Alynana Media Cambodia
Icon Collap
clinic narit

មនុស្សជាង១០០លាននាក់នៅសហរដ្ឋអាម៉េរិក ប៉ះទង្គិចនឹងចំហេះខ្យល់អាក្រក់ភ្លើងឆេះព្រៃនៅកាណាដា

Media LNN | Jun 08, 2023
មនុស្សជាង១០០លាននាក់នៅសហរដ្ឋអាម៉េរិក ប៉ះទង្គិចនឹងចំហេះខ្យល់អាក្រក់ភ្លើងឆេះព្រៃនៅកាណាដា
Clinic narith

មនុស្សជាង១០០លាននាក់ ត្រូវបានប្រកាសអាសន្នសម្រាប់គុណភាពខ្យល់មិនល្អ នៅក្នុងទីក្រុងសំខាន់ៗរបស់សហរដ្ឋអាម៉េរិក នៅពេលដែលមេឃពោរពេញដោយចំហេះផ្សែងពីភ្លើងឆេះព្រៃរាប់សិបកន្លែង នៅក្នុងប្រទេសកាណាដា...។ការជូនដំណឹងអំពីគុណភាពខ្យល់ បានបង្ហាញឱ្យដឹងនៅថ្ងៃពុធទី៧ ខែមិថុនា ខណៈដែលមនុស្សរាប់លាននាក់ពីតំបន់ Great Lakes ទៅកាន់ទីក្រុងញូវយ៉ក (New York) និងវ៉ាស៊ីនតោន ជាមួយនឹងការកើនឡើងនៃផ្សែងដែលផ្លាស់ទីទៅភាគខាងត្បូងកាន់តែឆ្ងាយ។ ទីក្រុងញូវយ៉ក បានលុបចោលសកម្មភាពនៅសាលារៀនទាំងអស់កាលពីថ្ងៃពុធ។ មនុស្សរាប់លាននាក់ នៅអាម៉េរិកខាងជើង ត្រូវបានណែនាំឱ្យពាក់ម៉ាស់ N៩៥ នៅតាមទីសាធារណៈ ដោយសារតែកម្រិតគុណភាពខ្យល់មិនល្អ ដែលបង្កឡើងដោយភ្លើងឆេះព្រៃដ៏ធំនៅប្រទេសកាណាដា។ ជាមួយគ្នានោះ ប្រទេសកាណាដា ក៏បានជំរុញឱ្យប្រជាជនពាក់ម៉ាស ប្រសិនបើពួកគេមិនអាចនៅក្នុងផ្ទះ ខណៈទីក្រុងញូវយ៉ក ចាប់ផ្តើមចែកចាយម៉ាសដោយឥតគិតថ្លៃនៅថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនានេះ។ ក្រុមមន្ត្រីបានព្រមានថា ស្ថានភាពផ្សែងដ៏គ្រោះថ្នាក់ ត្រូវបានគេរំពឹងថា នឹងបន្តកើតមានដល់ចុងសប្តាហ៍។ ផ្សែង​ភាគ​ច្រើន​ចេញ​មក​ពីខេត្ត កេប៊ិច (Quebec) ជា​កន្លែង​ដែល​ភ្លើងកំពុង​ឆេះ។ អ្នកស្រុកច្រើនជាង១៥០០០នាក់ នឹងត្រូវបង្ខំឱ្យជម្លៀសខ្លួនចេញពីក្នុងខេត្តនេះ។ វាជារដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងកំណត់ត្រារបស់ខេត្តនេះផងដែរ។អភិបាលក្រុងញូវយ៉ក លោកស្រី កាធី ហូជុល Kathy Hochul បានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងញូវយ៉កនឹងចែកចាយម៉ាសចំនួនមួយលានដល់ប្រជាជនរដ្ឋនៅថ្ងៃព្រហស្បតិ៍។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «នេះគឺជាស្ថានភាពបណ្តោះអាសន្ន។ នេះមិនមែនជាជំងឺកូវីដ-១៩ នោះទេ»។ អភិបាលក្រុងរូបនេះបានបន្ថែមថា ឡានក្រុង និងរថភ្លើងក្នុងទីក្រុងញូវយ៉ក មានប្រព័ន្ធបន្សុទ្ធខ្យល់ដែលមានគុណភាពខ្ពស់ ដែលធ្វើឱ្យពួកគេមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ក្រសួងបរិស្ថានកាណាដា បានបញ្ជាក់ថា ស្ថានភាពកាន់តែអាក្រក់ទៅៗនៅទីក្រុងតូរ៉ុនតូ ដោយសារផ្សែងកាន់តែច្រើនបានហុយចូល។ នៅក្នុងព្រឹត្តិបត្រអាកាសធាតុពិសេសមួយ កាលពីថ្ងៃពុធ ទីភ្នាក់ងារនេះបានណែនាំថា នរណាម្នាក់នៅខាងក្រៅត្រូវពាក់ម៉ាស់។ សេចក្តីថ្លែងការណ៍របស់ក្រសួង បានរៀបរាប់ថា៖ «ភាគល្អិតមិនល្អទាំងនេះ ជាទូទៅបង្កហានិភ័យខ្ពស់បំផុតដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ដកដង្ហើមមិនកាត់បន្ថយការប៉ះពាល់នឹងឧស្ម័ននៅក្នុងផ្សែងភ្លើងឆេះព្រៃនោះទេ»ទន្ទឹមនឹងនេះ ទីភ្នាក់ងារការពារបរិស្ថានអាម៉េរិក (EPA) បានចាត់ថ្នាក់គុណភាពខ្យល់នៅភាគឦសានភាគច្រើនថា មិនល្អ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាផ្លូវដង្ហើម។ សរុបមក មនុស្សរាប់លាននាក់នៅជុំវិញតំបន់អាម៉េរិកខាងជើង ត្រូវបានគេគិតថាស្ថិតនៅក្រោមទម្រង់នៃការព្រមានអំពីគុណភាពខ្យល់។ នៅ​ទីក្រុង​ញូវយ៉ក អ័ព្ទ​ពណ៌​ទឹកក្រូច​បាន​គ្រប​ដណ្តប់​លើ​ផ្ទៃ​មេឃ​របស់​ទីក្រុង និង​គ្រប​ដណ្ដប់​កន្លែង​សម្គាល់​នានា រួម​ទាំង​រូបសំណាក​សេរីភាព​ផង​ដែរ។ ជើងហោះហើរនៅអាកាសយានដ្ឋានធំៗនៅទីក្រុងញូវយ៉កត្រូវបានពន្យារពេល ដោយសារផ្សែងចេញពីភ្លើងឆេះព្រៃជាបន្តបន្ទាប់នៅក្នុងប្រទេសកាណាដា ដែលបណ្តាញឱ្យភាពមើលឃើញមានកម្រិត។ ការពន្យារពេលជើងហោះហើរប្រហែល ៨០០ នៅអាកាសយានដ្ឋានទីក្រុងញូវយ៉កត្រូវបានរាយការណ៍ នេះបើយោងតាមគេហទំព័រតាមដានការហោះហើរ Flight Aware ។ជុំវិញបញ្ហាភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់នេះ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង អូតាវ៉ា ថា៖ «ខ្ញុំចង់គូសបញ្ជាក់ថា ប្រជាជនត្រូវបន្តស្តាប់អាជ្ញាធរមូលដ្ឋានអំពីរបៀបរក្សាសុវត្ថិភាព ជាពិសេសទីក្រុងអូតាវ៉ាដែលរងផលប៉ះពាល់ដោយផ្សែងពីភ្លើងឆេះព្រៃ»។ ជាមួយគ្នានេះផងដែរ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (Joe Biden) បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតទ័រថា អ្នកពន្លត់អគ្គិភ័យអាម៉េរិកជាង៦០០នាក់ និងបុគ្គលិកផ្សេងទៀត រួមជាមួយនឹងឧបករណ៍ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសកាណាដា ដើម្បីជួយពន្លត់ភ្លើង។ ភ្លើងបានឆាបឆេះផ្ទៃដីជាង ៣,៨ លានហិចតារួចមកហើយ៕