឆ្នោត​ពី​ក្រុមមនុស្ស​ខិលខូច​ដែល​បំផ្លាញ​ធនធានធម្មជាតិ បំផ្លាញ​សម្បត្តិ​ជាតិ រំលោភ​យក​ដី​រដ្ឋ ឬ​ដី​អ្នកដទៃ​ឡើយ​»​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា​៖ «​អ្នក​ដែល​គិតថា​អាច​ឆ្លៀតឱកាស​ពេល​រវល់​បោះឆ្នោត​ដើម្បី​លួច​ប្រព្រឹត្ត​បទ​ល្មើ​ព្រៃឈើ ឬ​ទន្ទ្រាន​ដីព្រៃ រួមទាំង​អ្នក​នៅ​ពីក្រោយ​ផងដែរ នឹង​ប្រឈមមុខ​នឹង​ការ​ទទួលទោស​តាមច្បាប់​»​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏បាន​ប្រាប់​យ៉ាងខ្លី នៅ​ថ្ងៃទី ​៦ ខែមិថុនា​ដែរ​ថា លោក​មិនមាន​អ្វីដែល​ត្រូវ​អត្ថាធិប្បាយ​បន្ថែម​ទេ គឺ​មានតែ​អនុវត្តតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​។​

​អភិបាលរង និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋ​បាល​ខេត្តពោធិ៍សាត់​លោក ហៀ​ម ឃួន បានឱ្យដឹង​នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា នៅ​ថ្ងៃទី​ ៥ ខែមិថុនា រដ្ឋបាលខេត្ត​បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​រៀបចំ​ផែនការ​ក្នុង​ការចុះទៅ​ទប់ស្កាត់​ការកាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ទីតាំង​មួយចំនួន​ពី​សំណាក់​ជនខិលខូច តែ​រដ្ឋ​​បាល​ខេត្ត​មិនទាន់​បានកំណត់​អត្តសញ្ញាណ​ជនល្មើស​ឱ្យ​ច្បាស់​នៅឡើយ​ទេ​។​

​លោក ហៀ​ម ឃួន បាន​បញ្ជាក់ថា​៖ «​យើង​មិនទាន់​អាច​កំណត់​បានទេ ព្រោះ​យើង​មិនទាន់បាន​ចុះទៅ​ដល់ទី​តាំងតែ​យើង​នឹង​ចុះទៅ​ឆាប់ៗ​នេះហើយ ព្រោះ​តាម​ប្រ​​សាសន៍​ឯកឧត្តម​អភិបាលខេត្ត គឺ​យើង​នឹង​ចាត់វិធានការ​ឆាប់ៗ​នេះ មិន​ទុក​យូរ​ទេ​។ ម្យ៉ាងទៀត កន្លងមក​យើង​ក៏បាន​ធ្វើការ​អប់រំ​ណែនាំ​ជាច្រើន​ដង​មកហើយ​ដែរ​»​។

​លោក ហៀ​ម ឃួន ថ្លែងថា ជនល្មើស ឬ​ជនខិលខូច ដែល​កាប់​ព្រៃឈើ​ទន្ទ្រាន​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ខេត្តពោធិ៍សាត់​ភាគច្រើន មិនមែនជា​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នោះទេ តែ​ជា​ជន​ចំណូលស្រុក​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដោយមាន​មេខ្យល់​របស់​ពួកគេ​។​

​ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) លោក​ហេង គឹមហុង បាន​ថ្លែង​ដោយ​ស្វាគមន៍ ចំពោះ​ការដាក់​បទបញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី លើ​ចំណាត់ការ​ក្នុងការ​ទប់ស្កាត់​ការ​កាប់​ព្រៃឈើ ដើម្បី​ទន្ទ្រាន​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែលជា​ទ្រព្យសម្បត្តិ​ជាតិ ពី​សំណាក់​ជនខិលខូច ដែល​ឆ្លៀតឱកាស​មុនពេល​បោះឆ្នោត​នេះ​។

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ខ្ញុំ​ជា អង្គការ​សង្គម​ស៊ីវិល ខ្ញុំ​ស្នើសុំ​ថា គួរតែ​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ទៅតាម​គោលនយោបាយ​របស់​កម្ពុ​ជា​ដែលមាន​ជាធរ​មាន និង​វិធានការ​ផ្សេងៗ​ដែល​ត្រូវបាន​អនុម័ត​តាំងពី​ឆ្នាំ​ ២០០២ រហូតមក ហើយ​បើ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​មិន​យកចិត្តទុកដាក់​លើ​រឿងនេះ​ទេ នោះ នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ការ​គ្រប់គ្រង​នីតិរដ្ឋ​នៅ​កម្ពុជា​»៕