រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងព្រៃឈើរបស់ប្រទេសឥណ្ឌូនេស៊ី លោកស្រី Siti Nurbaya Bakar បាននិយាយកាលពីថ្ងៃចន្ទ ទី ៥ ខែមិថុនាថា ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមដាក់បម្រាមលើការប្រើប្រាស់ផលិតផលប្លាស្ទិកដែលអាចប្រើបានតែម្ដងនៅចុងឆ្នាំ ២០២៩។
តាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដល់ពេលនោះ ក្រុមហ៊ុនផលិតផ្សេងៗ ក៏ត្រូវមានកាតព្វកិច្ចកាត់បន្ថយការវេចខ្ចប់ដោយប្រើប្លាស្ទិកចំនួន ៣០ ភាគរយផងដែរ។
លោកស្រី Siti Nurbaya បាននិយាយថា ការហាមឃាត់ នឹងរួមបញ្ចូលទាំងថង់ប្លាស្ទិកដែលប្រើតែបានតែម្ដង បំពង់បឺតប្លាស្ទិក និងសម្ភារកាត់នំខេកប្លាស្ទិកជាដើម ខណៈដែលការប្រើប្រាស់ប្រអប់បាយជ័រ ដើម្បីវេចខ្ចប់អាហារ ក៏នឹងត្រូវហាមឃាត់ផងដែរ។
លោកស្រីបន្តថា៖«នេះជាវិធីដោះស្រាយកាកសំណល់វេចខ្ចប់ដែលពិបាកប្រមូលពិបាកកែច្នៃឡើងវិញ និងបំពុលបរិស្ថានខ្លាំង»។
គួររំឭកថា ការសិក្សា និងរបាយការណ៍ជាច្រើន បានចាត់ឥណ្ឌូនេស៊ីថា ជាប្រទេសមួយក្នុងចំណោមប្រទេសផលិតកាកសំណល់ប្លាស្ទិកកំពូលលើពិភពលោក។ នេះបើតាម CNA។ យោងតាមទិន្នន័យពីក្រសួងបរិស្ថានឥណ្ឌូនេស៊ី ប្រទេសនេះ បានផលិតកាកសំណល់ប្លាស្ទិកចំនួន ១២,៦ លានតោនកាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ ការសិក្សាមួយពីក្រុមបរិស្ថានZero Waste Indonesia Alliance បានបង្ហាញថា មានតែ ៩ភាគរយនៃសំណល់ប្លាស្ទិកនៅឥណ្ឌូនេស៊ីប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ ខណៈ៩១ ភាគរយផ្សេងទៀតស្ថិតនៅក្នុងកន្លែងចាក់សំរាម ឬបំពុលទន្លេ និងមហាសមុទ្រ។
ជាមួយនឹងផែនការនេះផងដែរ លោក Siti Nurbaya បាននិយាយថា ខេត្តនានាក្នុងប្រទេសឥណ្ឌូនេស៊ី នឹងទទួលបានការណែនាំឱ្យផលិតផែនទីបង្ហាញផ្លូវ ស្ដីពីការកាត់បន្ថយកាកសំណល់ប្លាស្ទិក ដើម្បីគាំទ្រដល់ការហាមឃាត់។
កាលពីខែកក្កដា ឆ្នាំ ២០១៩ កោះបាលី បានក្លាយជាខេត្តដំបូងបង្អស់របស់ឥណ្ឌូនេស៊ី ដែលដាក់បម្រាមលើការប្រើប្រាស់ថង់ប្លាស្ទិកបំពង់បឺត និងប្រអប់ដាក់បាយជ័រ ដែលអាចប្រើប្រាស់បានតែម្ដង។ទន្ទឹមនឹងនេះ រដ្ឋធានីហ្សាការ តាក៏បានចេញបម្រាមលើការប្រើប្រាស់ថង់ប្លាស្ទិកប្រើតែម្ដងក្នុងខែកក្កដា ឆ្នាំ ២០២០ប៉ុន្តែនៅតែអនុញ្ញាតឱ្យប្រើបំពង់បឺត សម្ភារកាត់នំខេត និងប្រអប់ដាក់បាយជ័រ។
គួរគូសបញ្ជាក់ថា ឥណ្ឌូនេស៊ី មិនមែនជាប្រទេសតែមួយនៅអាស៊ីអាគ្នេយ៍ ដែលរំពឹងថានឹងបញ្ចប់ការពឹងផ្អែកលើផលិតផលប្លាស្ទិក ដែលអាចប្រើបានតែម្ដងនោះទេ។ ក្នុងឆ្នាំ ២០១៨ ម៉ាឡេស៊ី បានកំណត់ផែនទីបង្ហាញផ្លូវដ៏មានមហិច្ឆតាមួយ ដើម្បីលុបបំបាត់ប្លាស្ទិកប្រើបានតែម្ដងនៅឆ្នាំ ២០៣០។
ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងប្រែប្រួលអាកាសធាតុម៉ាឡេស៊ី លោក Nik Nazmi Nik Ahmad បាននិយាយកាលពីខែមុនថាម៉ាឡេស៊ីមានគោលបំណងហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ការលក់រាយក្នុងគ្រប់វិស័យអាជីវកម្មទូទាំងប្រទេសនៅឆ្នាំ ២០២៥៕